ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។

រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។

យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ ការនិយាយរបស់គាត់ត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយអាចនិយាយបានតែ ២ ឬ ៣ ពាក្យប៉ុណ្ណោះ រហូតធ្វើឱ្យគាត់ស្ទើរតែអស់សង្ឃឹម និងចង់បោះបង់ការព្យាបាល។ យោងតាម Dahe News នៅខែសីហា ឆ្នាំនេះគ្រួសាររបស់គាត់បានបញ្ជូនគាត់ទៅព្យាបាលនៅខេត្ត Guangdong។ គ្រូពេទ្យបានពិនិត្យយ៉ាងល្អិតល្អន់ និងបញ្ជាក់អំពីការឆ្លងមេរោគព្រូននេះឡើងវិញរួចបានសម្រេចចិត្តធ្វើការវះកាត់ពិសេសមួយ ដោយដាស់អ្នកជំងឺឱ្យភ្ញាក់ដឹងខ្លួនក្នុងអំឡុងពេលវះកាត់ (Awake craniotomy)។ វិធីសាស្ត្រនេះអនុញ្ញាតឱ្យក្រុមគ្រូពេទ្យអាចប្រាស្រ័យទាក់ទង និងតាមដានស្ថានភាពប្រព័ន្ធប្រសាទរបស់អ្នកជំងឺភ្លាមៗក្នុងពេលវះកាត់ រហូតទទួលបានជោគជ័យក្នុងការចាប់យកព្រូនរស់ដែលមានប្រវែងដល់ទៅ ៥ សង់ទីម៉ែត្រចេញពីខួរក្បាល។ បន្ទាប់ពីការវះកាត់កម្លាំងដៃជើងរបស់អ្នកស្រី Luo Fang បានវិលត្រលប់មកប្រសើរវិញហើយគាត់ក៏អាចញ៉ាំអាហារដោយខ្លួនឯងបាន។

តាមការស្រាវជ្រាវពីប្រភពដើមនៃការឆ្លង គ្រូពេទ្យបានរកឃើញថាអ្នកស្រី Luo Fang តែងតែចុះធ្វើស្រែចំការ ហើយនៅពេលស្រេកទឹកគាត់តែងតែផឹកទឹកអូរដោយផ្ទាល់។ លើសពីនេះសូម្បីទឹកមានប្រភពមកលើភ្នំដែលតភ្ជាប់ចូលផ្ទះរបស់គាត់ក៏មិនបានចម្រោះឱ្យបានត្រឹមត្រូវហើយគាត់ថែមទាំងផឹកទាំងឆៅទៀតផង។ ទើបតែក្នុងឆ្នាំ ២០១៥ ដែលគាត់ចាប់ផ្ដើមទម្លាប់នេះបន្ដិចម្ដងៗ។ ជាមួយគ្នានេះគ្រូពេទ្យជំនាញបានក្រើនរំលឹក និងព្រមានថា ការផឹកទឹកឆៅ (មិនដាំពុះ) និងការបរិភោគសាច់ឆៅគឺសុទ្ធតែជាមូលហេតុចម្បងដែលបណ្តាលឱ្យឆ្លងមេរោគព្រូន Spirometra នេះ៕

(រូបតំណាង)

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា