បានទាំង Date បានទាំងចំណូល! យុវជនចិនចាត់ទុកការងារ Delivery ជាការណាត់ជួបសង្សារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បានទាំង Date បានទាំងចំណូល! យុវជនចិនចាត់ទុកការងារ Delivery ជាការណាត់ជួបសង្សារ

បានទាំង Date បានទាំងចំណូល! យុវជនចិនចាត់ទុកការងារ Delivery ជាការណាត់ជួបសង្សារ

យុវជននៅក្នុងប្រទេសចិនកំពុងចាត់ទុកការងារជាអ្នកដឹកជញ្ជូនអាហារ ជាទម្រង់នៃការណាត់ជួបជាមួយដៃគូ ដែលអាចចំណាយពេលជាមួយគ្នា កាត់បន្ថយភាពហត់នឿយ តានតឹង និងបានកម្រៃក្នុងគ្រាតែមួយ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ South China Morning Post កាលពីថ្ងៃទី៣០ ខែមីនា កន្លងទៅ។

Advertisement

ផ្លាស់ប្ដូរពីការណាត់ជួបសង្សារក្នុងទម្រង់ដើម ដែលត្រូវចំណាយប្រាក់ច្រើន យុវជនរស់នៅក្នុងទីក្រុងនានាឯប្រទេសចិន បានចាប់យកនិន្នាការ “City Work” ជាណាត់ជួបគូស្នេហ៍ថ្មីប្លែក បង្កើនភាពផ្អែមល្ហែមពេលល្ងាច ដោយជិះកង់អគ្គិសនីដឹកអាហារជូនភ្ញៀវ។

មនុស្សជាច្រើនបាននិយាយថា វិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិតនេះ គឺជាការសម្រាករាងកាយពីភាពហត់នឿយនឹងការងារពេញមួយថ្ងៃ ព្រោះការងារនេះត្រូវការប្រើកម្លាំងតិច ជួយកាត់បន្ថយភាពតានតឹង និងអាចរកចំណូលបន្ថែមបន្តិចបន្តួច ជំនួសដោយការចំណាយពេលប្រើប្រាស់ទូរស័ព្ទឥតប្រយោជន៍នៅពេលល្ងាច។

ទម្រង់ការណាត់ជួបបែបថ្មីនេះ ជាទូទៅ​ ដៃគូម្នាក់ជាអ្នកបើកបរម៉ូតូ ស្របពេលដែលម្នាក់ទៀតទទួលបន្ទុកទទួល និងយកអាហារជូនភ្ញៀវ។ សកម្មភាពនេះ បានកែប្រែការងារឱ្យទៅជាពេលវេលារីករាយជាមួយគ្នា និងជួយធ្វើឱ្យចំណងទំនាក់ទំនងកាន់តែរឹងមាំមួយកម្រិតទៀត។

និន្នាការនេះមិនត្រឹមតែជួយឱ្យគូស្នេហ៍អាចកាត់បន្ថយការចំណាយពីការណាត់ជួបគ្នាក្នុងទម្រង់ដើម ដែលជាធម្មតានិយមណាត់ជួបគ្នាញ៉ាំអាហារក្នុងភោជនីយដ្ឋានថ្លៃៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសក្នុងការរកប្រាក់ចំណូលបន្ថែមរួមគ្នាផងដែរ។

ជាឧទាហរណ៍ ស្ត្រីម្នាក់មកពីទីក្រុង Zhengzhou ខេត្ត Henan ភាគកណ្តាលនៃប្រទេសចិន បានចាប់ផ្ដើមធ្វើជាអ្នកដឹកជញ្ជូនអាហារជាមួយនឹងគូស្នេហ៍តាំងតែពីខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ។ ជាទូទៅ គូស្នេហ៍មួយគូនេះចំណាយពេលប្រហែលពីរម៉ោងក្នុងមួយល្ងាច ទទួលការបញ្ជាទិញចំនួន ៥ ទៅ ៦ភ្ញៀវ ដែលអាចរកចំណូលប្រហែល ៤០ យ៉ន់ ឬប្រមាណ ៦ដុល្លារអាមេរិកជាមធ្យម។ នៅក្នុងមួយខែៗ គូស្នេហ៍នេះអាចរកចំណូលប្រមាណ ១ ០០០ យ័ន ឬល្បាក់ ១៤០ ដុល្លារអាមេរិក។

ស្ត្រីរូបនេះបាននិយាយពីការងារខាងលើថា៖ “វាមិនហត់ទាល់តែសោះ តាមពិតទៅយើងពិតជារីករាយជាមួយវាណាស់។ លុយដែលយើងរកបាន គឺទុកសម្រាប់ដើរលេងជុំគ្នា”។

គូស្នេហ៍មួយគូទៀតគឺ Ajie និងមិត្តស្រីដែលរស់នៅក្នុងទីក្រុង Guangzhou ខេត្ត Guangdong បានចាត់ទុកការងារដឹកជញ្ជូនអាហារនេះ ជាការរុករកទីក្រុងជុំគ្នា។

Ajie បានចែករំលែកថា៖ “យើងរីករាយនឹងទទួលការបញ្ជាទិញ។ ការធ្វើដំណើរតាមច្រកឌឿងហែម និងផ្លូវតូចៗ បានជួយឱ្យយើងរកឃើញកន្លែងប្លែកៗដែលលាក់ខ្លួន និងបានឃើញទិដ្ឋភាពផ្សេងៗពីជីវិតនាពេលរាត្រីក្នុងទីក្រុង Guangzhou”៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា