Taylor Swift ត្រូវគេប្ដឹងពីបទរំលោភលើកម្មសិទ្ធិបញ្ញា ចំពោះអាល់ប៊ុម "The Life of a Showgirl" | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Taylor Swift ត្រូវគេប្ដឹងពីបទរំលោភលើកម្មសិទ្ធិបញ្ញា ចំពោះអាល់ប៊ុម "The Life of a Showgirl"

Taylor Swift ត្រូវគេប្ដឹងពីបទរំលោភលើកម្មសិទ្ធិបញ្ញា ចំពោះអាល់ប៊ុម "The Life of a Showgirl"

នៅថ្ងៃទី៣០ ខែមីនា នេះសិល្បការិនីម្នាក់ឈ្មោះ Maren Wade បានប្ដឹង Taylor Swift ដោយចោទប្រកាន់ថា អាល់ប៊ុមចុងក្រោយដែលមានចំណងជើង “The Life of a Showgirl” បានរំលោភលើសិទ្ធិម៉ាកពាណិជ្ជកម្ម ឬ Trademark របស់នាង។

Advertisement

សិល្បការិនីពី Las Vegas រូបនេះ កំពុងប្តឹង Taylor Swift ពីបទរំលោភលើកម្មសិទ្ធិបញ្ញាម៉ាកពាណិជ្ជកម្ម ដោយអះអាងថា ខ្លួនគឺជាម្ចាស់សិទ្ធិលើឈ្មោះ “Confessions of a Showgirl” ហើយបានចោទប្រកាន់ថា អាល់ប៊ុម និងទំនិញអនុស្សាវរីយ៍ (Merch) របស់ Taylor Swift កំពុងតែលេបត្របាក់ម៉ាកយីហោ ដែលនាងបានចំណាយពេលជាង ១២ ឆ្នាំដើម្បីកសាង។

នៅក្នុងពាក្យបណ្តឹងចុះផ្សាយដោយ TMZ ដើមបណ្ដឹងបានបញ្ជាក់ថា ឈ្មោះ “Confessions of a Showgirl” ចាប់កំណើតឡើងតាំងពីឆ្នាំ ២០១៤ នៅពេលដែលនាងប្រើវាជាឈ្មោះ សម្រាប់អត្ថបទប្រចាំសប្តាហ៍នៅក្នុងទស្សនាវដ្តី Las Vegas Weekly។ Maren Wade បន្តថា ក្រោយមកអត្ថបទនោះបានប្រែខ្លួនក្លាយទៅជាកម្មវិធីសម្តែងផ្ទាល់ និងចុងក្រោយបានក្លាយជាម៉ាកយីហោមួយដែលរាប់បញ្ចូលទាំងការសម្ដែង អត្ថបទ និងការផ្សព្វផ្សាយលើឌីជីថល ដូចជា ផតខាសជាដើម។

Maren Wade បានអះអាងថា នាងបានចុះបញ្ជីម៉ាកពាណិជ្ជកម្ម “Confessions of a Showgirl” តាំងពីឆ្នាំ ២០១៥ មកម៉្លេះ ប៉ុន្តែឥឡូវនេះ ម៉ាកយីហោរបស់នាងកំពុងរងការគំរាមកំហែងពី Taylor Swift។ សិល្បករស្រីបានលើកឡើងទៀតថា ឈ្មោះ “Confessions of a Showgirl” និងអាល់ប៊ុម “The Life of a Showgirl” របស់ Taylor Swift មានលក្ខណៈស្រដៀងគ្នាខ្លាំង ដូចជា ការប្រើពាក្យគន្លឹះ និងទម្រង់នៃការធ្វើទីផ្សារ ដែលផ្ដោតទៅលើក្រុមមនុស្សតែមួយជាដើម។

ដូចដែលបានលើកឡើងនេះ ដើមបណ្ដឹងព្រួយបារម្ភថា មនុស្សនឹងចាប់ផ្តើមភាន់ច្រឡំថា ម៉ាកយីហោ​ដែលមានពាក្យ “Showgirl” របស់នាង បង្កើតឡើងតាំងពី ២០១៤ គឺជាការត្រាប់តាមស្នាដៃរបស់ Taylor Swift ដែលចេញផ្សាយក្នុងឆ្នាំ ២០២៥ ទៅវិញ។

Maren Wade បានស្នើសុំដីកាពីតុលាការ ដើម្បីរារាំង Taylor Swift កុំឱ្យប្រើប្រាស់ឈ្មោះនេះ និងទាមទារសំណងជាទឹកប្រាក់ដែលមិនទាន់បញ្ជាក់ចំនួនច្បាស់លាស់នៅឡើយ។ ផ្អែកតាមកាសែត Router កាលពីឆ្នាំ ២០២៥ កន្លងទៅ ការិយាល័យប៉ាតង់ និងម៉ាកពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបដិសេធការស្នើសុំចុះបញ្ជីម៉ាកពាណិជ្ជកម្មលើឈ្មោះ “Life of a Showgirl” របស់ Taylor Swift ដោយលើកហេតុផលថា ឈ្មោះនេះអាចបង្កឱ្យមានការភ័ន្តច្រឡំជាមួយម៉ាកពាណិជ្ជកម្ម “Confessions of a Showgirl” របស់ Maren Wade ដែលមានស្រាប់រួចទៅហើយ។

ទន្ទឹមគ្នានេះ បច្ចុប្បន្ន អ្នកនាំពាក្យរបស់ Taylor Swift និងផលិតកម្ម Universal Music Group (UMG) ដែលជាចុងចម្លើយ នៅមិនទាន់បានឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយនៅឡើយទេ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា