មេធាវីការពារក្តីឱ្យ ADOR ដកខ្លួនចេញពីបណ្តឹងទាមទារសំណង ៣២ លានដុល្លារពី Danielle | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេធាវីការពារក្តីឱ្យ ADOR ដកខ្លួនចេញពីបណ្តឹងទាមទារសំណង ៣២ លានដុល្លារពី Danielle

មេធាវីការពារក្តីឱ្យ ADOR ដកខ្លួនចេញពីបណ្តឹងទាមទារសំណង ៣២ លានដុល្លារពី Danielle

នៅថ្ងៃទី ២៤ ខែមេសា ក្រុមមេធាវីមកពីក្រុមហ៊ុនច្បាប់ Kim & Chang ដែលតំណាងឱ្យ ADOR បានដាក់លិខិតលាលែងតំណែងពីបណ្ដឹងប្រឆាំងនឹង Danielle ទៅកាន់តុលាការ។ ការដកខ្លួននេះបង្កឱ្យមានការរិះគន់ ដោយតំណាងផ្លូវច្បាប់របស់ Danielle ចាត់ទុកថា វាជាយុទ្ធសាស្ត្ររារាំងតារាស្រីក្នុងការចូលប្រឡូកវិស័យសិល្បៈវិញ។

Advertisement

ការដកខ្លួនរបស់ក្រុមមេធាវីការពារក្ដីឱ្យ ADOR ពីបណ្ដឹងប្រឆាំងនឹង Danielle និងអតីតនាយកប្រតិបត្តិលោកស្រី Min Hee Jin នេះ បានធ្វើឡើងមុនពេលដំណើរការនីតិវិធីសំខាន់ៗនឹងមកដល់នៅថ្ងៃទី១៤ ខែឧសភា និងថ្ងៃទី ២ ខែកក្កដា។

ស្របគ្នានឹងហេតុការណ៍ខាងលើ ភាគីខាង Danielle បានអះអាងថា នេះគឺជាការប៉ុនប៉ងដោយចេតនាដើម្បីរារាំងការវិលត្រឡប់របស់តារាស្រីរូបនេះពីការចូលប្រឡូកក្នុងវិស័យសិល្បៈវិញ ខណៈបច្ចុប្បន្ននាងបានផ្អាកសម្មភាពការងារទាំងស្រុង ព្រោះតែបញ្ហាផ្លូវច្បាប់ទាមទារសំណងចំនួន ៤៣.១ ប៊ីលានវ៉ុន ឬប្រមាណ ៣២ លានដុល្លារអាមេរិក។

បន្តពីការដកខ្លួនរបស់ក្រុមមេធាវីចាស់ ADOR នឹងត្រូវតែងតាំងតំណាងផ្លូវច្បាប់ថ្មី ដែលអាចនាំឱ្យមានសំណើរសុំពន្យារពេលសវនាការដែលខិតជិតមកដល់ ដោយសារមេធាវីថ្មីត្រូវការពេលវេលាដើម្បីពិនិត្យមើលសំណុំរឿងក្ដីនេះជាថ្មីម្ដងទៀត​ ធ្វើឱ្យការផ្អាកសម្មភាពរបស់តារាស្រីវ័យ ២១ ឆ្នាំ កាន់តែអូសបន្លាយបន្ថែមទៀត។

យ៉ាងណាមិញ តុលាការអាចជ្រើសរើសបន្តនីតិវិធីដោយមិនគិតពីការផ្លាស់ប្តូរមេធាវីថ្មី និងបដិសេធសំណើសុំផ្លាស់ប្តូរកាលបរិច្ឆេទថ្មី ប្រសិនបើតុលាការយល់ឃើញថា នេះជាការពន្យារពេលដោយចេតនា។ ក្នុងករណីនេះ សវនាការនៅថ្ងៃទី ១៤ ខែឧសភា អាចនឹងបន្តទៅមុខតាមការគ្រោងទុក។ ប្រសិនបើ ADOR បរាជ័យក្នុងការបង្ហាញភស្តុតាង ឬមិនអាចតែងតាំងមេធាវីថ្មីទាន់ពេល ទីភ្នាក់ងារអាចនឹងប្រឈមមុខនឹងការសម្រេចក្តីដែលខុសពីការរំពឹងទុករបស់ខ្លួន ឬឈានដល់ការទម្លាក់ចោលការចោទប្រកាន់។

ខណៈពេលដែលសមាជិកក្រុម NewJeans ដទៃទៀត ដូចជា Hanni Haerin និង Hyein កំពុងត្រៀមខ្លួនត្រឡប់មកវិញ Danielle កំពុងតែជាប់គាំងនៅក្នុងជម្លោះផ្លូវច្បាប់ទាមទារសំណងជាង ៣២លានដុល្លារអាមេរិក ដោយការសម្រេចរបស់តុលាការនឹងក្លាយជាចំណុចរបត់ដ៏សំខាន់សម្រាប់អាជីពរបស់តារាស្រី៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា