យុវតី ហេង រក្សា ៖ ការសរសេរសំបុត្របែបប្រពៃណី ជួយលើកកម្ពស់ភាសាខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុវតី ហេង រក្សា ៖ ការសរសេរសំបុត្របែបប្រពៃណី ជួយលើកកម្ពស់ភាសាខ្មែរ

យុវតី ហេង រក្សា ៖ ការសរសេរសំបុត្របែបប្រពៃណី ជួយលើកកម្ពស់ភាសាខ្មែរ

យុវតី ហេង រក្សា ម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦ បានលើកឡើងថា ការសរសេរសំបុត្របែបប្រពៃណីនៅតែមានសារៈសំខាន់ក្នុងការជួយយុវជនអភិវឌ្ឍន៍ការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ ខណៈការប្រើប្រាស់បច្ចេកវិទ្យាកាន់តែពេញនិយមក្នុងជីវិតប្រចាំថ្ងៃ។

Advertisement

ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ ត្រូវបានរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការបង្ហាញសមត្ថភាពសរសេរ និងលើកកម្ពស់ការយល់ដឹងអំពីសេវាប្រៃសណីយ៍។

រក្សា ជាសិស្សថ្នាក់ទី៩ មកពីអនុវិទ្យាល័យពងទឹក ខេត្តកែប។ នាងបានបង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតសរសេរសំបុត្រ ក្រោមប្រធានបទ «ចូរសរសេរសំបុត្រទៅកាន់មិត្តភក្តិម្នាក់ពីមូលហេតុដែលទំនាក់ទំនងរវាងមនុស្សមានសារៈសំខាន់នៅក្នុងពិភពឌីជីថល»។

រក្សា បានឱ្យដឹងថា មុនចូលរួមប្រកួត នាងបានសិក្សាពីទម្រង់សរសេរសំបុត្របែបប្រពៃណី ដើម្បីធានាថា ខ្លឹមសារមានរចនាសម្ព័ន្ធ អក្ខរាវិរុទ្ធត្រឹមត្រូវ និងមានភាពទាក់ទាញ។

នាងនិយាយថា «ការសរសេរសំបុត្របែបប្រពៃណីជួយរក្សាទម្រង់ភាសាខ្មែរ ឱ្យមានរបៀបរៀបរយ និងបង្កើតគំនិតច្នៃប្រឌិត។ បច្ចុប្បន្ន យុវជនមួយចំនួននិយមសរសេរសារខ្លីៗ កំបុតៗតាមទូរស័ព្ទ ដែលអាចធ្វើឱ្យការប្រើប្រាស់ភាសាមិនបានត្រឹមត្រូវ»។

លោក ម៉ៅ ស៊ីថា នាយកអនុវិទ្យាល័យពងទឹក បានប្រាប់ AMS ថា នេះជាលើកទីមួយហើយដែលសាលាមានសិស្សឈ្នះជ័យលាភីក្នុងការប្រកួតថ្នាក់ជាតិផ្នែកសរសេរសំបុត្រ ដែលជាកិត្តិយសសម្រាប់សាលា។

លោកបានបញ្ជាក់ថា រក្សា ជាសិស្សខិតខំរៀនសូត្រ មានលទ្ធផលសិក្សាល្អ និងទទួលបានការកោតសរសើរជាបន្តបន្ទាប់ពីសាលា។

លោកមានប្រសាសន៍ថា «ជោគជ័យរបស់នាងអាចក្លាយជាគំរូល្អសម្រាប់សិស្សដទៃ។ ទោះបីសង្គមកំពុងឈានចូលសម័យឌីជីថលក៏ដោយ ការសរសេរដោយដៃនៅតែជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់ការសិក្សា»។

សម្រាប់ជ័យលាភីផ្សេងទៀត ចំណាត់ថ្នាក់លេខ២ បានទៅលើកុមារី ឡូត សំរិទ្ធិការ្យ មកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រាជធានីភ្នំពេញ ខណៈចំណាត់ថ្នាក់លេខ៣ បានទៅលើកុមារី លី ធីតាវឌ្ឍនា មកពីសាលាពន្លឺវិជ្ជាអន្តរជាតិ ខេត្តកំពង់ចាម។

គណៈកម្មការបានជ្រើសរើសជ័យលាភីពីសំណេរសរុបចំនួន ២,៦៨៧ ដែលបានដាក់ចូលរួមពីរាជធានី-ខេត្តទាំង២៥ ដោយផ្អែកលើគុណភាពខ្លឹមសារ ភាពច្នៃប្រឌិត និងស្តង់ដារសរសេរ។

ការប្រកួតនេះមានគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្សបង្ហាញសមត្ថភាពសរសេរ លើកកម្ពស់គំនិតច្នៃប្រឌិត និងជំរុញការយល់ដឹងអំពីសេវាប្រៃសណីយ៍នៅកម្ពុជា។

សូមជម្រាបថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបញ្ជូនសំណេរដែលទទួលបានជ័យលាភីលេខ១ ជាតំណាងប្រទេសកម្ពុជា ទៅចូលរួមការប្រកួតកម្រិតអន្តរជាតិ ដែលរៀបចំដោយ Universal Postal Union និងមានការចូលរួមពីប្រទេសសមាជិកចំនួន ១៩២៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា