គំរូយុវតីជនជាតិដើមភាគតិច ៖ "ស្ត្រីត្រូវមានចំណូល និងជំនាញច្បាស់លាស់ មុនសម្រេចចិត្តរៀបការ" | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គំរូយុវតីជនជាតិដើមភាគតិច ៖ "ស្ត្រីត្រូវមានចំណូល និងជំនាញច្បាស់លាស់ មុនសម្រេចចិត្តរៀបការ"

គំរូយុវតីជនជាតិដើមភាគតិច ៖ "ស្ត្រីត្រូវមានចំណូល និងជំនាញច្បាស់លាស់ មុនសម្រេចចិត្តរៀបការ"

ជាក្មេងស្រី​ដែលត្រូវបានរៀបចំឱ្យរៀបការតាំងពីអាយុ១៧ឆ្នាំ កាណាដា បានជួបនឹងបញ្ហាជីវភាព​ក្រោយ​រៀបការរួច ព្រោះតែគ្មានជំនាញ ពិបាក​រក​ការងារធ្វើ និងមិនអាច​រកប្រាក់ចំណូលបាន។​ តែបច្ចុប្បន្ន កាណាដា បានផ្លាស់ប្តូរជីវភាពហើយ ក្រោយ​ពីបានចូលសិក្សាជំនាញពីគម្រោង “ដល់ពេលត្រូវធ្វើសកម្មភាព!” ដែលនាំឱ្យ​រូបនាងអាចប្រើប្រាស់ជំនាញនោះ​ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។

Advertisement

តាមរយៈបទពិសោធន៍ជីវិត រៀបការនៅវ័យក្មេង ស្រ្តីជនជាតិដើមភាគតិចព្រៅ មកពីខេត្តរតនៈគិរី រូបនេះ បានលើកទឹកចិត្ត ដល់ក្មេងស្រីឱ្យពន្យារពេលនៃការរៀបការ ហើយខិតខំរៀនសូត្ររហូតដល់ពួកគេទទួលបានការងារល្អមួយ។ កាណាដា និយាយថា ការរៀបការវ័យកុមារមានផលប៉ះពាល់ជាអវិជ្ជមានដល់អនាគតរបស់ក្មេងស្រី រួមមានឱកាសដែលទទួលបានការអប់រំ និងការងារ។

បច្ចុប្បន្ន កាណាដា ជាម្ចាស់ហាងផាត់មុខ ធ្វើសក់ និងជាជាងជួសជុលម៉ូតូ ក្រោយ​ពី​បាន​បញ្ចប់វគ្គបណ្តុះបណ្តាលជំនាញ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី ។ រយៈពេលជាងមួយឆ្នាំនៃការបើករបរនេះ បានធ្វើឱ្យជីវភាពនាងផ្លាស់ប្ដូរច្រើន និងមានពេលគ្រប់គ្រាន់ធ្វើការងារផ្សេងៗនៅផ្ទះ ខណៈ កាណាដា មានកូនស្រីម្នាក់ អាយុក្រោម៥ឆ្នាំ ដែលជាវ័យកំពុងត្រូវការការមើលថែ និងមានឪពុកម្ដាយចាស់នៅផ្ទះផងនោះ នេះជាឱកាសល្អដែលអាចធ្វើការនៅផ្ទះ និងមានពេលនៅជិតគ្រួសារផង។

« ខ្ញុំមើលឃើញថានៅក្នុងភូមិខ្ញុំមានទីតាំងនៅឆ្ងាយពីស្រុក ពីក្រុង ហើយមិនទាន់មានជាងជួសជុលម៉ូតូទេ បើខ្ញុំរៀនវាចេះប្រហែលជាអាចរកចំណូលបានគួរសម… ពេលរៀនចប់ខ្ញុំមកបើកនៅមុខផ្ទះ ខ្ញុំអាចរកចំណូលបាន ហើយសល់ពេលធ្វើការងារផ្ទះផង ជួយការងារសហគមន៍ក្នុងភូមិបានទៀត»

អាពាហ៍ពិពាហ៍វ័យកុមារ អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់​នៅជា​ប្តីប្រពន្ធនៅវ័យក្មេង តែងតែកើតមាន​នៅក្នុង​សហគមន៍​ជនបទដាច់ស្រយាល និងសហគមន៍ជនជាតិដើមភាគតិច ដែលជា​កត្តាមួយរួមចំណែកបណ្តាល​ឱ្យ​មានភាពក្រីក្រ វិសមភាពយេនឌ័រ និងលទ្ធភាព​ទទួលបាន​ការ​អប់រំ​នៅមានកម្រិតសម្រាប់ក្មេងស្រី។ លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា ការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី គឺបានចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយការរៀបអាពាហ៍ពិពាហ៍វ័យកុមារ អាពាហ៍ពិពាហ៍ដោយបង្ខំ។ លោកពន្យល់ថា នៅពេលដែលក្មេងស្រីទទួលបានការពង្រឹងភាពអង់អាចតាមរយៈការអប់រំ ការការពារ និងឱកាសអភិវឌ្ឍសេដ្ឋកិច្ច ដូច្នេះអត្រានៃការរៀបអាពាហ៍ពិពាហ៍វ័យកុមារ អាពាហ៍ពិពាហ៍ដោយបង្ខំនឹងមានការថយចុះ ហើយអនាគតរបស់ពួកគេ គឺធំទូលាយ”៕

កញ្ញា ឈឿង ប៉ូលីណា | Ms. Chhoeung Polina

កញ្ញា ឈឿង ប៉ូលីណា | Ms. Chhoeung Polina

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា