ក្រុម Xin Mu Tu Dui ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងចំណេះដឹងថ្មីផ្ទះយុវជន ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុម Xin Mu Tu Dui ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងចំណេះដឹងថ្មីផ្ទះយុវជន ២០២៦

ក្រុម Xin Mu Tu Dui ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងចំណេះដឹងថ្មីផ្ទះយុវជន ២០២៦

ក្រុមបេក្ខជន 新睦途队 (Xin Mu Tu Dui) បានដណ្តើមជ័យលាភីលេខ១ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី «ការប្រកួតប្រជែងចំណេះដឹងថ្មីផ្ទះយុវជន ២០២៦» បន្ទាប់ពីបង្ហាញសមត្ថភាពស្រាវជ្រាវ និងធ្វើបទបង្ហាញជាភាសាចិនយ៉ាងលេចធ្លោ លើប្រធានបទស្តីពីការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។

«ការប្រកួតប្រជែងចំណេះដឹងថ្មីផ្ទះយុវជន ២០២៦» ត្រូវបានរៀបចំឡើងដោយ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន សហការជាមួយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្រោមប្រធានបទ «វឌ្ឍនភាពការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី៖ កាលានុវត្តភាព បញ្ហាប្រឈម និងតួនាទីរបស់យុវជន»។ កម្មវិធីប្រកួតប្រជែងនេះត្រូវបានរៀបចំជាពីរដំណាក់កាល គឺវគ្គជម្រុះ និងវគ្គផ្តាច់ព្រ័ត្រ ដោយផ្តោតលើការសរសេរអត្ថបទស្រាវជ្រាវបែបវិភាគ និងការធ្វើបទបង្ហាញជាភាសាចិន។ ក្រោយឆ្លងកាត់ការវាយតម្លៃក្នុងវគ្គជម្រុះ ក្រុមបេក្ខជនចំនួន៥ក្រុមត្រូវបានជ្រើសរើសឱ្យចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ។ ក្រុមនីមួយៗបានធ្វើបទបង្ហាញដោយផ្អែកលើអត្ថបទស្រាវជ្រាវដែលបានដាក់ស្នើជាមុន និងឆ្លើយសំណួររបស់គណៈកម្មការវាយតម្លៃ ដើម្បីបកស្រាយបន្ថែមអំពីលទ្ធផលស្រាវជ្រាវ ការវិភាគ និងទស្សនៈរបស់ខ្លួន។

ជាលទ្ធផល ក្រោយពីបញ្ចប់ការប្រកួត និងការវាយតម្លៃរបស់គណៈកម្មការ ក្រុម 新睦途队 (Xin Mu Tu Dui) ទទួលបានជ័យលាភីលេខ១ ជាមួយរង្វាន់ទឹកប្រាក់ចំនួន ៦លានរៀល ក្រុម 梦之光 (Meng Zhi Guang) ទទួលបានជ័យលាភីលេខ២ ជាមួយរង្វាន់ទឹកប្រាក់ចំនួន ៤លានរៀល និងក្រុម 津帆 (Jin Fan) ទទួលបានជ័យលាភីលេខ៣ ជាមួយរង្វាន់ទឹកប្រាក់ចំនួន ២លានរៀល។

ក្រៅពីពានរង្វាន់ និងរង្វាន់ទឹកប្រាក់សរុបចំនួន ១២លានរៀល កម្មវិធីនេះក៏ផ្តល់ឱកាសដល់បេក្ខជនក្នុងការបន្តអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ និងផ្សព្វផ្សាយស្នាដៃរបស់ខ្លួន។ ជាពិសេស អត្ថបទស្រាវជ្រាវដែលមានគុណភាព និងបំពេញតាមលក្ខខណ្ឌនៃការបោះពុម្ពផ្សាយ អាចចុះផ្សាយក្នុងទស្សនាវដ្តីពិភពលោកសហសម័យកម្ពុជាដែលសហការបោះពុម្ពផ្សាយដោយផ្ទះយុវជន និងភាគីចិន។

ឯកឧត្តម សុខ ពិសិដ្ឋ អគ្គលេខាធិការផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានមានប្រសាសន៍ថា ការឈានមកដល់ដំណាក់កាលនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ ការត្រៀមខ្លួន និងសមត្ថភាពរបស់បេក្ខជន។ លើសពីការប្រកួតដើម្បីដណ្តើមជ័យលាភី កម្មវិធីនេះក៏ជាឱកាសដ៏មានតម្លៃសម្រាប់យុវជនក្នុងការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ ការគិតវិភាគ ការបង្ហាញទស្សនៈ និងការទទួលយកមតិយោបល់ពីអ្នកជំនាញ។

ឯកឧត្តម សុខ ពិសិដ្ឋ អគ្គលេខាធិការផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការពង្រឹងទំនាក់ទំនងកម្ពុជា-ចិន មិនត្រឹមតែពឹងផ្អែកលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងស្ថាប័ននានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការការយល់ដឹង ការជឿទុកចិត្ត និងការចូលរួមយ៉ាងសកម្មពីប្រជាជន ជាពិសេសយុវជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ លោកស្រី ចាង អ៊ីជី (Zhang Yiji) ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានអបអរសាទរចំពោះបេក្ខជនដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រ និងកោតសរសើរចំពោះសមត្ថភាពភាសាចិន ការគិតវិភាគ និងគំនិតច្នៃប្រឌិតដែលយុវជនបានបង្ហាញតាមរយៈការប្រកួត។

លោកស្រី ចាង អ៊ីជី (Zhang Yiji) ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា

លោកស្រីក៏បានលើកឡើងពីសារៈសំខាន់នៃការយល់ដឹង ការគោរពគ្នាទៅវិញទៅមក និងការទទួលស្គាល់ភាពខុសគ្នា ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពឱ្យកាន់តែរឹងមាំ។ ជាមួយគ្នានេះ លោកស្រីបានលើកទឹកចិត្តឱ្យយុវជនបន្តពង្រឹងចំណេះដឹងភាសា និងជំនាញវិជ្ជាជីវៈ ដើម្បីចាប់យកឱកាសនានា និងក្លាយជាកម្លាំងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។ លោកស្រីបានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្ររបស់ស្ថានទូតចិនចំពោះផ្ទះយុវជន ក្នុងការជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ។

ឯកឧត្តម ហេង សារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកោតសរសើរចំពោះការរៀបចំកម្មវិធី និងការចូលរួមយ៉ាងសកម្មរបស់បេក្ខជន។ ឯកឧត្តមបានលើកទឹកចិត្តឱ្យយុវជនបន្តអភិវឌ្ឍសមត្ថភាព ចាប់យកឱកាសប្រាស្រ័យទាក់ទង និងផ្លាស់ប្តូរចំណេះដឹងជាមួយយុវជនបរទេស ព្រមទាំងចូលរួមជាអ្នកផ្តួចផ្តើមគំនិត និងជាកម្លាំងសកម្មក្នុងការការពូនជ្រុំទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា