សាលារៀន​អន្តរជាតិ​វ៉េស្ទឡាញន៍​ ​សាខា​ក្រុង​ពោធិ៍សាត់​សម្ពោធ​ជា​ផ្លូវការ​​ដើម្បី​បើក​ឱកាស​ដល់​យុវជន​កម្ពុជា​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាលារៀន​អន្តរជាតិ​វ៉េស្ទឡាញន៍​ ​សាខា​ក្រុង​ពោធិ៍សាត់​សម្ពោធ​ជា​ផ្លូវការ​​ដើម្បី​បើក​ឱកាស​ដល់​យុវជន​កម្ពុជា​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​

សាលារៀន​អន្តរជាតិ​វ៉េស្ទឡាញន៍​ ​សាខា​ក្រុង​ពោធិ៍សាត់​សម្ពោធ​ជា​ផ្លូវការ​​ដើម្បី​បើក​ឱកាស​ដល់​យុវជន​កម្ពុជា​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​

​(​ពោធិ៍សាត់​)៖​ ​សាលារៀន​អន្តរជាតិ​ វ៉េស្ទឡាញន៍​ សាខា​ទី​១៧​ ក្រុង​ពោធិ៍សាត់​ត្រូវបាន​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​នៅ​ព្រឹក​ថ្ងៃទី​០៦​ ​ខែសីហា ​ឆ្នាំ​២០២៦​នេះ​ និង​បន្ត​ទទួល​ចុះឈ្មោះ​សិស្ស​ចូលរៀន​ចាប់ពី​អាយុ​២​ឆ្នាំ​កន្លះ​ឡើង​ទៅ​ ​លើ​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ និង​កម្មវិធី​ចំណេះ​ទូទៅ​អន្តរជាតិ​ ​Pearson​ ​Edexcel​ ​(​IGCSE​ ​and​ ​A​ ​Level​) ​មកពី​ប្រទេស​អង់គ្លេស​ ​ដែល​បើក​ឱកាស​ដល់​យុវជន​កម្ពុជា​អាច​បន្ត​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​ល្បី​ៗ​នៅ​ក្រៅ​ប្រទេស​ប្រកបដោយ​ភាព​ងាយស្រួល​ ​។​

Advertisement

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នេះ​ ​ឧកញ៉ា​បណ្ឌិត​ ​ប៉ិច ​បូឡែន ​អគ្គ​នាយក​ក្រុមហ៊ុន​ ​វេសឡាញ ​អេឌ្យូ​ខេ​សិន ​គ្រុប​ និង​ជា​ទីប្រឹក្សា​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មានប្រសាសន៍​ថា​ ​វេសឡាញ ​អេឌ្យូ​ខេ​សិន ​គ្រុប ​គឺជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ ​ស្ថាប័ន​ដែល​បាន​ត្រួសត្រាយ​ការ​អនុវត្ត​វិធីសាស្ត្រ​បង្រៀន​ទំនើប​ ​ដូចជា​ ​Student​-​Centered​ ​Learning​, ​Project​-​Based​ ​Learning​, ​Critical​ ​Thinking​ ​និង​ការ​បញ្ចូល​បច្ចេកវិទ្យា​ឌីជីថល​ទៅក្នុង​ការ​រៀន​ ​និង​ការ​បង្រៀន​ ​ដើម្បី​ជួយ​អភិវឌ្ឍ​សក្តានុពល​សិស្ស​ឱ្យ​បាន​ពេញលេញ​។ ​ជាមួយនឹង​ចក្ខុវិស័យ​ក្នុង​ការ​តភ្ជាប់​ការ​អប់រំ​កម្ពុជា​ទៅកាន់​ស្តង់ដារ​អន្តរជាតិ​ ​វេស​ឡាញ​បាន​ដាក់​ ​បញ្ចូល​កម្មវិធី​ ​Pearson​ ​Edexcel​ ​IGCSE​ ​និង​ ​A​ ​Level​ ​របស់​ចក្រភព​អង់គ្លេស​ទៅក្នុង​បណ្តាញ​សាលារៀន​របស់​ខ្លួន​។ ​កម្មវិធី​នេះ​ផ្តល់ឱ្យ​សិស្ស​នូវ​គុណ​វុឌ្ឍិ​ដែល​ទទួលស្គាល់​ជា​សកល ​និង​បើក​ឱកាស​ឱ្យ​អាច​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ល្បី​ៗ​ជុំវិញ​ពិភពលោក​ ​ដោយ​មាន​មូលដ្ឋាន​ ​ចំណេះដឹង​ ​និង​ជំនាញ​ដែល​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​។ ​ដើម្បី​នាំយក​ឱកាស​ទាំងនេះ​ទៅកាន់​សិស្សានុសិស្ស​នៅ​តាម​បណ្តា​ខេត្ត​ ​សាលារៀន​អន្តរជាតិ​ វ៉េស្ទឡាញន៍​ ​សាខា​ក្រុង​ពោធិ៍សាត់​ ត្រូវបាន​បង្កើតឡើង​ជា​សាខា​ទី​១៧​ របស់​ ​វេសឡាញ ​អេឌ្យូ​ខេ​សិន ​គ្រុប​។ ​សាលា​ផ្តល់​ការ​អប់រំ​តាម​កម្មវិធី​បី​ភាសា ​រួមមាន​ ​ភាសា​ខ្មែរ​ ភាសា​អង់គ្លេស​ និង​ភាសា​ចិន​ ​ព្រមទាំង​បញ្ចូល​ចំណេះដឹង​ផ្នែក​ភាព​ជា​អ្នកដឹកនាំ​ បច្ចេកវិទ្យា​ឌីជីថល ​និង​ហិរញ្ញវត្ថុ ​ដើម្បី​រៀបចំ​សិស្ស ​ឱ្យ​មាន​សមត្ថភាព​សិក្សា​ ​ធ្វើ​ការ​ និង​រស់​នៅ​ប្រកបដោយ​ភាព​ជោគជ័យ​ក្នុង​ពិភពលោក​ដែល​កំពុង​ ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​។

ឧកញ៉ា​បណ្ឌិត​ ​ប៉ិច ​បូឡែន ​អគ្គ​នាយក​ក្រុមហ៊ុន​ ​វេសឡាញ ​អេឌ្យូ​ខេ​សិន ​គ្រុប

​ឧកញ៉ា​បណ្ឌិត​ ​ប៉ិច ​បូឡែន ​មានប្រសាសន៍​បន្ត​ទៀត​ថា​ ​អស់​រយៈពេល​ ​១៨​ ​ឆ្នាំ​កន្លងមក​ វ៉េស្ទឡាញន៍​ ​អេឌ្យូ​ខេ​សិន ​គ្រុប ​បាន​បន្ត​បេសកកម្ម​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​ ​ដោយ​ផ្តោត ​លើ​ការ​អភិវឌ្ឍ​សិស្ស​ឱ្យ​ក្លាយជា​បុគ្គល​ដែល​មាន​ចំណេះដឹង​ ​ជំនាញ​ ​គុណធម៌​ ​និង​សមត្ថភាព​ប្រកួត​ ​ប្រជែង​ក្នុង​សតវត្ស​ទី​២១​។

​មាន​មតិ​ចំណាប់អារម្មណ៍​ ​ឯកឧត្តម​ លៀង​ ​ពេជ្រ ​តំណាង​ម្ចាស់​ភាគហ៊ុន​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ​សាលារៀន​អន្តរជាតិ​ វ៉េស្ទឡាញន៍​ ​សាខា​ក្រុង​ពោធិ៍សាត់ ​បាន​លើកឡើង​ថា​ ​ការ​ វិនិយោគ​បង្កើត​សាលារៀន​នេះ​ ​មិន​មែន​គ្រាន់តែ​ជា​ការ​សាងសង់​អគារ​សិក្សា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​វិនិយោគ​លើ​អនាគត​របស់​កុមារ​ និង​យុវជន​ក្នុង​ខេត្ត​ពោធិ៍សាត់​។ ​ឯកឧត្តម​ បាន​គូសបញ្ជាក់​ថា​ ​សាលារៀន​នេះ​នឹង​បន្ត​ផ្តល់​បរិយាកាស​សិក្សា​ប្រកបដោយ​សុវត្ថិភាព​ ​និង​ជួយ​ឱ្យ​សិស្សានុសិស្ស​អភិវឌ្ឍ​ខ្លួន​បាន​ពេញលេញ​ទាំង​ចំណេះដឹង​ ​ជំនាញ​ ​និង​ស្មារតី​ ​ដើម្បី​ត្រៀមខ្លួន​ សម្រាប់​ឱកាស​ថ្មី​ៗ​នៅ​ថ្ងៃ​អនាគត​។​

ឯកឧត្តម​ លៀង​ ​ពេជ្រ ​តំណាង​ម្ចាស់​ភាគហ៊ុន​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ​សាលារៀន​អន្តរជាតិ​ វ៉េស្ទឡាញន៍​ ​សាខា​ក្រុង​ពោធិ៍សាត់

​នៅក្នុង​ឱកាស​នោះ​ លោក​ ​អ៊ុយ ​សុធារី ​អភិបាល​រង​ខេត្ត​ ​តំណាង​ឯកឧត្តម ​ខូយ ​រី​ដា ​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ពោធិ៍សាត់ ​សូម​ថ្លែងអំណរគុណ​ ​ថ្នាក់ដឹកនាំ​ ​វេសឡាញ ​អេឌ្យូ​ខេ​សិណ ​គ្រុប​ទាំងអស់​ ​អាជ្ញាធរ​គ្រប់​លំដាប់​ មាតាបិតា​ ​និង​សិស្សានុសិស្ស ​ដែល​បាន​ចូលរួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​យុវជន​ និង​កីឡា​ ​ឱ្យ​មាន​រីកចម្រើន​ជា​ទីមោទនៈ​។​

​លោក​បន្ត​ថា​ កន្លងមក​នេះ​ ការ​ខិតខំប្រឹងប្រែង​ ការ​អនុវត្ត​ការងារ​ យ៉ាង​សកម្ម​ដោយ​ផ្អែក​លើ​មូលដ្ឋាន​កម្មវិធី​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១​ ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ផែនការ​អភិវឌ្ឍន៍​ ​៥​ឆ្នាំ​ ​ក៏​ដូចជា​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​អភិវឌ្ឍន៍​នានា​របស់​ខេត្ត​ពោធិ៍សាត់​។

លោក​ ​អ៊ុយ ​សុធារី ​អភិបាល​រង​ខេត្ត​ពោធិ៍សាត់ ​

​លោក​មានប្រសាសន៍​ទៀត​ថា​ ​ការ​លើកកម្ពស់​គុណភាព​អប់រំ ​ដោយ​ពង្រឹង​គុណភាព​សាលារៀន​ ​ចាប់ពី​ថ្នាក់​មត្តេយ្យ​ ​មធ្យមសិក្សា​ដល់​មធ្យមសិក្សា​ ​តាមរយៈ​ការ​ពង្រឹង​កិច្ចការ​សំខាន់​ៗ​រួមមាន​៖​ ​ការ​ពង្រឹង​អភិបាលកិច្ច​សាលារៀន​ ​ការ​ត្រួតពិនិត្យ​កែលម្អ ​ការ​រៀបចំ​កម្មវិធី​សិក្សា​សកម្មភាព​ក្រៅ​ម៉ោង​ឱ្យ​ស្រប​តាម​តម្រូវការ​ពង្រឹង​វិន័យ​សីលធម៌​ឥរិយាបថ​របស់​សិស្ស​ ការ​យកចិត្តទុកដាក់​លើ​សុខភាព​របស់​សិស្ស​ តាមរយៈ​កម្មវិធី​អាហារ​រូបត្ថម្ភ​ដល់​កុមារ​ និង​ការ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​តាម​សាលា​ជាដើម​។ ​ការ​ជំរុញ​លើកទឹកចិត្ត​ចូលរួម​របស់​ ​មាតា ​បិតា ​អាណាព្យាបាល​ ​និង​សហគមន៍​ ​ជាក់ស្តែង​ថ្ងៃ​នេះ​ ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ​សាលារៀន​អន្តរជាតិ​ វ៉េស្ទឡាញន៍​ ​សាខា​ក្រុង​ពោធិ៍សាត់ ​ដើម្បី​ផ្តល់​ការ​អប់រំ​ដល់​សិស្សានុសិស្ស ​ក៏​ដូច​ការ​ផ្តល់​ឱកាស​ការងារ​ជូន​ដល់​យុវជន​ ​មាន​ការងារ​ធ្វើ​ស្រប​តាម​ជំនាញ​ ​និង​សមត្ថភាព​រៀង​ៗ​ខ្លួន​ ​ដើម្បី​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​កម្រិត​ជីវភាព​រស់​នៅ​កាន់តែ​ល្អ​ប្រសើរឡើង​ផងដែរ​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា