UNICEF ៖ កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់សម្រាប់កុមារ ប៉ុន្តែបញ្ហាប្រឈមនៅតែមាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
UNICEF ៖ កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់សម្រាប់កុមារ ប៉ុន្តែបញ្ហាប្រឈមនៅតែមាន

UNICEF ៖ កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់សម្រាប់កុមារ ប៉ុន្តែបញ្ហាប្រឈមនៅតែមាន

កម្ពុជាបានកាត់បន្ថយភាពក្រីក្ររបស់កុមារជាងពាក់កណ្តាលក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ និងពង្រីកការទទួលបានការអប់រំ សុខាភិបាល និងសេវាមូលដ្ឋានផ្សេងៗ ប៉ុន្តែកុមារនៅតំបន់ដាច់ស្រយាល និងគ្រួសារក្រីក្រជាច្រើននៅតែប្រឈមនឹងឧបសគ្គធ្ងន់ធ្ងរ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត Will Parks នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជាប្រាប់បណ្តាញព័ត៌មាន AMS ។

Advertisement

មុនបញ្ចប់អាណត្តិបេសកកម្មការងាររបស់លោកនៅកម្ពុជា លោកបណ្ឌិត Will Parks មើលឃើញថា កម្ពុជាសម្រេចបានវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ និងទទួលបានដោយការខិតខំប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់កុមារ។ ប្រទេសកម្ពុជាបានកាត់បន្ថយភាពក្រីក្ររបស់កុមារជាងពាក់កណ្តាលក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ហើយកុមារកាន់តែច្រើនជាងមុនបានរស់រានមានជីវិត ទទួលបានការអប់រំ និងការថែទាំចាំបាច់។

ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា ផ្លែផ្កានៃការអភិវឌ្ឍមិនទាន់បានទៅដល់កុមារគ្រប់រូបនៅឡើយទេ។

លោកថា «កុមារភាគច្រើន ជាពិសេសនៅតំបន់ដាច់ស្រយាល សហគមន៍ជនជាតិដើមភាគតិច និងគ្រួសារក្រីក្រ នៅតែប្រឈមមុខនឹងឧបសគ្គក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព អាហារូបត្ថម្ភ ការការពារ និងសេវាសុខាភិបាល។ យើងមិនអាចទុកឱ្យកុមារទាំងនេះនៅពីក្រោយបានទេ»។

លោកបណ្ឌិត Will Parks ក៏បានព្រមានថា ការប្រែប្រួលអាកាសធាតុ វិបត្តិសេដ្ឋកិច្ច និងហានិភ័យថ្មីៗកំពុងគំរាមកំហែងដល់សមិទ្ធផលដែលកម្ពុជាបានខិតខំកសាងអស់ជាច្រើនឆ្នាំ។

លោកថា «ការប្រែប្រួលអាកាសធាតុ វិបត្តិសេដ្ឋកិច្ច និងហានិភ័យកំពុងលេចឡើង អាចបង្វែរទិសដៅវឌ្ឍនភាពដែលយើងបានប្រឹងប្រែងសម្រេច ប្រសិនបើយើងមិនធ្វើសកម្មភាពឱ្យបានម៉ឺងម៉ាត់ និងរួមគ្នានោះទេ»។

ទោះបីមានបញ្ហាប្រឈមក្តី លោកបានបង្ហាញសុទិដ្ឋិនិយមចំពោះអនាគតរបស់កម្ពុជា ដោយសារទិសដៅគោលនយោបាយដ៏រឹងមាំរបស់រាជរដ្ឋាភិបាល និងការវិនិយោគកាន់តែច្រើនលើកុមារ។

អ្វីដែលផ្តល់ក្តីសង្ឃឹមដល់ខ្ញុំ គឺទិសដៅគោលនយោបាយដ៏រឹងមាំរបស់កម្ពុជា ការវិនិយោគកាន់តែច្រើនលើកុមារ និងការបើកចំហចំពោះភាពជាដៃគូ។ កម្ពុជាមានមូលដ្ឋានរឹងមាំដើម្បីបន្តឈានទៅមុខ

លោក Will Parks ក៏បានអំពាវនាវឱ្យវិស័យឯកជនចូលរួមកាន់តែសកម្មក្នុងការអភិវឌ្ឍកុមារ ដោយលោកបញ្ជាក់ថា តួនាទីរបស់វិស័យនេះមិនត្រឹមតែផ្តល់ថវិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរួមចំណែកតាមរយៈនវានុវត្តន៍ បច្ចេកវិទ្យា និងការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោក Will Parks បានជួបសម្តែងការគួរសម និងជម្រាបលា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីលោកបានបញ្ចប់អាណត្តិបេសកកម្មការងារនៅកម្ពុជា។

ឯកឧត្តម ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការរួមចំណែករបស់លោក Will Parks ក្នុងការគាំទ្រកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ជាពិសេសការលើកកម្ពស់ការអប់រំកុមារតូច ការពង្រឹងគុណភាពបង្រៀន និងការស្តារប្រព័ន្ធអប់រំឡើងវិញក្រោយវិបត្តិនានា។

ក្នុងឱកាសនោះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបំពាក់គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោកបណ្ឌិត Will Parks ដើម្បីជាការទទួលស្គាល់ចំពោះការលះបង់ និងការរួមចំណែកដ៏មានតម្លៃរបស់លោកក្នុងការអភិវឌ្ឍវិស័យអប់រំ និងសុខុមាលភាពកុមារនៅកម្ពុជា៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា