កម្មវិធីប្រកួតពានរង្វាន់វិទ្យាសាស្រ្ត Sci-Cup ២០២៦ បង្ហាញសមត្ថភាពយុវជនកម្ពុជា ផ្នែកវិទ្យាសាស្ត្រ និងនវានុវត្តន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធីប្រកួតពានរង្វាន់វិទ្យាសាស្រ្ត Sci-Cup ២០២៦ បង្ហាញសមត្ថភាពយុវជនកម្ពុជា ផ្នែកវិទ្យាសាស្ត្រ និងនវានុវត្តន៍

កម្មវិធីប្រកួតពានរង្វាន់វិទ្យាសាស្រ្ត Sci-Cup ២០២៦ បង្ហាញសមត្ថភាពយុវជនកម្ពុជា ផ្នែកវិទ្យាសាស្ត្រ និងនវានុវត្តន៍

បន្ទាប់ពីវគ្គប្រកួតប្រជែងជម្រុះយ៉ាងស្វិតស្វាញចំនួនពីរវគ្គ ទីបំផុតវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) រកឃើញយុវជនចំនួន៣រូប ជាប់ជ័យលាភីក្នុងការប្រកួតប្រជែងពានរង្វាន់វិទ្យាសាស្ត្រ Sci-Cup ឆ្នាំ២០២៦។

Advertisement

យុវជនជ័យលាភីទាំង៣រូប រួមមាន យុវសិស្ស នុច សុវឌ្ឍនា មកពីសាលារៀនអន្តរជាតិខេនរីដ, យុវតី គង់ ធារីកា មកពីវិទ្យាល័យព្រះយុគន្ធរ សាលារៀនជំនាន់ថ្មី និងយុវសិស្ស នូ នុភារ មកពីសាលាបញ្ញាសាស្រ្តអន្តរជាតិ។

ការប្រកួតប្រជែងពានរង្វាន់ Sci-Cup ក្នុងឱកាសទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ កាលពីចុងខែមីនា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងការអប់រំលើជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងការបណ្តុះនវានុវត្តន៍ករជំនាន់ក្រោយ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងវិទ្យាសាស្ត្រនេះឆ្លុះបញ្ចាំងពីគោលដៅរបស់កម្ពុជា ក្នុងការផ្លាស់ប្តូរពីប្រទេសប្រើប្រាស់បច្ចេកវិទ្យា ទៅជាប្រទេសអភិវឌ្ឍ និងបង្កើតនវានុវត្តន៍បច្ចេកវិទ្យានាពេលអនាគត។

“យើងសង្ឃឹមថា យុវជនកម្ពុជាមិនត្រឹមតែចេះប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយទៅជាអ្នកបង្កើត និងអ្នកអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើម្បីលើកកម្ពស់សក្តានុពលរបស់កម្ពុជា ឱ្យកាន់តែរឹងមាំ មានភាពធន់ និងអាចប្រកួតប្រជែងក្នុងតំបន់ និងលើឆាកអន្តរជាតិបាន”

ឯកឧត្តមបណ្ឌិត កែវ សុជាតិ អគ្គនាយកវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា វគ្គផ្តាច់ព្រ័ត្រនេះ មិនត្រឹមតែបង្ហាញពីសមត្ថភាពសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីគំនិតនវានុវត្តន៍ ការជឿជាក់លើខ្លួនឯង និងសមត្ថភាពក្នុងការសម្របខ្លួន។ គុណលក្ខណៈទាំងនេះ នឹងអនុញ្ញាតឱ្យយុវជនរបស់យើងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិត កែវ សុជាតិ អគ្គនាយកវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

គួរជំរាបជូនថា កម្មវិធីប្រកួតប្រជែងពានរង្វាន់វិទ្យាសាស្ត្រ Sci-Cup ឆ្នាំ២០២៦ រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្ដល់ឱកាសសម្រាប់សិស្សថ្នាក់ទី១០ និង១១ ទាំងសាលារដ្ឋ និងឯកជន ទូទាំងប្រទេសកម្ពុជា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា