ស្ថាប័នឧត្តមសិក្សា និងស្រាវជ្រាវធំៗ៣ ចុះ MoU ជាមួយខេត្តកំពង់ធំ ដើម្បីស្រាវជ្រាវ និងជំរុញការអភិវឌ្ឍខេត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថាប័នឧត្តមសិក្សា និងស្រាវជ្រាវធំៗ៣ ចុះ MoU ជាមួយខេត្តកំពង់ធំ ដើម្បីស្រាវជ្រាវ និងជំរុញការអភិវឌ្ឍខេត្ត

ស្ថាប័នឧត្តមសិក្សា និងស្រាវជ្រាវធំៗ៣ ចុះ MoU ជាមួយខេត្តកំពង់ធំ ដើម្បីស្រាវជ្រាវ និងជំរុញការអភិវឌ្ឍខេត្ត

ស្ថាប័នឧត្តមសិក្សា និងស្រាវជ្រាវធំៗចំនួន៣ កាលពីពេលថ្មីៗនេះ បានចុះអនុស្សរណៈយោគយល់ (MoU) ជាមួយរដ្ឋបាលខេត្តកំពង់ធំ ដើម្បីសហការស្រាវជ្រាវ និងរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ អប់រំ កសិកម្ម និងសេដ្ឋកិច្ចក្នុងខេត្តកំពង់ធំ។

Advertisement

ស្ថាប័នទាំង៣ រួមមាន រាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់នេះ មានគោលបំណងប្រមូលផ្តុំធនធានប្រាជ្ញា និងអ្នកជំនាញពីស្ថាប័នអប់រំ និងស្រាវជ្រាវធំៗរបស់កម្ពុជា មករួមចំណែកអភិវឌ្ឍខេត្តកំពង់ធំឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមបានចាត់ទុក ការចូលរួមរបស់ស្ថាប័នអប់រំ និងស្រាវជ្រាវ ជាពិសេសធនធានមនុស្សដែលកម្ពុជាមាន គឺមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍមូលដ្ឋាន និងប្រទេសជាតិ។

ឯកឧត្តមបានមានប្រសាសន៍ថា «កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអប់រំទាំងនេះ គឺដើម្បីទទួលបានធនធានមនុស្ស និងអ្នកជំនាញ ក្នុងការរៀបចំយុទ្ធសាស្ត្រ ធ្វើ Master Plan និងសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍខេត្តកំពង់ធំ ឱ្យក្លាយជាខេត្តដែលអាចទាក់ទាញប្រជាជនមករស់នៅ ទាក់ទាញវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»។

ឯកឧត្តមបន្តថា ខេត្តកំពង់ធំមានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ផលប្រយោជន៍ពីបឹងទន្លេសាប ដោយប្រជាពលរដ្ឋប្រមាណ ៧០ភាគរយ ពឹងផ្អែកលើវិស័យនេះ។ ក្រៅពីនេះ ខេត្តក៏មានសក្ដានុពលពីវិស័យកសិកម្មឧស្សាហកម្ម និងវិស័យទេសចរណ៍ តាមរយៈប្រាសាទសំបូរព្រៃគុក ដែលជាតំបន់បេតិកភណ្ឌពិភពលោក។

ឯកឧត្តមបានឱ្យដឹងថា បច្ចុប្បន្ន ខេត្តកំពង់ធំកំពុងអភិវឌ្ឍគម្រោងសួនវារីវប្បកម្មដ៏ធំមួយ ដែលសម្រេចការអភិវឌ្ឍបានប្រមាណ ៣០% ទៅ ៤០% លើផ្ទៃដីជាង ៣,០០០ហិកតា ហើយត្រូវបានរំពឹងថា នឹងក្លាយជាគម្រោងវារីវប្បកម្មដ៏ធំបំផុតមួយនៅកម្ពុជា និងក្នុងតំបន់។ គម្រោងនេះក៏នឹងនាំមកនូវបច្ចេកវិទ្យាថ្មីៗ ឱកាសការងារ និងជំរុញសេដ្ឋកិច្ចជាតិផងដែរ។

ជាមួយគ្នានេះដែរ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងនៅគំនិតមួយចំនួន ដែលទាក់ទងទៅនឹងខេត្តកំពង់ធំ ដែលក្នុងនោះរួមមាន ៖ ធ្វើឱ្យគេស្គាល់អំពីប្រាសាទបុរាណ ត្រូវរៀបចំប្រាសាទឱ្យមានភាពទាក់ទាញ ត្រូវរៀបចំសួនផ្កា រៀបចំខេត្តទាក់ទាញវិស័យទេសចរណ៍ធ្វើយ៉ាងណាកុំឱ្យអ្នកទេសចរណ៍ទៅហួសមកហួស។

លោកបណ្ឌិតក៏បានថ្លែងអំណរគុណទៅដល់រាជរដ្ឋាភិបាល ដែលមានសេចក្ដីទុកចិត្ត និងផ្ដល់ឱ្យរាជបណ្ឌិតសភាកម្ពុជា បានអភិវឌ្ឍន៍ និងអភិរក្ស ហើយកែច្នៃនៅម្ហូបអាហារ និងសម្លៀកបំពាក់គ្រប់សម័យកាលនៅរាជបណ្ឌិតសភាកម្ពុជាផងដែរ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា