ធនាគារពិភពលោកជំរុញពង្រឹងជំនាញអាន និងគណិតវិទ្យាសម្រាប់កុមារតូចនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារពិភពលោកជំរុញពង្រឹងជំនាញអាន និងគណិតវិទ្យាសម្រាប់កុមារតូចនៅកម្ពុជា

ធនាគារពិភពលោកជំរុញពង្រឹងជំនាញអាន និងគណិតវិទ្យាសម្រាប់កុមារតូចនៅកម្ពុជា

ធនាគារពិភពលោក (World Bank) បានជំរុញឱ្យភាគីពាក់ព័ន្ធបន្តពង្រឹងការអភិវឌ្ឍជំនាញអាន និងគណិតវិទ្យាសម្រាប់កុមារតូចនៅកម្ពុជា ដោយចាត់ទុកថា ជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់ការសិក្សា និងការលើកកម្ពស់គុណភាពអប់រំកម្រិតបឋម។

Advertisement

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានជួបពិភាក្សាជាមួយ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំសង្ខេបលទ្ធផល នៃបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី១ នៃគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP) កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។
ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញពីភាពជាដៃគូរឹងមាំ ក្នុងការពង្រឹងមូលដ្ឋានគ្រឹះនៃការសិក្សា និងលើកកម្ពស់គុណភាពអប់រំបឋមនៅកម្ពុជា។ ការគាំទ្រនេះ ផ្តោតលើការអភិវឌ្ឍជំនាញអាន និងគណិតវិទ្យាតាំងពីវ័យកុមារ ការពង្រីកការអប់រំកុមារតូច ការកែលម្អគុណភាពបង្រៀន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងការពង្រឹងប្រព័ន្ធគ្រប់គ្រងវិស័យអប់រំទូទាំងប្រទេស។

លោកស្រី Tania Meyer បានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពនៃគម្រោងនេះ និងបានគូសបញ្ជាក់ថា គម្រោង BEIP គឺជាគម្រោងគំរូដ៏សំខាន់ ដែលកំពុងផ្លាស់ប្តូរពីដំណាក់កាលរៀបចំទៅរកការអនុវត្តជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សនៅកម្ពុជា។

លោកស្រីបានបន្ថែមថា ការពង្រឹងការអប់រំកម្រិតមូលដ្ឋានតាមរយៈគម្រោងនេះ គឺជាឱកាសសំខាន់ក្នុងការកែលម្អ និងជំរុញប្រព័ន្ធអប់រំកម្ពុជាឱ្យឈានទៅកម្រិតថ្មី។ ក្នុងនាមធនាគារពិភពលោក លោកស្រី និងក្រុមការងារបច្ចេកទេស នឹងបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីធានាឱ្យគម្រោងទទួលបានជោគជ័យ។

ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ប្រព័ន្ធអប់រំកម្ពុជាកំពុងផ្លាស់ប្តូរពីការបង្រៀនបែបតែមួយសម្រាប់សិស្សទាំងអស់ ទៅរកការអប់រំដែលឆ្លើយតបទៅនឹងសមត្ថភាព និងតម្រូវការសិក្សាខុសៗគ្នារបស់កុមារម្នាក់ៗ តាមរយៈវិធីសាស្ត្របង្រៀនទំនើប និងការប្រើប្រាស់សម្ភារៈសិក្សាចម្រុះ។

ឯកឧត្តមបានបញ្ជាក់ថា ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ មិនត្រឹមតែជួយឱ្យកុមារទទួលបានការអប់រំប្រកបដោយបរិយាបន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍសក្តានុពលរបស់ពួកគេ ដើម្បីក្លាយជាមូលធនមនុស្សដ៏រឹងមាំសម្រាប់អនាគតប្រទេសជាតិ។

សូមជម្រាបថា ក្នុងឆ្នាំ២០២៥ ធនាគារពិភពលោក បានអនុម័តថវិកាប្រមាណជាង ១០០លានដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន ដើម្បីគាំទ្រកុមារដែលមានភាពខ្សោយផ្នែកអក្ខរកម្ម និងគណិតវិទ្យា។ គម្រោងនេះ ត្រូវបានរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់កុមារជិត ២លាននាក់នៅទូទាំងប្រទេស៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា