រង់ចាំ​លទ្ធផល​បាក់ឌុប​ ​សិស្ស​ត្រៀម​ជ្រើសរើស​ជំនាញ ៖​ ​ក្រសួង​ការងារ​ ​និង​អ្នក​ជំនាញ​អំពាវនាវ​កុំ​ជ្រើសរើស​តាម​គ្នា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រង់ចាំ​លទ្ធផល​បាក់ឌុប​ ​សិស្ស​ត្រៀម​ជ្រើសរើស​ជំនាញ ៖​ ​ក្រសួង​ការងារ​ ​និង​អ្នក​ជំនាញ​អំពាវនាវ​កុំ​ជ្រើសរើស​តាម​គ្នា​

រង់ចាំ​លទ្ធផល​បាក់ឌុប​ ​សិស្ស​ត្រៀម​ជ្រើសរើស​ជំនាញ ៖​ ​ក្រសួង​ការងារ​ ​និង​អ្នក​ជំនាញ​អំពាវនាវ​កុំ​ជ្រើសរើស​តាម​គ្នា​

​ខណៈ​នៅសល់​តែ​មួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ ការ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​(​បាក់ឌុប​ ​២០២៦​) ​នឹង​មក​ដល់​ បេក្ខជន​កំពុង​ត្រៀមខ្លួន​សម្រាប់​ជំហាន​បន្ទាប់​នៃ​ការ​សិក្សា​ ​និង​ការ​ជ្រើសរើស​ជំនាញ​នៅ​កម្រិត​ឧត្តមសិក្សា​។ ​ក្នុង​ឱកាស​នេះ​ ​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​និង​អ្នក​ជំនាញ​ផ្នែក​អប់រំ ​បាន​អំពាវនាវ​ឱ្យ​យុវជន​កុំ​ជ្រើសរើស​ជំនាញ​តាម​មិត្តភក្តិ ​ឬ​តាម​និន្នាការ​ ​ប៉ុន្តែ​ត្រូវ​ផ្អែក​លើ​ចំណាប់អារម្មណ៍​ ​សមត្ថភាព​ ​និង​តម្រូវការ​ទីផ្សារ​ការងារ។

​លោក​ ស៊ុន​ មេសា ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រាប់​ AMS ​ថា​ ការ​ជ្រើសរើស​ជំនាញ ​គឺជា​ការ​ជ្រើសរើស​អនាគត ​ដូច្នេះ​សិស្ស​មិន​គួរ​ជ្រើសរើស​ជំនាញ​តាម​គ្នា​ ​តាម​ទម្លាប់​ ​ឬ​ផ្អែក​តែ​លើ​ឈ្មោះ​សញ្ញាបត្រ​ដែល​ស្តាប់​ទៅ​មាន​កិត្យានុភាព​នោះ​ទេ។

​លោក​បាន​ណែនាំឱ្យ​សិស្ស​ពិចារណា​លើ​កត្តា​សំខាន់​ៗ​ចំនួន​៤ រួម​មាន​ ការ​ស្គាល់​ចំណាប់អារម្មណ៍​ ​សមត្ថភាព ​និង​ភាព​ខ្លាំង​របស់​ខ្លួន​ ការ​ស្វែងយល់​ពី​តម្រូវការ​ទីផ្សារ​ការងារ​ ​និង​ឱកាស​ការងារ​នា​ពេល​អនាគត​ ការ​ជ្រើសរើស​គ្រឹះស្ថាន ​និង​កម្មវិធី​សិក្សា​ដែល​មាន​គុណភាព​ ​និង​ផ្តល់​ការ​អនុវត្ត​ជាក់ស្តែង​ ​ព្រមទាំង​ការ​បន្ថែម​ជំនាញ​ចាំបាច់​ ​ដូចជា​ ​ជំនាញ​ឌីជីថល ​ភាសា​បរទេស​ ការ​ទំនាក់ទំនង​ ការ​ដោះស្រាយ​បញ្ហា​ ​និង​ការ​រៀនសូត្រ​ពេញ​មួយ​ជីវិត។

​លោក​ ស៊ុន​ មេសា ​បាន​លើកឡើង​ថា​ ​ជំនាញ​ដែល​សិស្ស​គួរ​ពិចារណា ​រួម​មាន​ ​បច្ចេកវិទ្យា​ឌីជីថល ​និង​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​អេឡិចត្រូនិក​ ​ស្វ័យប្រវត្តិ​កម្ម ​អគ្គិសនី​ ​មេកានិក​ ​យានយន្ត​ ​សំណង់ កែច្នៃ​ចំណីអាហារ​ ​និង​ជំនាញ​បៃតង ​ដែល​មាន​តម្រូវការ​នៅក្នុង​ទីផ្សារ​ការងារ។

​លោក​បញ្ជាក់​ថា​ ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ ​ឬ​នៅ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​បច្ចេកទេស ​(​TV​ET​) ​សុទ្ធតែ​មាន​តម្លៃ​ ​ប្រសិនបើ​ជំនាញ​ដែល​សិស្ស​ជ្រើសរើស​ សមស្រប​នឹង​សមត្ថភាព​របស់​ខ្លួន​ ​និង​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ។

កុំ​ជ្រើសរើស​ជំនាញ​តាម​គ្នា​ ​ត្រូវ​ជ្រើសរើស​ជំនាញ​តាម​សមត្ថភាព​របស់​ខ្លួន​ ​និង​តម្រូវការ​ទីផ្សារ​។ ​កុំ​រង់ចាំ​ឱ្យ​ឱកាស​មក​រក​យើង​ តែ​ត្រូវ​រៀន​ជំនាញ ​និង​ចេញ​ទៅ​ចាប់​យក​ឱកាស​ដោយ​ខ្លួនឯង​

​ជាមួយគ្នា​នេះ​ ​អ្នក​ឧកញ៉ា​ ​គួច​ ​ម៉េង​លី ​អ្នក​ជំនាញ​ផ្នែក​អប់រំ ​បាន​ណែនាំ​ដល់​យុវជន​ថា​ ​មិន​គួរ​គ្រាន់តែ​ជ្រើសរើស​ជំនាញ​សិក្សា​ ​ប៉ុន្តែ​គួរ​ជ្រើសរើស​អនាគត​របស់​ខ្លួន​។ ​លោក​បាន​អំពាវនាវ​ឱ្យ​យុវជន​កុំ​ជ្រើសរើស​ជំនាញ​នៅ​សាកលវិទ្យាល័យ​ ​ដោយសារតែ​មិត្តភក្តិ​ជ្រើសរើស​ជំនាញ​នោះ​ ​ឬ​ដោយសារ​ឈ្មោះ​ជំនាញ​ស្តាប់​ទៅ​មាន​កិត្យានុភាព។

​លោក​ក៏​បាន​ណែនាំឱ្យ​យុវជន​សួរ​ខ្លួនឯង​ថា​ ​តើ​ខ្លួន​ចាប់​អារម្មណ៍​លើ​អ្វី​ ​ពូកែ​អ្វី​ ​កម្ពុជា​ត្រូវការ​អ្វី​ ​និង​អ្វី​ដែល​នឹង​នៅតែ​មាន​តម្លៃ​នា​ពេល​អនាគត ​មុនពេល​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ​សិក្សា។

​ការ​ណែនាំ​របស់​ក្រសួង​ការងារ​ ​និង​អ្នក​ជំនាញ​ផ្នែក​អប់រំ​ ​ធ្វើ​ឡើង​ស្រប​ពេល​សិស្ស​ថ្នាក់​ទី​១២​ ​កំពុង​រង់ចាំ​លទ្ធផល​បាក់ឌុប​ ​និង​ត្រៀម​សម្រេចចិត្ត​លើ​ជំហាន​បន្ទាប់​នៃ​ការ​សិក្សា​ ​ដោយ​លើកទឹកចិត្ត​ឱ្យ​យុវជន​ជ្រើសរើស​ជំនាញ​ដោយ​មាន​ការ​ពិចារណា​ច្បាស់លាស់ ​ជា​ជាង​ធ្វើ​តាម​មិត្តភក្តិ ​ឬ​និន្នាការ​របស់​សង្គម៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា