ក្រសួងអប់រំ ពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅតាមគ្រឹះស្ថានសិក្សា ដើម្បីលើក​កម្ពស់​ចរិយាសម្បទារបស់សិស្ស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំ ពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅតាមគ្រឹះស្ថានសិក្សា ដើម្បីលើក​កម្ពស់​ចរិយាសម្បទារបស់សិស្ស

ក្រសួងអប់រំ ពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅតាមគ្រឹះស្ថានសិក្សា ដើម្បីលើក​កម្ពស់​ចរិយាសម្បទារបស់សិស្ស

ក្រសួងអប់រំ យុវជន និងកីឡា កាលពីដើមសប្តាហ៍នេះ បានចេញសេចក្តីណែនាំ​ទៅ​ដល់គ្រឹះស្ថានសិក្សា​ចំណេះទូទៅ​សាធារណៈទាំងអស់ ឱ្យបន្តពង្រឹង​ការ​អនុវត្ត​បទបញ្ជាផ្ទៃក្នុង និង​ត្រូវលើក​កម្ពស់​ចរិយាសម្បទារបស់សិស្ស។ សេចក្តីណែនាំនេះ ត្រូវគេ​មើលឃើញថា បន្ទាប់ពីមានបាតុភាពមិនល្អរបស់សិស្សមួយចំនួនតូចបានកើតឡើងនៅតាមសាលារៀនដែលធ្វើ​ឱ្យ​មានការព្រួយបារម្ភ។

Advertisement

ក្នុងសេចក្តីណែនាំកម្រាស់៤ទំព័រ ក្រសួងអប់រំបានប្រាប់ទៅ​ដល់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវ​បង្កើត​គណៈកម្មការគ្រប់គ្រងសាលារៀន និង​ដំណើរការ​ឱ្យ​មានប្រសិទ្ធភាព ដោយ​មាន​ការ​ចូលរួម​ពីមាតាបិតា ឬអ្នកអាណាព្យាបាល ហើយ​ត្រូវ​ជួបប្រជុំ ពិភាក្សា និង​ទាក់ទង​មាតាបិតា ឬអ្នក​អាណាព្យាបាល​ឱ្យ​បានទៀងទាត់ ដើម្បីពិភាក្សា​លទ្ធផលសិក្សា​របស់សិស្ស និង​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើងជាយថាហេតុ។

គ្រឹះស្ថានសិក្សា ក៏​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធឌីជីថល​ក្នុងការ​គ្រប់គ្រង​សាលារៀន ដើម្បី​ឱ្យ​មាតាបិតា មានលទ្ធភាព​ក្នុងការ​ត្រួតពិនិត្យ​មើលវត្តមាន ពិន្ទុ និងវិន័យរបស់អ្នកសិក្សា ហើយ​ក៏​ត្រូវ​បង្កើត​ក្រុមប្រឹក្សា​វិន័យ ដើម្បីផ្តល់​ការ​លើកទឺកចិត្ត ឬដាក់ទណ្ឌកម្ម​ខាងវិន័យ ដល់អ្នកសិក្សា​ដែលអនុវត្ត​ល្មើសបទបញ្ជាផ្ទៃក្នុង ឬប្រាសចាក​ពីសីលធម៌។

ដោយឡែកគ្រូទទួល​បន្ទុកថ្នាក់ និង​គ្រូបង្រៀន ត្រូវ​បញ្រ្ជាបការអប់រំសីលធម៌ និង​សុជីវធម៌ដល់សិស្ស​ក្នុងម៉ោងបង្រៀន និង​អង្កេតមើល​សកម្មភាព​របស់សិស្ស​ជា​ប្រចាំ ដោយ​ផ្តល់មតិកែលម្អ​នៅពេល​ដែល​ឃើញ​មាន​កំហុសឆ្គង ឬភាពមិនប្រក្រតី​ណាមួយ ដោយ​សហការផ្តល់ព័ត៌មាន និង​រកដំណោះស្រាយ​ឱ្យ​បានទាន់ពេលវេលា ដើម្បីបង្ការ និង​ទប់ស្កាត់​អ្នកសិក្សា​កុំ​ឱ្យ​ប្រព្រឹត្ត​សកម្មភាពមិនប្រក្រតី។

ចំណែក មាតាបិតា ឬអ្នកអាណាព្យាបាល និងសហគមន៍វិញ ក្រសួងអប់រំ​ស្នើ​ឱ្យ​មានកិច្ច​សហការចូលរួម និង​ផ្តល់​ការ​គាំទ្រ​កម្មវិធីអប់រំ ការប្រឹក្សា សកម្មភាពសង្គម សកម្មភាពលើក​កម្ពស់​វប្បធម៌សន្តិភាព កម្មវិធីសំដែងធម៌ទេសនា បឋកថា​អំពី​សីលធម៌ ឬសុជីវធម៌ ដែលរៀបចំ​ដោយ​គណៈគ្រប់គ្រងសាលារៀន។ ហើយ​ជាមួយ​គ្នា ក៏​ត្រូវ​ពិនិត្យ​មើល​សកម្មភាព​របស់នៅ​របស់កូនចៅ ជាពិសេស​ការ​អប់រំ​ឱ្យ​ចៀសឆ្ងាយ​ពីការ​ប្រើប្រាស់​គ្រឿងញៀន ការ​ជក់បារី និង​ការ​លេង​ល្បែង​ស៊ីសង​គ្រប់ប្រភេទ។

មាតាបិតា ឬអ្នកអាណាព្យាបាល ក៏​ត្រូវ​តាមដាន​ការ​សិក្សា ដោយ​ត្រូវ​សួរនាំ និងណែនាំកូន​ចៅ​នៅពេលមានកំហុស ព្រមទាំង​សហការជាមួយសាលារៀន ដោយ​ចូលរួម​កិច្ច​ប្រជុំ និងសហការជាមួយគ្រូបង្រៀន ដើម្បីដោះស្រាយ​បញ្ហា និងលើកទឹកចិត្តកូនចៅ។

បើតាម​ក្រសួងអប់រំ ការអប់រំចរិយាសម្បទារបស់អ្នកសិក្សា គឺជា​ភារកិច្ច និង​ទាមទារ​ការ​ចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់ ដូចជា គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន មាតាបិតា អ្នកអាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធ ក៏​ដូចជា​សង្គមជាតិទាំង​មូល៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា