កម្មវិធី "ការគិតបែបកុំព្យូទ័រ" នៅបឋមសិក្សា និងអនុសាសន៍គន្លឹះ ៤ ចំណុចរបស់រដ្ឋមន្ត្រីក្រសួងអប់រំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធី "ការគិតបែបកុំព្យូទ័រ" នៅបឋមសិក្សា និងអនុសាសន៍គន្លឹះ ៤ ចំណុចរបស់រដ្ឋមន្ត្រីក្រសួងអប់រំ

កម្មវិធី "ការគិតបែបកុំព្យូទ័រ" នៅបឋមសិក្សា និងអនុសាសន៍គន្លឹះ ៤ ចំណុចរបស់រដ្ឋមន្ត្រីក្រសួងអប់រំ

ដើម្បីឆ្លើយតបទៅនឹងក្របខ័ណ្ឌអាទិភាពកំណែទម្រង់បរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ កម្មវិធីអប់រំ «ការគិតបែបកុំព្យូទ័រ (CoolThink@JC)» កំពុងត្រូវបានដាក់ឱ្យអនុវត្តយ៉ាងសកម្ម និងទទួលបានលទ្ធផលគួរជាទីមោទនៈនៅតាមបណ្ដាសាលាបឋមសិក្សាគោលដៅ។

Advertisement

ផ្អែកលើទិដ្ឋភាពជាក់ស្ដែងនៅតាមថ្នាក់រៀន លោកគ្រូ អ្នកគ្រូបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ទេរចំណេះដឹង ខណៈដែលសិស្សានុសិស្សកំពុងចូលរួមយ៉ាងសកម្ម និងសប្បាយរីករាយក្នុងការអនុវត្តផ្ទាល់លើកុំព្យូទ័រ។ សិស្សានុសិស្សបានចាប់ផ្ដើមស្វែងយល់ពីការតម្រៀបប្លុកកូដបញ្ជាកម្រិតដំបូង ការរៀបចំសាច់រឿង និងការបង្កើតគំនូរជីវចលដោយខ្លួនឯង ដែលធ្វើឱ្យបរិយាកាសសិក្សាមានភាពរីករាយ។

បើតាម​ក្រសួងអប់រំ តាមរយៈការអនុវត្តកម្មវិធីនេះ សិស្សានុសិស្សកំពុងទទួលការអភិវឌ្ឍការគិតបែបតក្កវិជ្ជា និងវិភាគ ដែលជួយបណ្ដុះកុមារឱ្យចេះបំបែកបញ្ហាស្មុគស្មាញ និងដោះស្រាយបញ្ហាជាជំហានៗតាមលំដាប់លំដោយ។ បន្ថែមពីនេះ កម្មវិធីបានជំរុញភាពច្នៃប្រឌិត និងការសហការ ដោយផ្ដល់ឱកាស និងសេរីភាពឱ្យកុមារបញ្ចេញគំនិតថ្មីៗ បង្កើតគម្រោងផ្ទាល់ខ្លួន និងចេះពិភាក្សាធ្វើការងារជាក្រុម ព្រមទាំងជួយប្រែក្លាយផ្នត់គំនិតរបស់ពួកគេ ផ្លាស់ប្ដូរទម្លាប់ពីការត្រឹមតែជា «អ្នកប្រើប្រាស់បច្ចេកវិទ្យាទូទៅ» ទៅជា «អ្នកបង្កើតសមិទ្ធផលបច្ចេកវិទ្យា» ប្រកបដោយភាពជឿជាក់។

ដើម្បីធានាឱ្យបានប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តកម្មវិធីនេះនៅកម្រិតសាលារៀន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់អនុសាសន៍ និងការណែនាំគន្លឹះ ចំនួន៤ រួមមាន៖

ទី១. ការគាំទ្រពីគណៈគ្រប់គ្រង ៖ នាយកសាលាត្រូវធានាការថែទាំបន្ទប់កុំព្យូទ័រ ជំរុញការប្រើប្រាស់ឱ្យបានទូលំទូលាយ ព្រមទាំងរៀបចំកាលវិភាគសិក្សា និងក្លិបក្រៅម៉ោងឱ្យបានច្បាស់លាស់។

ទី២. ការប្ដេជ្ញាចិត្តរបស់គ្រូបង្គោល ៖ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្រៀនសិស្ស និងចែករំលែកចំណេះដឹងបន្តដល់សហការី ដើម្បីពង្រឹងសមត្ថភាពឌីជីថលរួមគ្នា។

ទី៣. ការផ្ដល់ឱកាសស្មើគ្នា (បរិយាបន្ន) ៖ ត្រូវលុបបំបាត់គម្លាតឌីជីថល ដោយធានាថា សិស្សគ្រប់រូប (ជាពិសេសសិស្សស្រី និងសិស្សនៅជនបទ) ទទួលបានការសិក្សាដោយមិនមានអ្នកណាម្នាក់ត្រូវបានទុកចោលឡើយ។

ទី៤. ការផ្សារភ្ជាប់ជាមួយមាតាបិតា និងសហគមន៍ ៖ ត្រូវបង្ហាញស្នាដៃជាក់ស្ដែងរបស់សិស្ស (ដូចជាហ្គេម ឬគំនូរជីវចល) ជូនមាតាបិតា ដើម្បីទទួលបានការគាំទ្រ និងលើកកម្ពស់ការយល់ដឹងពីតម្លៃនៃការអប់រំឌីជីថល។

គួរជម្រាបជូនថា ការបញ្ជ្រាបចំណេះដឹងផ្នែក «ការគិតបែបកុំព្យូទ័រ (CoolThink@JC)» តាំងពីកម្រិតបឋមសិក្សានេះ មិនមែនត្រឹមតែជាការរៀនប្រើប្រាស់កុំព្យូទ័រធម្មតានោះទេ ប៉ុន្តែវាគឺជាការចាក់គ្រឹះដ៏រឹងមាំសម្រាប់រៀបចំកុមារកម្ពុជាឱ្យត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសិក្សាស្រាវជ្រាវកម្រិតខ្ពស់ និងការចាប់យកជំនាញបច្ចេកវិទ្យានាពេលអនាគត។ ចំណេះដឹងមូលដ្ឋានទាំងនេះ នឹងក្លាយជាត្រីវិស័យនាំផ្លូវពួកគេឱ្យដើរទាន់ការវិវឌ្ឍនៃយុគសម័យឌីជីថល និងឆ្លើយតបទៅនឹងតម្រូវការបំណិនសតវត្សរ៍ទី២១៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា