ទិវាអន្តរជាតិនារី ៨មីនា ៖ នាយកស្ដីទីអង្គការភ្លែនអន្តរជាតិកម្ពុជា ចង់ឃើញបុរសចេះចែករំលែកបន្ទុកគ្រួសារក្នុងការចិញ្ចឹមកូន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទិវាអន្តរជាតិនារី ៨មីនា ៖ នាយកស្ដីទីអង្គការភ្លែនអន្តរជាតិកម្ពុជា ចង់ឃើញបុរសចេះចែករំលែកបន្ទុកគ្រួសារក្នុងការចិញ្ចឹមកូន

ទិវាអន្តរជាតិនារី ៨មីនា ៖ នាយកស្ដីទីអង្គការភ្លែនអន្តរជាតិកម្ពុជា ចង់ឃើញបុរសចេះចែករំលែកបន្ទុកគ្រួសារក្នុងការចិញ្ចឹមកូន

ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦នេះ ធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ», សម្រាប់លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា ចង់ឃើញបុរសចេះចែករំលែកបន្ទុកគ្រួសារក្នុងការចិញ្ចឹមកូន ដោយមិនដាក់បន្ទុកទៅលើតែស្រ្តីនោះ។

Advertisement

លោក យី គឹមថាន បានកត់សង្គាល់ថា ផ្នត់គំនិតយេនឌ័រ នៅក្នុងសង្គមកម្ពុជា នៅតែមាន ជាពិសេសនៅតំបន់ជនបទ ដោយមានន័យថា សង្គម និងគ្រួសារ នៅតែគិតថា ស្រ្តី និងក្មេងស្រីជាអ្នកដើរតួនាទីទៅដងទឹក ចម្អិនអាហារ បញ្ចុកបាយកូន រៀបចំចំណីអាហារកូន, ប្រសិនបើសុខភាពកូនធ្លាក់ចុះ គឺជាការទទួលខុសត្រូវរបស់ស្រ្តី និងក្មេងស្រី។

បើតាមលោក យី គឹមថាន សង្គម ឬគ្រួសារ សូមកុំនៅតែយល់ថា ស្រ្តីជាអ្នកដែលទទួលបន្ទុកក្នុងការរកទឹក ចម្អិនអាហារសម្រាប់គ្រួសារ ថែរក្សាកូន បញ្ចុកចំណីកូននោះឡើយ គឺត្រូវចាប់ផ្ដើមពិភាក្សាក្នុងគ្រួសារ ធ្វើយ៉ាងណាឱ្យប្ដី និងកូនប្រុស មានការទទួលខុសត្រូវទាំងអស់គ្នា ហើយកុំឱ្យគិតថា ស្រ្តីនៅតែជុំវិញចង្ក្រាន្តបាយ ស្រ្តីត្រូវតែមើលកូន បុរសក៏មានតួនាទីក្នុងនោះដែរ។

លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា

នាយកស្តីទីប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា សង្ឃឹមថា ទិវាអន្តរជាតិនារីនេះ មិនមែនគ្រាន់តែប្រារព្ធមួយថ្ងៃនោះទេ ពោលគឺប្រារព្ធជារៀងរហូត ដោយមានន័យថា គ្រួសារ សង្គម ឱ្យតម្លៃទៅលើម្ដាយ កូនស្រី ក្មួយស្រី ប្អូនស្រី គឺយើងទាំងអស់គ្នា ត្រូវជួយការងារទាំងអស់ ទាំងការងារផ្ទះ ទាំងការងាររកចំណូល ការសម្រេចចិត្តផ្សេងៗត្រូវតែមានការចូលរួមទាំងអស់គ្នា មិនមែនសង្គមនៅតែឱ្យតម្លៃទៅលើតែបុរសនោះទេ។

«…យើងជំរុញឱ្យបុរសក៏ត្រូវតែទទួលខុសត្រូវនៅក្នុងការដងទឹក ឬរកទឹកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ បុរសក៏មានតួនាទីក្នុងការចម្អិនអាហារ ផ្ដល់ចំណីអាហារឱ្យកូនដែរ មិនមែនតែស្រ្តីនោះទេ»

លោក យី គឹមថាន លើកឡើងថា ដោយសារស្រ្តី និងក្មេងស្រី បានចំណាយពេលច្រើនក្នុងការទៅដងទឹកនៅក្រៅផ្ទះ នៅអូរ ឬត្រពាំងឆ្ងាយពីផ្ទះ ពេលខ្លះគ្មានបង្គន់អនាម័យ ទៅក្នុងព្រៃ អាចធ្វើឱ្យបាត់បង់ភាពថ្លៃថ្នូរ។ ដើម្បីដោះស្រាយបញ្ហានេះ តាមរយៈអង្គការភ្លែន បានជំរុញឱ្យគ្រួសារទាំងអស់មានបង្គន់អនាម័យ ហើយគ្រួសារដែលក្រីក្រ គ្មានលទ្ធភាពសាងសង់បង្គន់អនាម័យ នឹងទទួលបានការឧបត្ថម្ភគាំទ្រ។ លើសពីនេះ ​រៀបចំអណ្ដូងទឹក ប្រព័ន្ធ​ចែកចាយ​ទឹក ឬស្រះទឹកនៅក្បែរផ្ទះពួកគាត់។ ជាពិសេស ជំរុញឱ្យបុរសមានតួនាទីក្នុងការដងទឹក ការសម្អាតផ្ទះ ជួយចិញ្ចឹមកូន ជួយបញ្ចុកបាយកូនទាំងអស់គ្នា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា