ពីចំណាត់ថ្នាក់លេខ៦ មកជាម្ចាស់ជ័យលាភីលេខ១! យុវតី រស់ ដា សិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរទូទាំងប្រទេស ថ្នាក់ទី១២ ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពីចំណាត់ថ្នាក់លេខ៦ មកជាម្ចាស់ជ័យលាភីលេខ១! យុវតី រស់ ដា សិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរទូទាំងប្រទេស ថ្នាក់ទី១២ ឆ្នាំ២០២៦

ពីចំណាត់ថ្នាក់លេខ៦ មកជាម្ចាស់ជ័យលាភីលេខ១! យុវតី រស់ ដា សិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរទូទាំងប្រទេស ថ្នាក់ទី១២ ឆ្នាំ២០២៦

យុវតី រស់ ដា ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែន ពងទឹក ខេត្តស្វាយរៀង, នាង​ក៏ ជា​ម្ចាស់ជ័យលាភី​លេខ១ ក្នុងការ​ប្រឡង​សិស្ស​ពូកែទូទាំង​ប្រទេស ថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ សម្រាប់ឆ្នាំ២០២៦នេះដែរ។

Advertisement

រស់ ដា និយាយថា រូបនាងស្រឡាញ់ និងចូលចិត្តមុខវិជ្ជាអក្សរសិល្ប៍ខ្មែរតាំងពីតូច, នាងធ្លាប់ជាប់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ ថ្នាក់ទី៩ កាលពីឆ្នាំ២០២៣ ដោយ​ទទួលបាន​​ចំណាត់ថ្នាក់លេខ៦។ ដោយ​ឡែកក្នុងការប្រឡងសិស្សពូកែថ្នាក់ទី១២នេះ ដំបូងឡើយ​យុវតី រស់ ដា មិនរំពឹងថា នឹងទទួលបានជ័យលាភីលេខ១នោះទេ ព្រោះក្នុងការប្រឡងនេះ គឺប្រជុំទៅដោយបេក្ខជនពូកែៗជាច្រើនមកពីគ្រប់រាជធានីខេត្ត។ តែទីបំផុត​នាងក៏ទទួលបានជោគជ័យ។

«ពេលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១នេះ ខ្ញុំពិតជារំភើប រីករាយសប្បាយក្រៃលែង»

យុវតី រស់ ដា ម្ចាស់ជ័យលាភីលេខ១ ប្រឡងសិស្សពូកែទូទាំងប្រទេស ថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ

ឆ្នាំនេះ យុវតី រស់ ដា ក៏​ត្រូវត្រៀមសម្រាប់​ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែរ ដូច្នេះ ការចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេសនេះ នាងពិតជាជួបការលំបាកខ្លះ ប៉ុន្តែនាងនៅតែព្យាយាមជំនះការលំបាកទាំងនោះរហូតសម្រេចក្ដីស្រមៃ។

ម្ចាស់ជ័យលាភីលេខ១ សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ រូបនេះ បានចែករំលែកពីវិធីសាស្ត្រក្នុងការប្រឡងសិស្សពូកែឱ្យទទួលបានជ័យលាភី នោះគឺការខិតខំអាន និងសរសេរ ដោយ​អនុវត្តឱ្យបានច្រើន ហើយគិត វិភាគ ត្រិះរិះ។ ពេលមិនយល់នាងតែងតែសួរទៅលោកគ្រូ អ្នកគ្រូ និងមិត្តរួមថ្នាក់។ ម៉្យាងទៀត នាងតែងតែចូលចិត្តអានសៀវភៅ និងអានស្នាដៃនានាតាមប្រព័ន្ធទូរស័ព្ទដៃផងដែរ។

យុវតី រស់ ដា លើកទឹកចិត្តដល់ប្អូនៗជំនាន់ក្រោយឱ្យខិតខំ ព្យាយាម រៀនសូត្រ ដើម្បីក្លាយខ្លួនជាធនធានមនុស្សសម្រាប់សង្គមជាតិ។

លោក ញ៉ាន់ សុវណ្ណ នាយកវិទ្យាល័យហ៊ុនសែន ពងទឹក ខេត្តស្វាយរៀង មានប្រសាសន៍ថា ក្នុងនាមជានាយកសាលា លោកមានអារម្មណ៍រំភើប រីករាយ មោទនភាព និងសប្បាយចិត្តខ្លាំង ពេលដែលសិស្សប្រឡងជាប់ជ័យលាភីលេខ១ សិស្សពូកែទូទាំងប្រទេស ថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ។

តាមការសង្កេតរបស់លោក សុវណ្ណ យុវតី រស់ ដា ជាសិស្សម្នាក់ដែលខិតខំសិក្សាស្រាវជ្រាវ សុភាពរាបសារ មានវិន័យក្នុងការសិក្សា រាល់ការសួរសំណួរ និងឆ្លើយ គឺមានភាពច្បាស់លាស់បំផុត។

នាយកវិទ្យាល័យហ៊ុនសែន ពងទឹក ខេត្តស្វាយរៀង លើកទឹកចិត្តទៅដល់សិស្សានុសិស្សផ្សេងៗទៀតថា ដើម្បីទទួលបានលទ្ធផលល្អបំផុតក្នុងការប្រឡង ប្អូនៗត្រូវខិតខំប្រឹងប្រែងសិក្សា គោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអប់រំ ស្តាប់តាមដំបូន្មានឪពុកម្តាយ និងលោកគ្រូអ្នកគ្រូ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា