អ្នកនាំពាក្យ​ ​៖​ ​បាក់ឌុប​មិន​ត្រឹមតែ​ជា​ការ​ប្រឡង​ តែ​បង្ហាញ​ពី​ស្មារតី​រួម​របស់​ជាតិ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ​ ​៖​ ​បាក់ឌុប​មិន​ត្រឹមតែ​ជា​ការ​ប្រឡង​ តែ​បង្ហាញ​ពី​ស្មារតី​រួម​របស់​ជាតិ​

អ្នកនាំពាក្យ​ ​៖​ ​បាក់ឌុប​មិន​ត្រឹមតែ​ជា​ការ​ប្រឡង​ តែ​បង្ហាញ​ពី​ស្មារតី​រួម​របស់​ជាតិ​

​ទីបំផុត​ ​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​ «​បាក់ឌុប​» ​ឆ្នាំ​២០២៦​ ​បាន​បិទ​បញ្ចប់​ ​ដោយ​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​ និង​បទពិសោធន៍​ជាច្រើន​សម្រាប់​សិស្សានុសិស្ស ​គ្រូបង្រៀន​ ​និង​មន្ត្រី​អប់រំ​។ ​អ្នកនាំពាក្យ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​លោកជំទាវ​ ​ឃួន​ វិច្ឆិកា ​បាន​លើកឡើង​ថា​ ​បាក់ឌុប​មិន​មែន​គ្រាន់តែ​ជា​ការ​វាស់ស្ទង់​ចំណេះដឹង​ ​និង​សមត្ថភាព​របស់​សិស្ស​ បន្ទាប់ពី​ការ​សិក្សា​រយៈពេល​១២​ឆ្នាំ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ជា​ព្រឹត្តិការណ៍​ជាតិ​ដែល​បង្ហាញ​ពី​ស្មារតី​រួម​ ការ​គោរព​វិន័យ​ និង​ការ​ឱ្យ​តម្លៃ​របស់​សង្គម​ចំពោះ​ការ​អប់រំ​។

Advertisement

​លោកជំទាវ​ ​ឃួន​ វិច្ឆិកា ​បាន​បញ្ជាក់​ថា​ ​សម្រាប់​សិស្សានុសិស្ស ​ការ​ប្រឡង​បាក់ឌុប​គឺជា​ចំណុច​សំខាន់​មួយ​នៃ​ដំណើរ​ជីវិត​ ​ដែល​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​បង្ហាញ​ពី​ចំណេះដឹង​ ​ជំនាញ​ ការ​ខិតខំប្រឹងប្រែង​ និង​ការ​តស៊ូ​ដែល​បាន​កសាងឡើង​អស់​រយៈពេល​១២​ឆ្នាំ​។​

​លើស​ពី​ចំណេះដឹង​ ​ការ​សិក្សា​ ​និង​ការ​ប្រឡង​ក៏​បាន​បណ្តុះ​សិស្ស​ឱ្យ​មាន​ការ​ទទួលខុសត្រូវ​ ការ​អត់ធ្មត់​ វិន័យ​ ភាព​ស្មោះត្រង់​ ​និង​ការ​ខិតខំប្រឹងប្រែង​ ​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន​។​

​លោកជំទាវ​ ​ឃួន​ វិច្ឆិកា ​ក៏​បាន​ចាត់ទុក​ការ​ចូលរួម​របស់​សង្គម​ទាំងមូល​ថា​ ​ជា​កត្តា​ដែល​ធ្វើឱ្យ​ការ​ប្រឡង​បាក់ឌុប​មាន​អត្ថន័យ​ជា​ព្រឹត្តិការណ៍​ជាតិ​។ ​ក្នុង​រយៈពេល​ប្រឡង​ ​ឪពុក​ម្តាយ​បាន​ខិតខំ​ជូន​កូន​ទៅ​មណ្ឌល​ប្រឡង ​ខណៈ​គ្រូបង្រៀន​ ​និង​បុគ្គលិក​អប់រំ​បាន​ចូលរួម​រៀបចំ​ ​និង​គាំទ្រ​សិស្ស​។​

​ចំណែក​មន្ត្រីរាជការ ​អាជ្ញាធរ​មូលដ្ឋាន​ កងកម្លាំង​មាន​សមត្ថកិច្ច​ ​និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ​ក៏​បាន​ចូលរួម​ធានា​សុវត្ថិភាព​ ​សណ្តាប់ធ្នាប់​ និង​ភាព​រលូន​នៃ​ដំណើរការ​ប្រឡង​ផងដែរ​។​

​ទន្ទឹមនឹង​នេះ​ ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​រំលឹក​ថា​ ​លទ្ធផល​បាក់ឌុប​មិន​មែន​ជា​ចំណុច​បញ្ចប់​នៃ​ជីវិត​របស់​សិស្ស​ និង​យុវជន​ឡើយ​។ ​សម្រាប់​អ្នក​ដែល​ជាប់​ វា​ជា​ជំហាន​ថ្មី​ឆ្ពោះ​ទៅរក​ការ​សិក្សា​បន្ត​ ​និង​ការងារ​ ​ខណៈ​អ្នក​ដែល​មិន​ទទួលបាន​លទ្ធផល​ដូច​ការ​រំពឹងទុក​ ​ក៏​អាច​យក​បទពិសោធន៍​នេះ​ជា​មេរៀន​ ​ដើម្បី​ស្វែងរក​ផ្លូវ​ថ្មី​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​។​

​ជាមួយគ្នា​នេះ​ លោក​បណ្ឌិត​ ​យង់ ​ពៅ ​អគ្គ​លេខាធិការ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ ​បាន​មើលឃើញ​ថា​ ​ការ​ប្រឡង​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៦​ ​បាន​ប្រព្រឹត្តទៅ​ដោយ​មាន​របៀបរៀបរយ​ ​និង​ប្រក្រតី​។ ​លោក​យល់​ថា​ ​ដំណើរការ​នេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា​ ​ទាំង​សិស្សានុសិស្ស​ដែល​ត្រូវ​ប្រឡង​ ​ឪពុក​ម្តាយ​ ​និង​អាណាព្យាបាល​ ​ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ ​សុទ្ធតែ​បាន​យល់ដឹង​យ៉ាង​ច្បាស់​អំពី​សារៈសំខាន់​ ​និង​ដំណើរការ​នៃ​ការ​ប្រឡង​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​។​

​ជា​រួម​ ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០២៦​ ​មិន​ត្រឹមតែ​ជា​វេទិកា​សម្រាប់​វាស់ស្ទង់​លទ្ធផល​សិក្សា​របស់​សិស្ស​បន្ទាប់ពី​ការ​សិក្សា​រយៈពេល​១២​ឆ្នាំ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ជា​ឱកាស​ឱ្យ​សង្គម​ទាំងមូល​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ចំពោះ​ការ​អប់រំ ​ការ​គោរព​វិន័យ​ និង​ការ​រួមចំណែក​ក្នុង​ការ​កសាង​អនាគត​យុវជន​ និង​ប្រទេសជាតិ​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា