អ្នកឃ្លាំមើលសង្គមព្រមាន ៖ ការទិញសញ្ញាបត្របណ្ឌិតដើម្បីបានងារ អាចបំផ្លាញតម្លៃសញ្ញាបត្រពិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកឃ្លាំមើលសង្គមព្រមាន ៖ ការទិញសញ្ញាបត្របណ្ឌិតដើម្បីបានងារ អាចបំផ្លាញតម្លៃសញ្ញាបត្រពិត

អ្នកឃ្លាំមើលសង្គមព្រមាន ៖ ការទិញសញ្ញាបត្របណ្ឌិតដើម្បីបានងារ អាចបំផ្លាញតម្លៃសញ្ញាបត្រពិត

អ្នកឃ្លាំមើលសង្គមព្រមានថា ការទទួលបានសញ្ញាបត្របណ្ឌិតដោយមិនឆ្លងកាត់ការសិក្សា និងស្រាវជ្រាវពិតប្រាកដ អាចប៉ះពាល់ដល់កិត្តិយសបុគ្គល បំផ្លាញតម្លៃសញ្ញាបត្រ និងបង្កផលប៉ះពាល់ដល់សង្គម ប្រសិនបើអ្នកដែលខ្វះសមត្ថភាពត្រូវបានដាក់ឱ្យកាន់តួនាទីសំខាន់ៗ។

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីបញ្ហានេះ បន្ទាប់ពីលោកបានបង្ហោះរូបភាពសាកលវិទ្យាល័យចំនួនពីរ ដោយអះអាងថា ស្ថាប័នទាំងនេះបានផ្តល់សញ្ញាបត្របណ្ឌិតដល់ជនជាតិខ្មែរមួយចំនួន ដែលអាចត្រូវបានយកមកប្រើប្រាស់ដើម្បីទទួលបានងារ «បណ្ឌិត» ឬ «សាស្ត្រាចារ្យបណ្ឌិត»។

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

តាមការបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា លោកមិនមានបំណងរិះគន់អ្នកដែលទទួលបានសញ្ញាបត្រពីស្ថាប័នទាំងនោះ ហើយមានចំណេះដឹង និងសមត្ថភាពសមស្របនឹងសញ្ញាបត្ររបស់ខ្លួននោះឡើយ។

ប៉ុន្តែលោកបានបង្ហាញការព្រួយបារម្ភចំពោះបុគ្គលដែលខ្វះចំណេះដឹង និងសមត្ថភាព ប៉ុន្តែចំណាយប្រាក់ទិញសញ្ញាបត្រ ដើម្បីតែទទួលបានងារ «បណ្ឌិត» ឬ «សាស្ត្រាចារ្យបណ្ឌិត» ដោយមិនមានសមត្ថភាពពិតប្រាកដ។

លោកបណ្ឌិត គិន ភា បានចាត់ទុកបាតុភាពនេះថា ជា «ការឆបោកក្នុងវិស័យអប់រំ» និងអំពាវនាវឱ្យប្រជាពលរដ្ឋពិចារណា និងស្គាល់សមត្ថភាពរបស់ខ្លួនឱ្យបានច្បាស់ មុននឹងសម្រេចទទួលយកសញ្ញាបត្រកម្រិតខ្ពស់។

លោកណែនាំថា អ្នកដែលមានបំណងទទួលបានសញ្ញាបត្របណ្ឌិត គួរជ្រើសរើសការសិក្សាដែលមានដំណើរការត្រឹមត្រូវ និងការស្រាវជ្រាវពិតប្រាកដ ទោះបីត្រូវចំណាយពេល និងការខិតខំប្រឹងប្រែងក៏ដោយ។ លោកយល់ថា សញ្ញាបត្រដែលទទួលបានដោយកិត្តិយស និងសមត្ថភាពពិតប្រាកដ មានតម្លៃជាងសញ្ញាបត្រដែលបានមកដោយការចំណាយប្រាក់ ដើម្បីតែទទួលបានងារ។

ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រើឃ្លា «ថ្នាំពុលមួយដំណក់ អាសន្នមួយឆ្នាំង!» ដើម្បីពន្យល់ពីផលប៉ះពាល់ដែលអាចកើតមាន ប្រសិនបើសញ្ញាបត្រត្រូវបានផ្តល់ឱ្យអ្នកដែលមិនមានសមត្ថភាពពិតប្រាកដ។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា

លោកបណ្ឌិត ឈត ប៊ុនថង បានពន្យល់ថា ប្រសិនបើបុគ្គលដែលមិនខិតខំរៀនសូត្រ ឬខ្វះសមត្ថភាព ប្រើវិធីមិនត្រឹមត្រូវ ដើម្បីទទួលបាន «សញ្ញាបត្របណ្ឌិត» នោះ ពួកគេមិនត្រឹមតែប៉ះពាល់ដល់កិត្តិយសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែអាចធ្វើឱ្យតម្លៃសញ្ញាបត្រ និងកិត្តិយសរបស់បណ្ឌិតដែលបានខិតខំសិក្សា និងស្រាវជ្រាវដោយស្មោះត្រង់ ត្រូវបានប៉ះពាល់ផងដែរ។

ជុំវិញការលើកឡើងនេះ គេនៅមិនទាន់ឃើញក្រសួងអប់រំ យុវជន និងកីឡា ឆ្លើយតបនៅឡើយទេ។ កន្លងមកក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានអះអាងថា សញ្ញាបត្របណ្ឌិតដែលយកមកប្រើប្រាស់នៅកម្ពុជា មិនថាចេញពីគ្រឹះស្ថានឧត្តមសិក្សាក្នុងស្រុក ឬក្រៅប្រទេសទេ ត្រូវឆ្លងកាត់ការពិនិត្យ និងបញ្ជាក់ទទួលស្គាល់ជាផ្លូវការពីក្រសួង ដើម្បីធានាគុណភាព និងភាពត្រឹមត្រូវស្របតាមច្បាប់៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា