ខេត្ត​គោលដៅ​ ​៧​ ត្រូវបាន​ជ្រើសរើស​ពង្រឹង​គុណភាព​អប់រំ ​ក្រោម​គម្រោង​រួម​រវាង​ក្រសួង​អប់រំ ​និង​អង្គការ​ទស្សនៈ​ពិភពលោក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្ត​គោលដៅ​ ​៧​ ត្រូវបាន​ជ្រើសរើស​ពង្រឹង​គុណភាព​អប់រំ ​ក្រោម​គម្រោង​រួម​រវាង​ក្រសួង​អប់រំ ​និង​អង្គការ​ទស្សនៈ​ពិភពលោក​

ខេត្ត​គោលដៅ​ ​៧​ ត្រូវបាន​ជ្រើសរើស​ពង្រឹង​គុណភាព​អប់រំ ​ក្រោម​គម្រោង​រួម​រវាង​ក្រសួង​អប់រំ ​និង​អង្គការ​ទស្សនៈ​ពិភពលោក​

​ខេត្ត​គោលដៅ​ចំនួន​ ​៧​ ​រួមមាន​ ​សៀមរាប​ បន្ទាយមានជ័យ​ ​កំពង់ស្ពឺ ​បាត់ដំបង​ ​ព្រះវិហារ​ ​កំពង់ធំ​ និង​ក្រចេះ​ ​នឹង​ទទួលបាន​ការ​គាំទ្រ​ក្នុង​ការ​ពង្រឹង​គុណភាព​អប់រំ ​តាមរយៈ​គម្រោង​រួម​រវាង​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​និង​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ ​(​World​ ​Vision​ ​International​) ​ដើម្បី​ពង្រឹង​សមត្ថភាព​រដ្ឋបាល​ក្រុង​ ​ស្រុក​ ក្នុង​ការ​អនុវត្ត​មុខងារ​អប់រំ​ដែល​ត្រូវបាន​ផ្ទេរ​។​

Advertisement

​កិច្ចព្រមព្រៀង​សហការ​នេះ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​៦​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​ដោយ​គម្រោង​នឹង​អនុវត្ត​ចាប់ពី​ខែកក្កដា ​ឆ្នាំ​២០២៦​ ​ដល់​ខែកញ្ញា​ ​ឆ្នាំ​២០២៧​។ ​គោលបំណង​សំខាន់​គឺ​លើកកម្ពស់​សមត្ថភាព​រដ្ឋបាល​ក្រុង​ ​ស្រុក​ ក្នុង​ការ​គ្រប់គ្រង​ ​ចាត់ចែង​ និង​អនុវត្ត​មុខងារ​វិស័យ​អប់រំ ​យុវជន​ និង​កីឡា​ ​ដែល​រាជ​រដ្ឋាភិបាល​បាន​ផ្ទេរ​ទៅ​ថ្នាក់​មូលដ្ឋាន​។​

​តាម​អង្គការ​ទស្សនៈ​ពិភពលោក​ ​គម្រោង​នេះ​នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​ និង​ខ្សែ​គណនេយ្យភាព​រវាង​រដ្ឋបាល​ក្រុង​ ​ស្រុក​ និង​គ្រឹះស្ថាន​អប់រំ ​តាមរយៈ​ការ​សម្របសម្រួល​ការងារ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​មុខងារ​ និង​លើកកម្ពស់​គុណភាព​សេវា​អប់រំ​សម្រាប់​សិស្សានុសិស្ស​នៅ​តាម​មូលដ្ឋាន​។​

​លោកស្រី​វេជ្ជបណ្ឌិត​ ​ថិន ​ធី​ហា ​នាយិកា​ស្តីទី​ប្រចាំ​ប្រទេស​ ​នៃ​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ ​ប្រចាំ​កម្ពុជា​ ​បាន​លើកឡើង​ថា​ លទ្ធផល​នៃ​គម្រោង​សាកល្បង​នៅ​ខេត្ត​សៀមរាប​ និង​បន្ទាយមានជ័យ ​បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​ជាក់ស្តែង​ និង​ក្លាយជា​មូលដ្ឋាន​សម្រាប់​ពង្រីក​ការ​គាំទ្រ​ទៅកាន់​ខេត្ត​ផ្សេង​ៗ​ទៀត​។​

​លោកស្រី​បាន​បញ្ជាក់​ថា​ ​« ​អង្គការ​នឹង​បន្ត​សហការ​ជាមួយ​ក្រសួង​អប់រំ ​ដើម្បី​ធានា​ថា​ ​ការ​ផ្ទេរ​មុខងារ​ទៅ​ថ្នាក់​មូលដ្ឋាន​ ​អាច​ផ្តល់​សេវា​សាធារណៈ​ដែល​មាន​ប្រសិទ្ធភាព​ តម្លាភាព​ ​គណនេយ្យភាព​ បរិយា​បន្ន ​និង​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​បាន​កាន់តែ​ល្អ​ប្រសើរ​»​។​

​ជាមួយគ្នា​នេះ​ លោកជំទាវ​បណ្ឌិត​ ​គឹម ​សេដ្ឋានី ​បាន​គូសបញ្ជាក់​ថា​ ​ការ​ចូលរួម​របស់​ដៃគូ​អភិវឌ្ឍន៍​ និង​អង្គការ​សង្គម​ស៊ីវិល ​គឺ​មាន​សារៈសំខាន់​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​អនុក្រឹត្យ​លេខ​ ​២១៣​ ​ស្តីពី​ការ​ផ្ទេរ​មុខងារ​អប់រំ ​យុវជន​ និង​កីឡា​ ​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ ​ដើម្បី​ធានា​ថា​ ​ការ​ផ្ទេរ​មុខងារ​នេះ​នឹង​រួមចំណែក​លើកកម្ពស់​គុណភាព​សិក្សា​របស់​សិស្សានុសិស្ស​នៅ​ទូទាំង​ប្រទេស​។​

​សូម​ជម្រាប​ថា​ ​ចាប់តាំងពី​ឆ្នាំ​២០២៤​ ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​អនុវត្ត​ការ​ផ្ទេរ​មុខងារ​វិស័យ​អប់រំ ​យុវជន​ និង​កីឡា​ ​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ ​នៅ​ទូទាំង​ប្រទេស​ ក្នុង​គោលបំណង​ពង្រឹង​វិមជ្ឈការ​ ​និង​ធ្វើឱ្យ​សេវា​អប់រំ​កាន់តែ​ខិត​ជិត​ប្រជាពលរដ្ឋ​។ ​ការ​ផ្ទេរ​នេះ​គ្របដណ្តប់​លើ​អនុវិស័យ​សំខាន់​ចំនួន​បី​ ​គឺ​ការ​អប់រំ​កុមារ​តូច​ ការ​អប់រំ​បឋមសិក្សា​ ​និង​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ​។​

​កាលពី​ឆ្នាំ​២០២៥​ ​អង្គការ​ទស្សនៈ​ពិភពលោក​បាន​អនុវត្ត​គម្រោង​សាកល្បង​នៅ​ខេត្ត​សៀមរាប​ និង​បន្ទាយមានជ័យ​។ ​លទ្ធផល​វាយតម្លៃ​បាន​បង្ហាញ​ថា​ ​ការ​ផ្ទេរ​មុខងារ​បាន​ធ្វើឱ្យ​សេវា​រដ្ឋបាល​អប់រំ​កាន់តែ​ខិត​ជិត​អ្នកប្រើប្រាស់​ និង​បង្កើន​ប្រសិទ្ធភាព​ការងារ​។

​បន្ថែម​ពី​នេះ​បុគ្គលិក​អប់រំ​ជាង​ ​៨០​% ​បាន​វាយតម្លៃ​ថា​ ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​មាន​សមត្ថភាព​កាន់តែ​ប្រសើរ​ក្នុង​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​ និង​ដោះស្រាយ​ការងារ​បាន​លឿន​ ​និង​មាន​ប្រសិទ្ធភាព​ជាង​មុន​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា