អាន១៥នាទីក្នុងមួយថ្ងៃប្តូរជារង្វាន់ ៖ សិង្ហបុរីបង្កើតកម្មវិធីជំរុញការអាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាន១៥នាទីក្នុងមួយថ្ងៃប្តូរជារង្វាន់ ៖ សិង្ហបុរីបង្កើតកម្មវិធីជំរុញការអាន

អាន១៥នាទីក្នុងមួយថ្ងៃប្តូរជារង្វាន់ ៖ សិង្ហបុរីបង្កើតកម្មវិធីជំរុញការអាន

សិង្ហបុរីបានដាក់ឱ្យដំណើរការកម្មវិធី «ReadSG Challenge» ដែលលើកទឹកចិត្តប្រជាជនឱ្យអានសៀវភៅយ៉ាងហោចណាស់១៥នាទីក្នុងមួយថ្ងៃ ដោយអ្នកចូលរួមអាចប្រមូលពិន្ទុ និងកាក់និម្មិត ដើម្បីប្តូរយករង្វាន់។

យោងតាមកាសែត The Straits Times កម្មវិធីនេះជាផ្នែកមួយនៃយុទ្ធនាការ ReadSG រយៈពេល៥ឆ្នាំ ដែលដឹកនាំដោយក្រុមប្រឹក្សាបណ្ណាល័យជាតិសិង្ហបុរី (NLB) ដើម្បីជំរុញប្រជាជនឱ្យបង្កើតទម្លាប់អានជាប្រចាំ។

កម្មវិធី ReadSG Challenge ត្រូវបានដាក់ឱ្យសាកល្បងចាប់ពីថ្ងៃទី៦ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ កម្មវិធីនេះដំណើរការតាមវេទិកា CrowdTask SG ដែលជាវេទិកាចូលរួមរបស់រដ្ឋាភិបាលសិង្ហបុរី។

អ្នកប្រើប្រាស់អាចកំណត់គោលដៅអានផ្ទាល់ខ្លួន តាមដានចំនួនថ្ងៃដែលបានអានជាប់គ្នា និងទទួលបានពិន្ទុបទពិសោធន៍ ព្រមទាំងកាក់និម្មិតដែលអាចយកទៅប្តូរជារង្វាន់។

គំនិតផ្តល់កាក់និម្មិតនេះត្រូវបានបង្ហាញជាលើកដំបូងនៅខែកក្កដា ដោយ NLB បានលើកឡើងថា កាក់និម្មិតអាចប្តូរជាសាច់ប្រាក់តាមវេទិកា ដោយកាក់១,០០០ ស្មើនឹង១ដុល្លារសិង្ហបុរី។

NLB មានគោលដៅទាក់ទាញអ្នកប្រើប្រាស់ចំនួន ១៥០,០០០នាក់ឱ្យចូលរួមក្នុងកម្មវិធីនេះត្រឹមខែកញ្ញា ឆ្នាំ២០២៧។ អ្នកចូលរួមក៏អាចទទួលបានរង្វាន់បន្ថែម ដូចជាវត្ថុអនុស្សាវរីយ៍របស់បណ្ណាល័យដែលមានចំនួនកំណត់ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍របស់ NLB និងដៃគូដែលបានជ្រើសរើស។

លោកស្រី Melissa Tam នាយកប្រតិបត្តិ NLB បានមានប្រសាសន៍ថា ទម្លាប់អានអាចកសាងឡើងតាមរយៈសកម្មភាពតូចៗដែលធ្វើជាប្រចាំ។

លោកស្រីបានលើកឡើងថា មនុស្សសព្វថ្ងៃរស់នៅក្នុងពិភពលោកដែលសម្បូរទៅដោយមាតិកា ព័ត៌មាន និងអ្វីៗដែលទាក់ទាញចំណាប់អារម្មណ៍ ដោយអាចរំកិលមើលចំណងជើងព័ត៌មានរាប់រយ មើលវីដេអូ ឬអានសេចក្តីសង្ខេបអំពីប្រធានបទផ្សេងៗបានគ្រប់ពេល។

លោកស្រីបានបន្តថា ដោយសារទម្លាប់ត្រូវបានកសាងឡើងតាមរយៈសកម្មភាពតូចៗ និងជាប់លាប់ NLB បានចាប់ផ្តើមជាមួយគោលដៅសាមញ្ញ គឺអាន១៥នាទីក្នុងមួយថ្ងៃ មិនថា នៅលើរថយន្តក្រុង មុនពេលចូលគេង ឬអំឡុងពេលសម្រាកអាហារថ្ងៃត្រង់ឡើយ។

NLB រំពឹងថា យុទ្ធនាការនេះនឹងជួយឱ្យប្រជាជនចាប់ផ្តើមអានពីរយៈពេលខ្លី ប៉ុន្តែធ្វើជាប្រចាំ ដើម្បីបង្កើតទម្លាប់អានឱ្យក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា