អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ ​៖​ ​ដំណើរការ​ស្រង់​ពិន្ទុ​បាក់​ឌុប​ដោយ​កុំព្យូទ័រ ​រៀបចំ​តាម​ការ​គ្រោងទុក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ ​៖​ ​ដំណើរការ​ស្រង់​ពិន្ទុ​បាក់​ឌុប​ដោយ​កុំព្យូទ័រ ​រៀបចំ​តាម​ការ​គ្រោងទុក​

អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ ​៖​ ​ដំណើរការ​ស្រង់​ពិន្ទុ​បាក់​ឌុប​ដោយ​កុំព្យូទ័រ ​រៀបចំ​តាម​ការ​គ្រោងទុក​

​អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​លោក​ជំទាវ ឃួន​ វិច្ឆិកា ​បាន​ឱ្យ​ដឹង​ថា​ ​ដំណើរការ​ស្រង់​ពិន្ទុ​បាក់​ឌុប​ដោយ​កុំព្យូទ័រ ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​ឆ្នាំ​២០២៦ ​ត្រូវ​បាន​រៀបចំ​តាម​ការ​គ្រោងទុក​ ​និង​មិន​មាន​បញ្ហា​អ្វី​គួរឱ្យ​កត់សម្គាល់​ឡើយ។

​លោក​ជំទាវ ឃួន​ វិច្ឆិកា ​មានប្រសាសន៍​ប្រាប់​ AMS ​ថា​ ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​បាន​ប្រជុំ​ណែនាំ​ទៅ​ដល់​គណៈកម្មាធិការ​ អនុ​គណៈកម្មាធិការ​ ​សមាជិក​ទាំងអស់​ ​ដែល​នឹង​ចូលរួម​ក្នុង​ដំណើរការ នៃ​ការ​ស្រង់​ពិន្ទុ​ដោយ​កុំព្យូទ័រ ​ហើយ​ដំណើរការ​នេះ​ ​គឺ​រៀបចំ​តាម​ការ​គ្រោងទុក​ ​មិន​មាន​បញ្ហា​កើតឡើង​គួរឱ្យ​កត់សម្គាល់​នោះ​ទេ។

​ការ​បញ្ជាក់​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​បាន​រៀបចំ​កិច្ច​ប្រជុំ​ស្តីពី​ការ​ណែនាំ​បច្ចេកទេស​ដល់​គណៈកម្មការ​ស្រង់​ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ​និង​ផ្ទៀងផ្ទាត់​ពិន្ទុ ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​សម័យ​ប្រឡង​ថ្ងៃ​ទី​១០​ ​ខែ​សីហា ​ឆ្នាំ​២០២៦ ​កាលពី​ថ្ងៃ​ទី​២០​ ​ខែ​សីហា ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។​

​កិច្ច​ប្រជុំ​នេះ​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ឧប​នាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​សម្រាប់​ដំណើរការ​ស្រង់​បូក​ ​ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ ​តំណាង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​A​CU​)​ ​មន្ត្រី​អប់រំ ​និង​សមាជិក​គណៈកម្មការ​ពាក់ព័ន្ធ។​

​ក្នុង​កិច្ច​ប្រជុំ​នោះ​ ​ឯកឧត្តម​ ​ហង់​ជួន ណារ៉ុន ​បាន​ថ្លែង​អំណរគុណ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​និង​មន្ត្រី​អប់រំ​គ្រប់​លំដាប់​ថ្នាក់ ​ដែល​បាន​បំពេញ​ភារកិច្ច​ក្នុង​ដំណើរការ​កំណែ ​ដោយ​ឯកឧត្តម​បាន​គូសបញ្ជាក់​ពី​ការ​បន្តពង្រឹង​យន្តការ​បច្ចេកទេស ​ដើម្បី​ធានា​ថា​ ការ​ស្រង់ បូក​ ​និង​ផ្ទៀងផ្ទាត់​ពិន្ទុ ​ប្រព្រឹត្តទៅ​ដោយ​ត្រឹមត្រូវ​ ​និង​អាច​ទុកចិត្ត​បាន។

​ក្រសួង​នឹង​បន្ត​អនុវត្ត​ការ​ត្រួតពិនិត្យ​សន្លឹក​កិច្ចការ ​(​Spot ​Check​)​ ​និង​រៀបចំ​ក្រុម​អ្នក​ផ្ទៀងផ្ទាត់​ចុងក្រោយ ​ដើម្បី​ធានា​ថា​ ​ពិន្ទុ​របស់​បេក្ខជន​គ្រប់​រូប​មាន​ភាព​ត្រឹមត្រូវ ​សុក្រឹត ​និង​កាត់បន្ថយ​ហានិភ័យ​ ​នៃ​កំហុស​ក្នុង​ការ​បូក​ ​និង​បញ្ចូល​ពិន្ទុ។

​ជាមួយគ្នា​នេះ​ ​ក្រសួង​មាន​ទិសដៅ​យក​លទ្ធផល​បាក់ឌុប​មក​សិក្សា​ ​និង​ផ្សារភ្ជាប់​ជាមួយ​ការ​វាយតម្លៃ​កម្រិត​អន្តរជាតិ​ PISA ​ព្រមទាំង​រៀបចំ​ប្រព័ន្ធ​ចំណាត់ថ្នាក់​គុណភាព​សាលារៀន ​ដោយ​ផ្អែក​លើ​ពិន្ទុ​មធ្យម​ភាគ​ ​និង​កម្រិត​និទ្ទេស​របស់​សិស្ស ​ដូចជា​ A​,​ B ​និង​ C។

​គួរ​ជម្រាប​ថា​ ​តាម​ការ​គ្រោង​ទុក​ ​ក្រសួង​អប់រំ​គ្រោង​ប្រកាស​លទ្ធផល​ ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​សម័យ​ប្រឡង​ ​១០​ សីហា​ ​២០២៦ ​នៅ​ថ្ងៃ​ទី​២ ​កញ្ញា​ ​ឆ្នាំ​២០២៦៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា