សៀវភៅ​ក្រដាស​ និង​អេក្រង់​ទូរសព្ទ​ ​៖ ​តើ​មួយ​ណា​ល្អ​សម្រាប់​ខួរក្បាល​កូន​អ្នក​?​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សៀវភៅ​ក្រដាស​ និង​អេក្រង់​ទូរសព្ទ​ ​៖ ​តើ​មួយ​ណា​ល្អ​សម្រាប់​ខួរក្បាល​កូន​អ្នក​?​

សៀវភៅ​ក្រដាស​ និង​អេក្រង់​ទូរសព្ទ​ ​៖ ​តើ​មួយ​ណា​ល្អ​សម្រាប់​ខួរក្បាល​កូន​អ្នក​?​

​នៅ​ប្រទេស​យើង​សព្វ​ថ្ងៃ​នេះ​ ស្ទើរតែ​គ្រប់គ្រួសារ​ សុទ្ធតែ​មាន​ស្មាតហ្វូន ​ឬ​ថេប្លេត​នៅ​ផ្ទះ​។ ​ចាប់ពី​ទីក្រុង​ភ្នំពេញ​ រហូតដល់​តាម​ខេត្ត​នានា​ ​កុមារ​តូច​ៗ​ច្រើន​តែ​ស៊ាំ​នឹង​ការ​មើល​ទូរសព្ទ​តាំងពី​អាយុ​នៅ​តូច ​ជាង​ការ​កាន់​សៀវភៅ​។ ​ជា​ការ​ពិត​ ​ការ​ឱ្យ​កូន​មើល​ទូរសព្ទ​ ​ជួយ​ឱ្យ​ឪពុក​ម្ដាយ​មាន​ពេល​ធ្វើ​ការងារ​ផ្ទះ​ ​ឬ​សម្រាក​ខ្លះ​។ ​ប៉ុន្តែ​សំណួរ​ដែល​ឪពុក​ម្ដាយ​ជាច្រើន​នាក់​មិន​ទាន់​បាន​ដឹង​ច្បាស់​នោះ​គឺ​ ​តើ​វិធី​នេះ​ប៉ះពាល់​ដល់​ការ​រៀន​អាន ​និង​ការ​គិត​របស់​កូន​យើង​ដែរ​ឬ​ទេ​?​

Advertisement

​អ្នកជំនាញ​ផ្នែក​ខួរក្បាល​ ​និង​ការ​អាន ​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​ឆ្នាំ​មកហើយ​ ​ដើម្បី​ស្វែងយល់​ពី​ភាព​ខុសគ្នា​រវាង​ការ​អាន​លើ​ក្រដាស​ និង​ការ​អាន​លើ​អេក្រង់​។ ​លទ្ធផល​នៃ​ការ​សិក្សា​ទាំងនោះ​ ​គួរឱ្យ​ចាប់អារម្មណ៍​ណាស់​សម្រាប់​ឪពុក​ម្ដាយ​គ្រប់​រូប ​ដែល​គួរ​ស្វែងយល់​។​

​១. ​តើ​កុមារ​គួរ​ចាប់ផ្ដើម​អាន​អ្វី​មុន​?​

​សម្រាប់​កូន​តូច​ៗ​អាយុ​ពី​ ​០​ ​ដល់​ ​៥​ ​ឆ្នាំ​ ការ​ស្រាវជ្រាវ​បាន​ចង្អុលបង្ហាញ​ពី​លំដាប់ថ្នាក់​ដូច​ខាងក្រោម​៖
​១​ ​- ​សៀវភៅ​ក្រដាស​ ​ជា​ជម្រើស​ល្អ​បំផុត​ ​ព្រោះ​ជួយ​ឱ្យ​កូន​ផ្ដោត​អារម្មណ៍​បាន​យូរ​ ​និង​បង្កើន​ទំនាក់ទំនង​ជាមួយ​ឪពុក​ម្ដាយ​ពេល​អាន​ជាមួយគ្នា​។
​២​ ​-​ ​ការ​ស្ដាប់​រឿង​ ​ឬ​បទចម្រៀង​ ​ជួយ​ឱ្យ​កូន​ចេះ​ស្រមើស្រមៃ​ និង​គិត​តាម​រឿង​។
​៣​ ​-​ ​ថេ​ប្លេត ​ឬ​ស្មាតហ្វូន ​គួរ​ដាក់​ជា​ជម្រើស​ចុងក្រោយ​បំផុត​។​

​ហេតុ​អ្វី​បានជា​អេក្រង់​ស្ថិត​នៅ​ចុងក្រោយ​គេ​? ​ដោយសារ​វីដេអូ ​ឬ​ហ្គេម​លើ​ទូរសព្ទ​ ​មាន​ពណ៌​ភ្លឺ​ ​សំឡេង​រំភើប​ និង​ផ្លាស់ប្ដូរ​រូបភាព​លឿន​ៗ​ ធ្វើឱ្យ​ខួរក្បាល​កូន​តូច​ត្រូវបាន​ហ្វឹកហាត់​ឱ្យ​ ​”​ចង់​ដឹង​ចង់​ឃើញ​របស់​ថ្មី​ៗ​” ​ជានិច្ច​។ ​លទ្ធផល​គឺ​ ​កូន​នឹង​ទម្លាប់​ការ​រំញោច​ខ្លាំង​ ​ហើយ​ពេល​ឈប់​លេង​ទូរសព្ទ​ ​ច្រើន​តែ​ស្រែក​ថា​ ​”​ធុញ​”​ ​ព្រោះ​ខួរក្បាល​ទទួល​ការ​រំញោច​ខ្លាំង​ពេក​មក​ហើយ​ ធៀប​នឹង​សកម្មភាព​ធម្មតា​ដូចជា​ការ​អាន​សៀវភៅ​ ​ឬ​លេង​ក្រៅ​ផ្ទះ​។​

​២. ​ហេតុ​អ្វី​បានជា​ការ​អាន​សំខាន់​ចំពោះ​ខួរក្បាល​?​

​មនុស្ស​យើង​មិន​កើត​មក​មាន​ផ្នែក​ខួរក្បាល​សម្រាប់​ “​អាន​” ​ដូច​ផ្នែក​សម្រាប់​និយាយ​ ​ឬ​មើលឃើញ​នោះ​ទេ​។ ​ការ​អាន ​គឺជា​ជំនាញ​ដែល​ខួរក្បាល​ត្រូវ​ សិក្សា​បង្កើត​ថ្មី​ ​ជារៀងរាល់​ជំនាន់ ​ដោយ​ភ្ជាប់​ផ្នែក​ផ្សេង​ៗ​ចូល​គ្នា​ ​ទាំង​ផ្នែក​មើលឃើញ​ ភាសា ​និង​ការ​គិត​។ ​នេះ​ជា​មូលហេតុ​ដែល​កុមារ​ត្រូវការ​ពេលវេលា​ច្រើន​ និង​ការ​ហាត់​ម្ដង​ហើយ​ម្ដង​ទៀត​ ​ដើម្បីឱ្យ​ខួរក្បាល​បង្កើត​បណ្ដាញ​នេះ​ឱ្យ​រឹងមាំ​។ ​ការ​ចាប់ផ្ដើម​ពី​សៀវភៅ​ក្រដាស​តាំងពី​តូច ​ជា​មូលដ្ឋានគ្រឹះ​ដ៏​ល្អ​សម្រាប់​ជំនាញ​នេះ​។​

​៣. ​តើ​ទូរសព្ទ​ ​ឬ​ថេប្លេត ​អាក្រក់​ទាំងអស់​មែន​ទេ​?​

​មិន​មែន​អញ្ចឹង​ទេ​។​ បច្ចេកវិទ្យា​មាន​ប្រយោជន៍​ណាស់​ក្នុង​ករណី​ខ្លះ​ ​ដូចជា​៖​
​-​ ​ជួយ​កូន​ដែល​មាន​ការ​លំបាក​ក្នុង​ការ​អាន ​ដូចជា​កូន​អាន​យឺត ​ឬ​មាន​បញ្ហា​ចាំ​អក្សរ​។ ​កម្មវិធី​អប់រំ​លើ​ទូរសព្ទ​អាច​ជួយ​ឱ្យ​កូន​ហាត់បន្ថែម​តាម​ល្បឿន​ផ្ទាល់ខ្លួន​។
​- ​ជួយ​គ្រូបង្រៀន​តាមដាន​ការ​រីកចម្រើន​ របស់​សិស្ស ​ដូចជា​ល្បឿន​នៃ​ការ​អាន ​ការ​ចេះ​អក្សរ​ និង​ការ​បញ្ចេញ​សំឡេង​។​

​ដូច្នេះ​ ​ចំណុច​សំខាន់​មិន​មែន​នៅ​ត្រង់​ថា​ ​”​ហាម​ប្រើ​”​ ​ទូរសព្ទ​ទាំងស្រុង​នោះ​ទេ ​គឺ​នៅ​ត្រង់​ របៀប​ប្រើ​ ​និង​ពេលវេលា​ណា​ដែល​សមស្រប​។​

​៤.​ ​ហានិភ័យ​នៃ​ការ​អាន​លើ​អេក្រង់​ច្រើន​ពេក​

​មនុស្ស​ជាច្រើន​នាក់​គិត​ថា​ ​ខ្លួន​អាន​នៅលើ​អេក្រង់​បាន​លឿន​ ​និង​បាន​ច្រើន​ជាង​អាន​លើ​ក្រដាស​។ ​ប៉ុន្តែ​ជាក់ស្ដែង​ ​នេះ​គ្រាន់តែ​ជា​ការ ​អូស​មើល​រហ័ស​ៗ ​(​scroll​) ​ការ​ស្វែងរក​ពាក្យ​គន្លឹះ​ ​ឬ​ការ​អាន​ស្រាល​ៗ​តែ​ប៉ុណ្ណោះ​ ​មិន​មែន​ជា​ការ​អាន​យកចិត្តទុកដាក់​ពិតប្រាកដ​ទេ​។ ​បើ​អនុវត្ត​ទម្លាប់​នេះ​ជាប្រចាំ​ ​អាច​ធ្វើឱ្យ​យើង​បាត់បង់​សមត្ថភាព​ ​គិត​វិភាគ​ស៊ីជម្រៅ​ ​ដែល​ចាំបាច់​សម្រាប់​ការ​សិក្សា​ ​ការ​ធ្វើការ​ និង​ការ​សម្រេចចិត្ត​ក្នុង​ជីវិត​។​

​៥. ​អនុសាសន៍​សម្រាប់​ឪពុក​ម្ដាយ​ ​និង​គ្រូបង្រៀន​

​1. ​ចាប់ផ្ដើម​ពី​សៀវភៅ​ក្រដាស​មុន​ ​សូម្បីតែ​សៀវភៅ​រូបភាព​សាមញ្ញ​ៗ​ ​ឬ​សៀវភៅ​និទាន​តាម​ផ្ទះ​ ​ក៏​អាច​ជួយ​កូន​បាន​ច្រើន​ដែរ​។ ​ចំណាយ​ពេល​ ​១៥​-​២០​ ​នាទី​អាន​ជាមួយ​កូន​រាល់​ថ្ងៃ​ ​មាន​តម្លៃ​ជាង​អ្វី​ៗ​ទាំងអស់​។
​2. ​កំណត់​ពេលវេលា​មើល​អេក្រង់​ឱ្យ​ច្បាស់​ ​ជាពិសេស​សម្រាប់​កូន​អាយុ​ក្រោម​ ​៥​ ​ឆ្នាំ​។
​3. ​ប្រើ​ទូរសព្ទ​ ​ឬ​ថេប្លេត​ជា​ឧបករណ៍​ជំនួយ​ មិន​មែន​ជា​ឧបករណ៍​ចម្បង​ទេ ​ជាពិសេស​សម្រាប់​កូន​ដែល​ត្រូវការ​ជំនួយ​បន្ថែម​ក្នុង​ការ​អាន​។
​4. ​បង្រៀន​អាន​ស៊ីជម្រៅ​ជាមុន​ ​រួច​ទើប​ផ្ទេរ​ទៅ​ឌីជីថល ​នៅពេល​កូន​ចេះ​អាន​ក្រដាស​បាន​ល្អ​ ​និង​ចេះ​គិត​វិភាគ​រឿងរ៉ាវ​ហើយ​ ​ទើប​បង្រៀន​គេ​ឱ្យ​ប្រើ​អេក្រង់​ដោយ​ប្រុងប្រយ័ត្ន ​និង​ចេះ​ពិចារណា​។​

​សរុប​មកវិញ​ ​សៀវភៅ​ក្រដាស​ ​នៅតែ​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​ខួរក្បាល​ ​និង​ការ​គិត​របស់​កូន​ៗ​យើង​។ ​បើ​ឪពុក​ម្ដាយ​ចង់ឱ្យ​កូន​ចេះ​គិត​ ​វិភាគ​ ​និង​ចេះ​ស្រមៃ​បាន​ល្អ​នា​ពេល​អនាគត ​សូម​ចាប់ផ្ដើម​ពី​ការ​អាន​សៀវភៅ​ជាមួយ​កូន​តាំងពី​ថ្ងៃ​នេះ​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា