អង្គការ​ OE​CD ​៖​ ការ​រីកចម្រើន​ PISA ​របស់​កម្ពុជា​ ​មិន​ត្រឹមតែ​ជា​តួលេខ​ ​ប៉ុន្តែ​ជា​ភស្តុតាង​នៃ​វឌ្ឍនភាព​ប្រព័ន្ធ​អប់រំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការ​ OE​CD ​៖​ ការ​រីកចម្រើន​ PISA ​របស់​កម្ពុជា​ ​មិន​ត្រឹមតែ​ជា​តួលេខ​ ​ប៉ុន្តែ​ជា​ភស្តុតាង​នៃ​វឌ្ឍនភាព​ប្រព័ន្ធ​អប់រំ​

អង្គការ​ OE​CD ​៖​ ការ​រីកចម្រើន​ PISA ​របស់​កម្ពុជា​ ​មិន​ត្រឹមតែ​ជា​តួលេខ​ ​ប៉ុន្តែ​ជា​ភស្តុតាង​នៃ​វឌ្ឍនភាព​ប្រព័ន្ធ​អប់រំ​

ការ​រីកចម្រើន​របស់​សិស្ស​កម្ពុជា​តាមរយៈ​លទ្ធផល​ PISA-2025 ​មិន​ត្រឹមតែ​ជា​តួលេខ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ជា​ភស្តុតាង​បង្ហាញ​ថា​ ​ប្រព័ន្ធ​អប់រំ​កម្ពុជា​កំពុង​សម្រេច​បាន​នូវ​វឌ្ឍនភាព​យ៉ាង​ធំធេង ​និង​ពិតប្រាកដ​។​ ​នេះ​ជា​ការ​លើកឡើង​របស់​លោក​ ​Andreas ​Schleicher ​នាយក​ផ្នែក​អប់រំ ​និង​ជំនាញ ​នៃ​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​(​OE​CD​)​ ​ខណៈ​លោក​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​សមិទ្ធផល​របស់​កម្ពុជា​។​

​កម្មវិធី​អន្តរជាតិ​សម្រាប់​ការ​វាយតម្លៃ​សិស្ស​ ​(​PISA-2025​) ​គឺជា​ការ​វាយតម្លៃ​លើ​សមត្ថភាព​សិក្សា​របស់​សិស្ស​អាយុ ​១៥​ឆ្នាំ​ ​ដែល​ធ្វើឡើង​រៀងរាល់​ ៣​ឆ្នាំ​ម្តង​ ​ដោយ​ OE​CD​។​

​លោក​ ​Andreas ​Schleicher ​បាន​លើកឡើង​ថា​ ​ពិន្ទុ​វិទ្យាសាស្ត្រ​របស់​សិស្ស​កម្ពុជា​បាន​កើនឡើង​ ​៣៤​ពិន្ទុ ​បើ​ធៀប​នឹង​ឆ្នាំ​២០២២ ​និង​ ៥០​ពិន្ទុ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ​ដែល​លោក​ចាត់ទុក​ថា​ ​ស្មើនឹង​ការ​រីកចម្រើន​ជាង​២​ឆ្នាំ​នៃ​ការ​រៀនសូត្រ ​និង​ជា​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​កម្រិត​អន្តរជាតិ​។

​ក្រៅ​ពី​វិទ្យាសាស្ត្រ​ ​លទ្ធផល​ផ្នែក​អំណាន​របស់​សិស្ស​កម្ពុជា​ក៏​មាន​ការ​រីកចម្រើន​ខ្លាំង ​ដោយ​កំណើន​លទ្ធផល​អំណាន​បាន​ឈាន​ដល់​លំដាប់​ទី​២ ​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ចូលរួម​ ​ខណៈ​ប្រព័ន្ធ​អប់រំ​នៃ​ប្រទេស​មួយចំនួន​ផ្សេងទៀត​មាន​ការ​ធ្លាក់ចុះ​។

​លោក​ Schleicher ​បាន​សង្កត់ធ្ងន់​ថា​ វឌ្ឍនភាព​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត​ ​និង​ការ​អនុវត្ត​កំណែទម្រង់​វិស័យ​អប់រំ​ជា​បន្តបន្ទាប់​ ​ព្រមទាំង​ការ​វិនិយោគ​លើ​ការ​អប់រំ​ ​គ្រូ​បង្រៀន ​និង​ការ​ប្រើប្រាស់​ធនធាន​ប្រកប​ដោយ​ប្រសិទ្ធភាព​។

​លោក​បាន​បញ្ជាក់​ថា​ ​ការ​អប់រំ​មិន​មែន​គ្រាន់តែ​ជា​ការ​ចំណាយ​សាធារណៈ​ទេ ​ប៉ុន្តែ​ជា​ការ​វិនិយោគ​លើ​ផលិតភាព​កម្លាំង​ពលកម្ម​ ​សាមគ្គី​ភាព​សង្គម ​និង​អនាគត​របស់​ប្រទេស។ ​លោក​ក៏​បាន​សរសើរ​ចំពោះ​កិច្ច​ខិតខំ​របស់​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​គុណភាព​អប់រំ​ស្រប​ជា​មួយ​សមធម៌ ​តាមរយៈ​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​គ្រូ​ ​ការ​ផ្តល់​សម្ភារ​សិក្សា​ ​និង​ការ​ជំរុញ​ឱ្យ​គ្រូបង្រៀន​ធ្វើ​ការ​រួមគ្នា​ ​ចែក​រំលែក​បទពិសោធន៍​ ​និង​កែលម្អ​ការ​បង្រៀន។

​លោក​ ​Andreas ​Schleicher ​បាន​លើកទឹកចិត្ត​កម្ពុជា​ឱ្យ​បន្ត​រក្សា​សន្ទុះ​នៃ​វឌ្ឍនភាព​ ​ពង្រឹង ​និង​ពង្រីក​កំណែទម្រង់​អប់រំ ​ព្រមទាំង​ធានា​ឱ្យ​កុមារ​កម្ពុជា​គ្រប់​រូប​ទទួល​បាន​អត្ថប្រយោជន៍​ពី​កំណែទម្រង់​ទាំងនេះ។

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​ ​ហង់ ​ជួន ណារ៉ុង ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​បាន​លើកឡើង​ថា​ ​លទ្ធផល​ PISA ​របស់​កម្ពុជា​ ​គឺជា​ការ​កែលម្អ​គួរ​ឱ្យ​ស្ងប់​ស្ងែង ​ជាពិសេស​នៅពេល​ដែល​លទ្ធផល​សិក្សា​របស់​សិស្ស​ក្នុង​ប្រព័ន្ធ​អប់រំ​ជា​ច្រើន​នៅលើ​ពិភពលោក​មាន​ការ​ធ្លាក់ចុះ។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​កាល​ពី​៤​ឆ្នាំ​មុន​ ​លទ្ធផល​របស់​កម្ពុជា​ស្ថិត​នៅ​ក្រោម​គេ​ ​ប៉ុន្តែ​នៅ​ឆ្នាំ​២០២៥​ ​កម្ពុជា​ទទួល​បាន​កំណើន​ទាំង​ផ្នែក​វិទ្យាសាស្ត្រ ​និង​ផ្នែក​បំណិន​អាន៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា