កូរ៉េខាងជើងហាមកុមារអាយុក្រោម ១៤ ឆ្នាំប្រើទូរស័ព្ទដៃ ខណៈរដ្ឋបន្តរឹតបន្តឹងព័ត៌មានពីខាងក្រៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើងហាមកុមារអាយុក្រោម ១៤ ឆ្នាំប្រើទូរស័ព្ទដៃ ខណៈរដ្ឋបន្តរឹតបន្តឹងព័ត៌មានពីខាងក្រៅ

កូរ៉េខាងជើងហាមកុមារអាយុក្រោម ១៤ ឆ្នាំប្រើទូរស័ព្ទដៃ ខណៈរដ្ឋបន្តរឹតបន្តឹងព័ត៌មានពីខាងក្រៅ

ព្យុងយ៉ាង ៖ ក្នុងការបន្តរឹតបន្តឹងការចូលដំណើរការព័ត៌មានពីខាងក្រៅ ជាពិសេសក្នុងចំណោមកុមារ និងយុវជន អាជ្ញាធរនៅខេត្តព្យុងអានខាងត្បូងនៃប្រទេសកូរ៉េខាងជើង បានចេញសេចក្តីណែនាំថ្មីមួយ ហាមឃាត់កុមារអាយុក្រោម ១៤ ឆ្នាំមិនឱ្យកាន់កាប់ ឬប្រើប្រាស់ទូរស័ព្ទដៃ ខណៈឪពុកម្តាយ និងគ្រូបង្រៀនក៏អាចប្រឈមនឹងវិធានការវិន័យ និងទណ្ឌកម្មរដ្ឋបាលផងដែរ ប្រសិនបើរកឃើញថាមានការរំលោភបំពាន។

Advertisement

អ្នកសង្កេតការណ៍លើកឡើងថា វិធានការថ្មីនេះឆ្លុះបញ្ចាំងពីការបន្តរឹតបន្តឹងការគ្រប់គ្រងរបស់រដ្ឋកូរ៉េខាងជើងលើការចូលដំណើរការព័ត៌មានពីខាងក្រៅ ជាពិសេសក្នុងចំណោមកុមារ និងយុវជន ដោយប្រើប្រាស់ទាំងប្រព័ន្ធអប់រំ គ្រួសារ និងអង្គការយុវជនជាយន្តការអនុវត្ត។

យោងតាមសារព័ត៌មាន Daily NK ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ប្រភពមួយនៅខេត្តព្យុងអានខាងត្បូងបានឱ្យដឹងថា គណៈកម្មាធិការបក្សខេត្តបានកោះប្រជុំបន្ទាន់កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំដែលដាក់បម្រាមទាំងស្រុងលើការកាន់កាប់ទូរស័ព្ទដៃដោយកុមារអាយុក្រោម ១៤ ឆ្នាំ។

សេចក្តីណែនាំថ្មីនេះមានសរុប ១១ ប្រការ។ ក្នុងនោះ បីប្រការដំបូងហាមឃាត់កុមារអាយុក្រោម ១៤ ឆ្នាំមិនឱ្យកាន់ទូរស័ព្ទដៃ និងអនុញ្ញាតឱ្យមន្ត្រីសម្ព័ន្ធយុវជន សហភាពកុមារ និងគ្រូបង្រៀន រឹបអូសទូរស័ព្ទដែលរកឃើញនៅច្រកទ្វារសាលា ឬក្នុងថ្នាក់រៀន ដើម្បីរក្សាទុកតាមនីតិវិធី។

លើសពីនេះ សាលារៀនទាំងអស់ត្រូវរៀបចំកិច្ចប្រជុំជាបន្ទាន់ជាមួយឪពុកម្តាយក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីសេចក្តីណែនាំចូលជាធរមាន ដើម្បីជូនដំណឹងអំពីគោលនយោបាយថ្មី និងរំលឹកថា ឪពុកម្តាយមានទំនួលខុសត្រូវក្នុងការទប់ស្កាត់កូនៗមិនឱ្យចូលប្រើព័ត៌មានពីខាងក្រៅតាមរយៈទូរស័ព្ទដៃនៅក្នុងផ្ទះ។

ចំពោះមូលហេតុដែលនាំឱ្យមានការចេញសារាចរណែនាំនេះ បើតាមប្រភពព័ត៌មានថា គឺដោយសារតែអាជ្ញាធរខេត្តមានការព្រួយបារម្ភចំពោះអ្វីដែលពួកគេហៅថា «ការរីករាលដាលជាសម្ងាត់នៃតន្ត្រី និងវីដេអូពេញនិយមរបស់កូរ៉េខាងត្បូង» ក្នុងចំណោមយុវវ័យ នៅក្នុងខេត្តព្យុងអានខាងត្បូង។ មន្ត្រីអាជ្ញាធរបានសន្និដ្ឋានថា អត្តសញ្ញាណខាងមនោគមវិជ្ជារបស់យុវជនកូរ៉េខាងជើង កំពុងរងការគំរាមកំហែង។ ការព្រួយបារម្ភលើឥទ្ធិពលវប្បធម៌កូរ៉េខាងត្បូង ដែលនៅក្នុងវោហាសាស្ត្ររដ្ឋរបស់កូរ៉េខាងជើងហៅថា «វប្បធម៌ប្រតិកិរិយាប្រឆាំងសង្គមនិយម» គឺជាមូលហេតុដែលនាំឱ្យមានការបង្ក្រាបលើការប្រើប្រាស់ទូរស័ព្ទដៃ និងខ្លឹមសារបរទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ប្រភពខាងលើបានពន្យល់ថា គោលបំណងនៃបម្រាមនេះ គឺដើម្បីបង្កើតរបាំងការពារដ៏រឹងមាំមួយ ទាំងនៅផ្ទះ និងនៅសាលារៀន ក្នុងពេលតែមួយ ដើម្បីកាត់ផ្តាច់ការទទួលបានព័ត៌មានពីខាងក្រៅចំពោះកុមារដែលនៅក្មេងពេក ដែលកន្លងមកមិនទាន់ស្ថិតក្រោមការរឹតបន្តឹងដូចមនុស្សវ័យចាស់ និងមនុស្សពេញវ័យនៅឡើយ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា