ជិតមួយទសវត្សរ៍ ក្រសួងអប់រំ និងយូណេស្កូ វិនិយោគជាង២៧លានដុល្លារ ដើម្បីពង្រឹងគុណភាពគ្រូបង្រៀននៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជិតមួយទសវត្សរ៍ ក្រសួងអប់រំ និងយូណេស្កូ វិនិយោគជាង២៧លានដុល្លារ ដើម្បីពង្រឹងគុណភាពគ្រូបង្រៀននៅកម្ពុជា

ជិតមួយទសវត្សរ៍ ក្រសួងអប់រំ និងយូណេស្កូ វិនិយោគជាង២៧លានដុល្លារ ដើម្បីពង្រឹងគុណភាពគ្រូបង្រៀននៅកម្ពុជា

ចាប់តាំងពីឆ្នាំ២០១៨មក ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូ (UNESCO) បានរួមគ្នាជំរុញការអភិវឌ្ឍគ្រូបង្រៀននៅកម្ពុជា តាមរយៈកម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) ដែលមានទឹកប្រាក់វិនិយោគ ២៧,០២លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀន និងប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ។

យោងតាមអង្គការយូណេស្កូ កម្មវិធី STEPCam ត្រូវបានផ្តល់មូលនិធិដោយភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) និងអនុវត្តរួមគ្នាដោយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូ ដោយផ្តោតលើការពង្រឹងសមត្ថភាពគ្រូបង្រៀន និងប្រព័ន្ធអប់រំឱ្យកាន់តែមានភាពរឹងមាំ។

កម្មវិធីនេះគាំទ្រការអភិវឌ្ឍកម្លាំងបង្រៀនដែលមានគុណភាពខ្ពស់ មានវិជ្ជាជីវៈ និងសមត្ថភាព ចាប់ពីការអប់រំមុនពេលចូលបម្រើការងារ រហូតដល់ការអភិវឌ្ឍវិជ្ជាជីវៈ និងការរីកចម្រើនតាមគន្លងអាជីព។

ក្រៅពីនេះ STEPCam ក៏គាំទ្រការបណ្តុះបណ្តាល និងការប្រឹក្សាគរុកោសល្យដល់គ្រូបង្រៀននៅកម្រិតថ្នាក់រៀន ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងការអប់រំ ដើម្បីបង្កើនគុណភាពនៃការបង្រៀន និងការរៀននៅកម្ពុជា។

លោក ហ្គាវីយ៉ូ បូណេទី តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានសរសើរកម្ពុជាចំពោះការបន្តវិនិយោគលើគ្រូបង្រៀន ដោយកត់សម្គាល់ថា អនុសាសន៍របស់អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការយូណេស្កូ ឆ្នាំ១៩៦៦ ស្តីពីឋានៈគ្រូបង្រៀន ផ្តោតលើការទទួលស្គាល់ និងគុណតម្លៃវិជ្ជាជីវៈ ស្វ័យភាព និងសំឡេងរបស់គ្រូបង្រៀន ព្រមទាំងលក្ខខណ្ឌដែលអនុញ្ញាតឱ្យពួកគេបំពេញការងារបានល្អ។

លោកបានបញ្ជាក់ថា ខណៈកម្ពុជាប្រារព្ធខួបលើកទី៧៥ នៃការក្លាយជាសមាជិកអង្គការយូណេស្កូ អង្គការនេះនៅតែប្តេជ្ញាគាំទ្រក្រសួងអប់រំ ក្នុងការជំរុញកំណែទម្រង់គ្រូបង្រៀនបន្តទៀត។

ជាមួយគ្នានេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា គ្រូបង្រៀនគឺជាបេះដូងនៃការរៀនសូត្រ ហើយការវិនិយោគលើគ្រូបង្រៀនត្រូវធ្វើជាបន្តបន្ទាប់ មិនត្រឹមតែតាមរយៈការបណ្តុះបណ្តាលគ្រូដំបូងប៉ុណ្ណោះទេ ប៉ុន្តែត្រូវបន្តពេញមួយអាជីពការងាររបស់ពួកគេ។

ឯកឧត្តមបានបញ្ជាក់ថា ការរៀនសូត្រដើម្បីអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន គួរតែមានលក្ខណៈអនុវត្តជាក់ស្តែង មានការសហការគ្នា មានភាពបន្តជាប់លាប់ និងផ្សារភ្ជាប់ទៅនឹងតម្រូវការជាក់ស្តែងនៅក្នុងថ្នាក់រៀន។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានដំឡើងបៀវត្សរ៍គ្រូបង្រៀន លើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលគ្រូ និងពង្រីកឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ទទួលបានការរៀនសូត្រវិជ្ជាជីវៈពេញមួយជីវិតការងារ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលដៅលើកកម្ពស់ឋានៈ និងវិជ្ជាជីវៈគ្រូបង្រៀន ព្រមទាំងធានាថា គ្រូបង្រៀនទទួលបានការគាំទ្រ ការបណ្តុះបណ្តាល និងឱកាសអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអប់រំនាពេលបច្ចុប្បន្ន៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា