និស្សិតជិត ៣០០នាក់ ចូលរួមសិក្ខាសាលាតម្រង់ទិសនៃកម្មវិធី Next-Gen Engagement Program – Batch III | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
និស្សិតជិត ៣០០នាក់ ចូលរួមសិក្ខាសាលាតម្រង់ទិសនៃកម្មវិធី Next-Gen Engagement Program – Batch III

និស្សិតជិត ៣០០នាក់ ចូលរួមសិក្ខាសាលាតម្រង់ទិសនៃកម្មវិធី Next-Gen Engagement Program – Batch III

និស្សិតឆ្នាំទី១ ប្រមាណ ២៨៦នាក់ ចូលរួមសិក្ខាសាលាតម្រង់ទិសនៃកម្មវិធី Next-Gen Engagement Program – Batch III ដើម្បីត្រៀមលក្ខណៈឱ្យបានរួចរាល់ មុនបន្តការសិក្សាឆ្នាំទី២។ សិក្ខាសាលានេះ ត្រូវបានរៀបចំដោយវិទ្យាស្ថានបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថល (CADT) នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។

Advertisement

លោកបណ្ឌិត ឌុច ឌីនីល ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យវិស្វកម្មឌីជីថលនៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថល (CADT) បានមានប្រសាសន៍កោតសរសើរនិស្សិតឆ្នាំទី១ទាំងអស់ ដែលបានយកពេលវេលាដ៏មានតម្លៃចូលរួមកម្មវិធីនេះ ដើម្បីទទួលបានចំណេះដឹងថ្មីៗ ក៏ដូចជាត្រៀមខ្លួនសម្រាប់ចាប់យកជំនាញសិក្សានៅឆ្នាំទី២។

លោកបណ្ឌិត ឌុច ឌីនីល ព្រឹទ្ធបុរសរងនៃសាលាបច្ចេកវិទ្យាឌីជីថល នៃ CADT

លោកព្រឹទ្ធបុរសរង បានបញ្ជាក់បន្ថែមថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយដល់ប្អូនៗនិស្សិតដែលទើបតែបញ្ចប់ការសិក្សាឆ្នាំទី១ ឱ្យទទួលបានឱកាសរៀនបំប៉នមុខវិជ្ជាមួយចំនួន ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសិក្សានៅឆ្នាំទី២។ លោកបណ្ឌិតបានបន្តទៀតថា សម្រាប់កម្មវិធីរដូវកាលទី៣នេះ មានដេប៉ាតឺម៉ង់ចំនួន៣ គឺ ដេប៉ាតឺម៉ង់វិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science), ដេប៉ាតឺម៉ង់ទូរគមនាគមន៍និងបណ្ដាញ (Telecoms and Networking) និងដេប៉ាតឺម៉ង់ធុរកិច្ចឌីជីថល (Digital Business)។

លោកបណ្ឌិត ឌុច ឌីនីល ក៏បានលើកឡើងផងដែរថា CADT បានរៀបចំឱ្យមាននិស្សិតជំនាន់ទី១១ (ដែលកំពុងសិក្សានៅឆ្នាំទី២) មកធ្វើជាគ្រូបង្រៀនស្ម័គ្រចិត្ត ដើម្បីជួយបង្រៀនដល់និស្សិតជំនាន់ទី១២ (និស្សិតឆ្នាំទី១) ក្នុងរយៈពេល ៥សប្ដាហ៍។ លោកបណ្ឌិតសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ចូលរួមវគ្គសិក្សានេះ និស្សិតឆ្នាំទី១ នឹងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការសិក្សាជាមួយលោកគ្រូ អ្នកគ្រូ នៅឆ្នាំទី២ ប្រកបដោយទំនុកចិត្ត។

កញ្ញា សៀត ស្រីឡេន អ្នកដឹកនាំកម្មវិធី រដូវកាលទី៣

ទន្ទឹមគ្នានេះ កញ្ញា សៀត ស្រីឡេន អ្នកដឹកនាំកម្មវិធីរដូវកាលទី៣ បានសម្ដែងក្ដីសោមន្សរីករាយយ៉ាងខ្លាំងដែលបានដឹកនាំរៀបចំកម្មវិធីនេះឡើង ​​​ជាពិសេសនៅពេលដែលឃើញមាននិស្សិតចូលរួមយ៉ាងច្រើនកុះករ។ កញ្ញាបានគូសបញ្ជាក់ថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការចែករំលែកចំណេះដឹង និងការបង្រៀនដល់និស្សិតជំនាន់ក្រោយ។

កញ្ញាបានបញ្ជាក់បន្ថែមថា ការបង្រៀនដោយស្ម័គ្រចិត្តពីសំណាក់សិស្សច្បងឆ្នាំទី២ នៃ CADT ផ្ដោតសំខាន់លើ ១២ មុខវិជ្ជា ដែលអនុញ្ញាតឱ្យនិស្សិតឆ្នាំទី១ អាចជ្រើសរើសមុខវិជ្ជាដែលខ្លួនពេញចិត្ត ទៅតាមដេប៉ាតឺម៉ង់នីមួយៗបាន។ កញ្ញា សៀត ស្រីឡេន បានបន្តទៀតថា តាមរយៈការចូលរួមក្នុងកម្មវិធីនេះ និស្សិតឆ្នាំទី១ នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញលើមុខវិជ្ជាទាំងនោះដោយឥតគិតថ្លៃ ព្រមទាំងទទួលបានឱកាសក្នុងការកសាងទំនាក់ទំនងល្អរវាងសិស្សច្បង និងសិស្សប្អូនថែមទៀតផង។

កញ្ញា លីម សាវលៀន និស្សិតឆ្នាំទី១ ជំនាញធុរកិច្ចឌីជីថល នៃ CADT
លោក អឿន វណ្ណមុនីរក្ស និស្សិតឆ្នាំទី២ សន្តិសុខសាយប័រ នៃ CADT និងជាគ្រូបង្រៀនស្ម័គ្រចិត្ត

លោក អឿន វណ្ណមុនីរក្ស និស្សិតឆ្នាំទី២ សន្តិសុខសាយប័រ នៃ CADT និងជាគ្រូបង្រៀនស្ម័គ្រចិត្ត បានលើកឡើងថា រូបលោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែកចំណេះដឹងដល់សិស្សប្អូនឆ្នាំទី១ ដើម្បីជួយឱ្យពួកគេ មានភាពច្បាស់លាស់លើជំនាញ ដែលនឹងត្រូវសិក្សានៅឆ្នាំទី២។

សម្រាប់កញ្ញា លីម សាវលៀន និស្សិតឆ្នាំទី១ ជំនាញធុរកិច្ចឌីជីថល នៃ CADT បានបង្ហាញអារម្មណ៍ថា កញ្ញាពិតជាមានក្ដីរំភើបយ៉ាងខ្លាំង ដែលបានចូលរួមក្នុងកម្មវិធីមួយនេះ ព្រោះវាជាឱកាសល្អក្នុងការកសាងទំនាក់ទំនងជាមួយសិស្សច្បង និងស្គាល់មិត្តភក្ដិរួមជំនាន់ជាច្រើនទៀត។ លើសពីនេះ កញ្ញាអាចសិក្សាពីជំនាញផ្សេងៗទុកជាមុនក្នុងអំឡុងពេលវិស្សមកាល ដែលកត្តាទាំងនេះជួយជំរុញឱ្យកញ្ញាកាន់តែមានទំនុកចិត្ត នៅពេលបន្តការសិក្សាឆ្នាំទី២។

គួរជំរាបជូនថា កម្មវិធី Next-Gen Engagement Program – Batch III មានរយៈពេល ៥ សប្ដាហ៍ ដោយគ្រោងនឹងប្រព្រឹត្តទៅចាប់ពីពាក់កណ្ដាលខែកក្កដា រហូតដល់ពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៦៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា