ម្ចាស់ស្នាដៃ «រៀនរស់» ចេញសៀវភៅស្រាវជ្រាវប្រវត្តិសាស្ត្រ និងទស្សនវិជ្ជាសម័យអង្គរ ជាភាសាអង់គ្លេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ម្ចាស់ស្នាដៃ «រៀនរស់» ចេញសៀវភៅស្រាវជ្រាវប្រវត្តិសាស្ត្រ និងទស្សនវិជ្ជាសម័យអង្គរ ជាភាសាអង់គ្លេស

ម្ចាស់ស្នាដៃ «រៀនរស់» ចេញសៀវភៅស្រាវជ្រាវប្រវត្តិសាស្ត្រ និងទស្សនវិជ្ជាសម័យអង្គរ ជាភាសាអង់គ្លេស

លោក លី មុនីពុទ្ធិ ដែលគេស្គាល់ថា ជាម្ចាស់ស្នាដៃសៀវភៅអភិវឌ្ឍន៍ខ្លួន «រៀនរស់» និង «គិតច្រើនទៅចម្រើនគំនិត» ហើយ​ក៏​ជាវាគ្មិននៃ “រៀនរស់ផតខាស់” (Rean Ruos Podcast) និងជាគ្រូបង្វឹកពីរបៀបរៀន, ពេលនេះ លោកបានចេញស្នាដៃថ្មីមួយទៀតហើយ ជាភាសាអង់គ្លេសមានចំណងជើងថា “Prajñā Karuṇā: The Wisdom and Compassion of Jayavarman VII”។

ស្នាដៃនេះ ជាប្រភេទសៀវភៅបែបទស្សនវិជ្ជា ដែលសិក្សាពីព្រះបាទជ័យវរ្ម័នទី៧ និងខ្មែរសម័យអង្គរ ដោយឆ្លុះបញ្ចាំងតាមរយៈការស្រាវជ្រាវប្រវត្តិសាស្រ្ត សិលាចារឹក អត្ថន័យចម្លាក់ ពុទ្ធឱវាទ ទេវកថា និងគតិបណ្ឌិតបុព្វបុរសខ្មែរ។

សៀវភៅ “Prajñā Karuṇā: The Wisdom and Compassion of Jayavarman VII” ត្រូវ​បានសម្ពោធ​ជាផ្លូវការកាលពីថ្ងៃអាទិត្យ ទី១៨ ខែតុលា​ កន្លងទៅ។ លោក លី មុនីពុទ្ធិ លើកឡើងថា ការនិពន្ធសៀវភៅនេះឡើង ក្នុងគោលបំណងចង់ឱ្យប្រជាជនខ្មែរ យុវជនខ្មែរ ចាប់ផ្ដើមផ្តល់តម្លៃដល់អត្តសញ្ញាណជាតិខ្លួន និងចេះសិក្សាស្រាវជ្រាវអំពីគតិបណ្ឌិតបុព្វបុរសខ្មែរដែលបានបន្សល់ទុកឱ្យបានស៊ីជម្រៅ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ លោក មុនីពុទ្ធិ បន្តថា ប្រទេសកម្ពុជា មានប្រាសាទបុរាណជាច្រើន ដែលបុព្វបុរសខ្មែរបានបន្សល់ទុក និងមានចំណុចជាច្រើនដែលពុំទាន់សិក្សាអស់នៅឡើយ ដោយ​​ទាមទារឱ្យ​មានការចូលរួមពីអ្នកសិក្សាស្រាវជ្រាវខ្មែរជាច្រើនទៀត។

ការបង្កើត​ស្នាដៃមួយនេះ លោក មុនីពុទ្ធិ ទទួលបានការបំផុសគំនិត តាមរយៈទស្សនៈ “Philosopher King” ដែលជាស្នាដៃរបស់ Marcus Aurelius​ ស្ដេចចក្រភពរ៉ូម។ ការឆ្លុះបញ្ចាំងរបស់ព្រះអង្គ បានធ្វើឱ្យលោកចាប់ផ្តើមគិតថា តើការដឹកនាំដោយប្រាជ្ញា ករុណា និងទំនួលខុសត្រូវ មានន័យយ៉ាងដូចម្តេច? សំណួរទាំងនេះ បាននាំលោកត្រឡប់មករកប្រវត្តិសាស្រ្ត និងឫសគល់របស់ខ្លួនឯង ពោលគឺមកកាន់ព្រះបាទជ័យវរ្ម័នទី ៧។

លោក លី មុនីពុទ្ធិ បានពន្យល់ថា Prajñā Karuṇā ប្រែថា ប្រាជ្ញា + ករុណា មានន័យថា សេចក្តីត្រាស់ដឹង។ ប្រាជ្ញា ជាការមើលធ្លុះទៅលើអ្វីដែលជាការពិត រីឯករុណ ជាការស្រលាញ់ និងចង់ជួយសង្គ្រោះអ្នកដទៃ។ នេះជាការសិក្សាមួយទៅលើរូបពុទ្ធអង្គ បីអង្គ នៅសម័យអង្គរ ដែលមានទំនាក់ទំនងយ៉ាងខ្លាំងក្លា ជាមួយនឹងការសាងសង់ប្រាសាទធំៗ ដូចជាប្រាសាទតាព្រហ្ម ព្រះខ័ន និងបាយ័ន។

លោក លី មុនីពុទ្ធិ បន្ថែមថា ការដែល​លោក​សិក្សាវិភាគទៅលើ ព្រះបាទជ័យវរ្ម័នទី ៧ ព្រោះជាទូទៅ ព្រះអង្គត្រូវបានគេស្គាល់ថាជា “ស្តេចសាងសង់” តាមរយៈប្រាសាទ មន្ទីរពេទ្យ សាលាសំណាក់ ផ្លូវ និងសំណង់ជាច្រើន ដែលបានកើតឡើងក្នុងរាជកាលរបស់ព្រះអង្គ។ ប៉ុន្តែសំណួរដែលលោកចាប់អារម្មណ៍ជាងគេ មិនមែនត្រឹមតែថា ព្រះអង្គបានសាងសង់អ្វីខ្លះនោះទេ ប៉ុន្តែតើហេតុអ្វីបានជាព្រះអង្គសាងសង់របស់ទាំងនោះ? តើអ្វីជាគោលបំណងនៅពីក្រោយសំណង់ទាំងអស់នោះ? ហើយតើទស្សនវិស័យ និងការយល់ឃើញរបស់ព្រះអង្គ អាចបង្រៀនអ្វីដល់យើងនៅថ្ងៃនេះ? នេះជាចំណុចចាប់ផ្តើមនៃដំណើរនៃការសិក្សា ស្រាវជ្រាវ និងសរសេរ ទើបក្លាយទៅជាស្នាដៃ Prajñā Karuṇā នេះឡើង។

ខ្ញុំមានអំណរគុណក្នុងការសរសេរសៀវភៅនេះ ខ្ញុំមិនបានជ្រើសរើសសរសេរសៀវភៅនេះទេ តែសៀវភៅនេះជ្រើសរើសខ្ញុំ

អ្នកនិពន្ធ លី មុនីពុទ្ធិ បន្ថែមថា ក្នុងការនិពន្ធស្នាដៃ Prajñā Karuṇā នេះ លោកបានចំណាយពេលប្រមាណ ៣ខែប៉ុណ្ណោះ ដោយចាប់ផ្ដើមសរសេរនៅចុងខែឧសភា ហើយកាន់តែពិសេស លោកមានចំណង់ចិត្តក្នុងសរសេរម្ដងៗប្រមាណ ៥ទៅ៦ម៉ោង ដែលខុសពីការសរសេរស្នាដៃមុនៗ។ មុនីពុទ្ធិ បន្តថា ការដែល​លោក​សរសេរ ជាភាសាអង់គ្លេស ព្រោះលោកចង់ឱ្យស្នាដៃនេះ បានទៅដល់បរទេស និងផ្សព្វផ្សាយពីប្រទេសខ្មែរកាន់តែទូលំទូលាយ។ យ៉ាងណាមិញ នៅស្នាដៃបន្ទាប់ លោកក៏គ្រោងសរសេរជាភាសាខ្មែរឱ្យបានទូលំទូលាយផងដែរ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា