លោក ជី សុផាត ធ្វើ​យុទ្ធនាការបណ្តុះបណ្តាលបញ្ញាសិប្បនិម្មិត AI ឱ្យស្គាល់ភាសាខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ជី សុផាត ធ្វើ​យុទ្ធនាការបណ្តុះបណ្តាលបញ្ញាសិប្បនិម្មិត AI ឱ្យស្គាល់ភាសាខ្មែរ

លោក ជី សុផាត ធ្វើ​យុទ្ធនាការបណ្តុះបណ្តាលបញ្ញាសិប្បនិម្មិត AI ឱ្យស្គាល់ភាសាខ្មែរ

ត្បិតថាបញ្ញាសិប្បនិម្មិត (AI) គេអាច​ប្រើប្រាស់ជាភាសាខ្មែរបានក៏ពិតមែន ប៉ុន្តែជាការកត់សម្គាល់ ភាសាខ្មែរ​ដែល AI បានបង្ហាញចេញមកទាំងជាអក្សរ ក៏​ដូចជាសំឡេង ហាក់កំពុងតែលាយឡំជាមួយភាសាបរទេស។ ដោយ​មើលឃើញថា ការបង្ហាញភាសាខ្មែរ លាយឡំជាមួយភាសាបរទេស អាចធ្វើ​ឱ្យ​យុវជន​ជំនាន់ក្រោយភ្លេចពាក្យខ្មែរដែលពិរោះ និងត្រឹមត្រូវ លោក ជី សុផាត ដែលគេស្គាល់ថា គឺជាអ្នកជំនាញបច្ចេកវិទ្យាមួយរូប បាននិងកំពុងធ្វើយុទ្ធនាការបណ្តុះបណ្តាល​បញ្ញាសិប្បនិម្មិត AI ឱ្យស្គាល់ភាសាខ្មែរ ដើម្បីរក្សា​អត្តសញ្ញាណភាសាខ្មែរក្នុងពិភពឌីជីថល។

Advertisement

លោក ជី សុផាត មានប្រសាសន៍ថា ក្នុងនាមជាអ្នកដែលតែងតែចំណាយពេលជាមួយបច្ចេកវិទ្យា និងពិភពឌីជីថល លោកបានឃើញរូបភាពពីរដែលផ្ទុយគ្នា នោះគឺការរីកចម្រើនយ៉ាងលឿន នៃបញ្ញាសិប្បនិម្មិត AI ដែលអាចនិយាយបានគ្រប់ភាសា, ប៉ុន្តែមួយទៀត គឺការប្រើប្រាស់ភាសាខ្មែររបស់ AI បាន​លាយឡំជាមួយភាសាបរទេស រហូតដល់យើងស្ទើរតែភ្លេចពាក្យខ្មែរដែលពិរោះៗ និងត្រឹមត្រូវ។

លោក ជី សុផាត ជាអ្នកជំនាញបច្ចេកវិទ្យា និងជាតំណាងសហគមន៍ Mozilla កម្ពុជា

លោក សុផាត ពន្យល់ថា ការនិយាយលាយឡំគ្នារវាងភាសាខ្មែរ និងភាសាផ្សេងទៀត គឺផ្ដល់ការលំបាកមួយចំនួន ដែលអាចធ្វើឱ្យអ្នក​ជំនាន់ក្រោយយល់ច្រឡំថា ភាសាបរទេសនោះ ជាភាសាខ្មែរដែលពួកគេធ្លាប់ឮ ធ្លាប់យល់ ធ្លាប់ដឹង ព្រមទាំងធ្វើឱ្យបច្ចេកវិទ្យា AI យល់ច្រឡំរឿងទាំងអស់នេះដែរ ហើយវានឹង​ក្លាយជាបញ្ហាប្រឈមធំរបស់អ្នកជំនាន់ក្រោយដែលប្រើប្រាស់ភាសាខ្មែរ។

បច្ចុប្បន្ន​លោក ជី សុផាត ដែល​ក៏​ជាតំណាងសហគមន៍ Mozilla កម្ពុជា កំពុង​ចូលរួមជំរុញបច្ចេកវិទ្យា AI សម្រាប់ខ្មែរ តាមរយៈទម្រង់កម្មវិធីមួយឈ្មោះថា Common Voice ដែលបានដាក់ឱ្យប្រើប្រាស់កាលពីដើមខែមេសា ក្រោមការសម្របសម្រួលរបស់អង្គការសិល្បៈខ្មែរអមតៈ។ លោក សុផាត មានប្រសាសន៍ថា ការប្រើប្រាស់ភាសា គឺសំខាន់ ព្រោះនៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI មិនត្រឹមតែសរសេរនោះទេ គឺត្រូវនិយាយដាក់សំឡេងចូលទៅក្នុងនោះដែរ។

យើងចង់ឱ្យ AI យល់ពីយើង ចង់ឱ្យបច្ចេកវិទ្យានិយាយភាសាខ្មែរបានច្បាស់ មិនមែននិយាយខ្មែរក្នុងសំឡេង “ការលាយឡំគ្នា ភាសាខ្មែរ និងភាសាផ្សេងទៀត” នោះទេ

ជាមួយគ្នានេះ លោក ជី សុផាត ក៏បានលើកទឹកចិត្តឱ្យសាធារណៈជន ពិសេសយុវជន និយាយ ឬសរសេរភាសាខ្មែរឱ្យអស់ពីលទ្ធភាព ព្រោះភាសាខ្មែរ ជាភាសាដ៏ផូរផង់ ដូច្នេះយើងត្រូវតែថែរក្សា និងប្រគល់កេរ្តិ៍តំណែល និងអត្តសញ្ញាណជាតិទៅអ្នកជំនាន់ក្រោយ។

គួរជំរាបថា Common Voice គឺជាគម្រោងប្រភពបើកចំហ (Open Source) លំដាប់ពិភពលោក ដែលអនុញ្ញាតឱ្យសហគមន៍ម្ចាស់ភាសាផ្ទាល់ ចូលរួមប្រមូលទិន្នន័យសំឡេង ដើម្បីបង្រៀនម៉ាស៊ីន (Machine Learning) ឱ្យស្គាល់ពីសំឡេង និងការនិយាយស្តីរបស់មនុស្សពិតៗ។ នេះ គឺជាគ្រឹះដ៏សំខាន់ដែលធ្វើឱ្យ AI ក្លាយជាបច្ចេកវិទ្យារបស់យើង និងសម្រាប់យើងទាំងអស់គ្នា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា