កុមារជាង៣លាននាក់ទទួលជំនួយមនុស្សធម៌ និងអប់រំ ពីអង្គការទស្សនៈពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កុមារជាង៣លាននាក់ទទួលជំនួយមនុស្សធម៌ និងអប់រំ ពីអង្គការទស្សនៈពិភពលោក

កុមារជាង៣លាននាក់ទទួលជំនួយមនុស្សធម៌ និងអប់រំ ពីអង្គការទស្សនៈពិភពលោក

កុមារកម្ពុជាជាង ៣,១ លាននាក់ ក្នុងឆ្នាំ២០២៥ បានទទួលជំនួយសង្គ្រោះមនុស្សធម៌ និងសេវាអប់រំពីអង្គការទស្សនៈពិភពលោកអន្តរជាតិ ដែលរួមមានការអប់រំប្រកបដោយបរិយាបន្ន សុខភាព និងអាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ។

Advertisement

លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេស បានថ្លែងថា ឆ្នាំ២០២៥ ជារយៈពេលដ៏លំបាកសម្រាប់វិស័យមនុស្សធម៌ និងអភិវឌ្ឍនៅកម្ពុជា ខណៈភាពតានតឹងតាមព្រំដែន បានបណ្តាលឱ្យគ្រួសារជាច្រើនផ្លាស់ទីលំនៅ និងបង្កើនភាពងាយរងគ្រោះរបស់ប្រជាជន។

ទោះជាយ៉ាងណា អង្គការទស្សនៈពិភពលោក បានពង្រីកសកម្មភាពរបស់ខ្លួន ដើម្បីគាំទ្រកុមារ និងគ្រួសារ ជាពិសេសនៅតំបន់ដែលរងផលប៉ះពាល់។ លោកបានបញ្ជាក់ថា «យើងបានធានាថាជំនួយទៅដល់អ្នកដែលងាយរងគ្រោះបំផុត ជាពិសេសកុមារ ខណៈផ្តល់ទាំងការសង្គ្រោះបន្ទាន់ និងការគាំទ្រយូរអង្វែងសម្រាប់គ្រួសារនៅទូទាំងកម្ពុជា»។

ក្នុងការឆ្លើយតបនឹងការភៀសសឹកតាមព្រំដែនកម្ពុជា-ថៃ អង្គការនេះបានផ្តល់ជំនួយដល់ប្រជាជនជាង ១៤០,០០០ នាក់ ក្នុងនោះមានកុមារជាង ៤៣,០០០ នាក់ និងជនមានពិការភាពប្រមាណ ១,១០០ នាក់ នៅខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ និងព្រះវិហារ។

ជំនួយរួមមានស្បៀងអាហារ ទឹកស្អាត បង្គន់អនាម័យ ជម្រកបណ្តោះអាសន្ន ថ្នាក់រៀនបណ្តោះអាសន្ន កន្លែងកុមារមេត្រី ការគាំទ្រផ្លូវចិត្តសង្គម ជំនួយសាច់ប្រាក់ និងសេវាអាហារូបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ និងមាតាបំបៅដោះកូន។

អង្គការនេះក៏បានបង្កើតកន្លែងកុមារមេត្រីចំនួន ៤៥ កន្លែង និងថ្នាក់រៀនបណ្តោះអាសន្នចំនួន ៥៤ កន្លែង ដើម្បីជួយកុមារភៀសសឹកបន្តការសិក្សា និងស្តារសុខភាពផ្លូវចិត្ត។

ក្រៅពីការឆ្លើយតបបន្ទាន់ អង្គការនេះក៏បន្តវិនិយោគលើការអភិវឌ្ឍរយៈពេលវែង ដោយកុមារជាង ១៦៤,៩០០ នាក់ទទួលបានការអប់រំប្រកបដោយបរិយាបន្ន ខណៈកុមារអាយុក្រោម ៥ ឆ្នាំជាង ៤១,៨០០ នាក់ទទួលបានសេវាសុខភាព និងអាហារូបត្ថម្ភ។ ក្នុងនោះ កុមារ ២៨,១០០ នាក់ ត្រូវបានពិនិត្យរកកង្វះអាហារូបត្ថម្ភ។

លើសពីនេះ កុមារងាយរងគ្រោះជាង ១៨៤,២០០ នាក់ បានចូលរួមក្នុងកម្មវិធីការពារ និងការចូលរួមរបស់កុមារ ដើម្បីពង្រឹងសុវត្ថិភាព និងប្រព័ន្ធការពារតាមសហគមន៍។

ជាមួយគ្នានេះ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ពីសារៈសំខាន់ នៃភាពជាដៃគូ ក្នុងការគាំទ្របន្តអំឡុងពេលមានជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយបញ្ជាក់ថា ទោះបីមានប្រជាជន និងសិស្សានុសិស្សភៀសសឹករាប់ម៉ឺននាក់ ក៏ថ្នាក់រៀនបណ្តោះអាសន្ន បណ្ណាល័យ និងបន្ទប់កុំព្យូទ័រ ត្រូវបានបង្កើតឡើង ដើម្បីធានាថា ការអប់រំរបស់កុមារនៅតែបន្ត៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា