ក្រសួងអប់រំ ត្រៀមបង្ហាញសមិទ្ធផលធំៗ និងការអប់រំភាសាបារាំង នៅក្នុងពិព័រណ៍ «ភូមិហ្វ្រង់កូហ្វូន» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំ ត្រៀមបង្ហាញសមិទ្ធផលធំៗ និងការអប់រំភាសាបារាំង នៅក្នុងពិព័រណ៍ «ភូមិហ្វ្រង់កូហ្វូន»

ក្រសួងអប់រំ ត្រៀមបង្ហាញសមិទ្ធផលធំៗ និងការអប់រំភាសាបារាំង នៅក្នុងពិព័រណ៍ «ភូមិហ្វ្រង់កូហ្វូន»

ស្របពេលដែលកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» នាខែវិច្ឆិកា ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីធំៗចំនួនពីរ ដើម្បីចូលរួមអបអរសាទរ និងបង្ហាញពីសមិទ្ធផលនៃវិស័យអប់រំកម្ពុជាទៅកាន់ឆាកអន្តរជាតិ។

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងដោយ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឱកាសចូលរួម កិច្ចប្រជុំលើកទី៧ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។

បើតាម ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី កម្មវិធីធំៗទាំងពីរ ដែលក្រសួងអប់រំនឹងរៀបចំនោះ​រួមមាន៖
១. វដ្ដវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Cycle Scientifique Francophone d’Asie-Pacifique – CSFAP)
២. ស្ដង់ពិព័រណ៍ក្នុងព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូន។

តាមរយៈការសហការជាមួយទីភ្នាក់ងារ AUF និងដៃគូពាក់ព័ន្ធ កម្មវិធី CSFAP នឹងប្រព្រឹត្តទៅចំនួន ៣ថ្ងៃ ដោយផ្ដោតលើកម្មវិធីចំនួន ៣ រួមមាន៖ មហាសន្និបាតឧត្តមសិក្សា និងការស្រាវជ្រាវ កិច្ចប្រជុំបណ្ដាញសាកលវិទ្យាធិការ (C2R) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងសន្និសីទវិទ្យាសាស្ត្រ។ ស្របពេលជាមួយកម្មវិធី CSFAP នេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏នឹងមានរៀបចំកម្មវិធីអមមួយចំនួនទៀតផងដែរ។

ជាមួយគ្នានេះដែរ នៅក្នុងព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូន» ក្រសួងអប់រំ យុវជន និងកីឡា នឹងមានរៀបចំស្ដង់ពិព័រណ៍ ដែលគ្រោងនឹងដាក់បង្ហាញនូវសមិទ្ធផលសំខាន់ៗក្នុងវិស័យអប់រំ ព្រមទាំងបង្ហាញអំពីអាទិភាពសំខាន់ៗនៃកិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូននៅក្នុងវិស័យអប់រំភាសាបារាំងនៅកម្រិតមធ្យមសិក្សាចំណេះទូទៅ និងកម្រិតឧត្តមសិក្សា ដើម្បីបង្ហាញជូនដល់សាធារណជន និងភ្ញៀវជាតិ-អន្តរជាតិ ដែលមកចូលរួមទស្សនាការតាំងពិព័រណ៍ក្នុងព្រឹត្តិការណ៍អមនេះ។

បើតាមក្រសួងអប់រំ ការដាក់តាំងបង្ហាញនេះ មិនត្រឹមតែរំលេចអំពីកម្មវិធីសិក្សាភាសាបារាំងដែលកំពុងអនុវត្តនៅតាមគ្រឹះស្ថានសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីភាពជាដៃគូរឹងមាំរវាងក្រសួង និងស្ថាប័នហ្វ្រង់កូហ្វូន ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ ទន្ទឹមគ្នានេះ វាគឺជាឱកាសដ៏ល្អសម្រាប់សាធារណជន យុវជន និងសិស្សានុសិស្ស ក្នុងការយល់ដឹងកាន់តែច្បាស់អំពីតម្លៃ និងសក្តានុពលនៃការអប់រំភាសាបារាំងក្នុងបរិបទតំបន់ និងសកលលោក។

សូមជំរាបជូនថា ព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូន» នឹងរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយក្រសួងការបរទេស ក្រសួងកិច្ចការនារី និងស្ថាប័នពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារវត្តភ្នំ ដោយមានស្តង់ពិព័រណ៍សរុបប្រមាណ ១០០ស្តង់ ការសម្តែងសិល្បៈ សិក្ខាសាលា និងការតាំងបង្ហាញភូមិអាហារចម្រុះជាតិសាសន៍។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ នឹងក្លាយជាសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយទៀតក្នុងការផ្លាស់ប្តូរវប្បធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការអប់រំរវាងកម្ពុជា និងបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងជុំវិញពិភពលោក៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា