ក្រសួង​អប់រំ​ ​៖​ ១០​ឆ្នាំ​នៃ​ការ​ប្រើប្រាស់​ថវិកា​អប់រំ​ ​ជួយ​ផ្លាស់ប្តូរ​វប្បធម៌​សាលារៀន ​និង​ពង្រឹង​គុណភាព​អប់រំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួង​អប់រំ​ ​៖​ ១០​ឆ្នាំ​នៃ​ការ​ប្រើប្រាស់​ថវិកា​អប់រំ​ ​ជួយ​ផ្លាស់ប្តូរ​វប្បធម៌​សាលារៀន ​និង​ពង្រឹង​គុណភាព​អប់រំ​

ក្រសួង​អប់រំ​ ​៖​ ១០​ឆ្នាំ​នៃ​ការ​ប្រើប្រាស់​ថវិកា​អប់រំ​ ​ជួយ​ផ្លាស់ប្តូរ​វប្បធម៌​សាលារៀន ​និង​ពង្រឹង​គុណភាព​អប់រំ​

ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​សាធារណៈ​ស្តីពី​ ​”​ថវិកា​អប់រំ​ប្រចាំ​ឆ្នាំ​២០២៦​”​ ​និង​ពិធី​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ ​«​របាយការណ៍​នៃ​កម្មវិធី​អន្តរជាតិ​ស្តីពី​រង្វាយ​តម្លៃ​លទ្ធផល​សិក្សា​របស់​សិស្ស​ ​ឆ្នាំ​២០២៥ ​(​PISA-2025​) ​របស់​ប្រទេស​កម្ពុជា​» ​នៅ​ថ្ងៃ​ទី​៨​ ​ខែ​កញ្ញា​ ​ឯកឧត្តម​បណ្ឌិត​ ​អ៊ុង​ ​បូរាត ​រដ្ឋលេខាធិការ​ ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​លើកឡើង​ថា​ ​តាមរយៈ​ការ​អនុវត្ត​ថវិកា​អប់រំ ​បាន​គាំទ្រ​ដល់​ការ​អនុវត្ត​កម្មវិធី​កំណែទម្រង់​អប់រំ ​ក្នុង​រយៈពេល​ជាង​ ​១០​ឆ្នាំ​នេះ​ ​ដោយ​បាន​ផ្លាស់ប្តូរ​ទាំង​លទ្ធភាព​នៃ​ការ​ទទួល​បាន​សេវា​អប់រំ​គ្រប់​កម្រិត​ ការ​ផ្លាស់ប្តូរ​វប្បធម៌​សាលារៀន ​និង​គុណភាព​នៃ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ​“​គុណភាព គណនេយ្យភាព​ ​និងន​វានុវត្តន៍​”​ ​ដែល​ទទួល​បាន​ពី​កំណែទម្រង់​នានា។

​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ ​បន្ថែម​ថា​ ​ការ​អនុវត្ត​នេះ​ បាន​និង​កំពុង​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​នាយុគសម័យ​សេដ្ឋកិច្ច​ឌីជីថល ​និង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១ ​របស់​រាជ​រដ្ឋាភិបាល​ ​នីតិកាល​ទី​៧ ​នៃ​រដ្ឋសភា​ ​ដែល​បាន​កំណត់​ថា​ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ជា​អាទិភាព​ ​ដើម្បី​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ ​ឆ្នាំ​២០៣០ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ ​និង​ឆ្នាំ​២០៥០ ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។

ឯកឧត្តមបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា

​ឯក​ឧត្តម​បណ្ឌិត​ ​អ៊ុង​ បូរាត​ ​បញ្ជាក់​ថា​ ​សម្រាប់​ឆ្នាំ​២០២៦​នេះ ​កញ្ចប់​ថវិកា​របស់​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​មាន​ចំនួន​ ៤​ ១៣០​,​៨ ពាន់​លាន​រៀល ​(​ឬ​ស្មើនឹង​ ​១៦​.​៨​%​ធៀប​នឹង​ចំណាយ​ចរន្ត​ថ្នាក់​ជាតិ​)​ ​ដែល​ក្នុង​នោះ​ ​ចំណាយ​លើ​បន្ទុក​បុគ្គលិក​ ៧៩​.​៥​%​ ​និង​នៅសល់​ប្រមាណ​ ​២០​.​៥​%​ ​តែ​ប៉ុណ្ណោះ ​សម្រាប់​ការ​ចំណាយ​ក្រៅ​បន្ទុក​បុគ្គលិក​ ​ដូចជា​ មូលនិធិ​ដំណើរការ​សាលា​រៀន ថវិកា​អាហារូបករណ៍​សិស្ស​ក្រីក្រ ​ការ​ផ្តល់អាហារ​តាម​សាលា​រៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍​ ថវិកា​គាំទ្រ​មត្តេយ្យ​សិក្សា​សហគមន៍​ ការ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ​ ​ការ​អភិវឌ្ឍ​វិស័យ​កីឡា​ ​ការ​អភិវឌ្ឍ​យុវជន​ ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ ទុតិយ​ភូមិ​ ​និង​មុខ​សញ្ញា​ផ្សេងទៀត​ដែល​មាន​គោលការណ៍​ច្បាស់លាស់។

រដ្ឋលេខាធិការ​ ​ក្រសួង​អប់រំ​ ​បញ្ជាក់​បន្ថែម​ថា​ ​ក្រសួង​បាន​ផ្ទេរ​ថវិកា​ទៅ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ខណ្ឌ ​ដែល​មាន​ឥណទាន​សរុប​ចំនួន​ ១​ ៨៥៨​,​៤ ពាន់​លាន​រៀល​ ​ស្មើនឹង​ ​៣៩​.​៧​%​ ​នៃ​ឥណទាន​ចំណាយ​ចរន្ត​សរុប​ ក្នុង​នោះ​ បន្ទុក​បុគ្គលិក​ចំនួន​ ៩៣​.​៨​%​ ​និង​ក្រៅ​បន្ទុក​បុគ្គលិក​ចំនួន​ ៦​.​១​%​។​

បើ​តាម ​ឯកឧត្តម​បណ្ឌិត​ ​អ៊ុង​ បូរាត ​ក្នុង​រយៈពេល​ប្រមាណ​ជាង​ ​១០​ឆ្នាំ​ចុងក្រោយ​នេះ​ ​ចាប់​តាំងពី​កំណែទម្រង់​ស៊ី​ជម្រៅ​ ​និង​តាមរយៈ​លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​២០១៤ ​វិស័យ​អប់រំ​នៅ​កម្ពុជា​បាន​ឈាន​ជើង​ចូល​ដល់​ដំណាក់កាល​ផ្លាស់ប្តូរ​គួរឱ្យ​កត់សម្គាល់​ ​ដោយ​ទទួល​បាន​នូវ​វឌ្ឍនភាព​ជា​ច្រើន​ទាំង​បរិមាណ​វិស័យ​ និង​គុណវិស័យ​។

វិស័យ​អប់រំ​នៅ​កម្ពុជា​បាន​ឈាន​ជើង​ចូល​ដល់​ដំណាក់កាល​ផ្លាស់ប្តូរ​គួរឱ្យ​កត់សម្គាល់​ ​

ឯក​ឧត្តម​បណ្ឌិត​ អ៊ុង បូរាត ​ក៏​បាន​វាយតម្លៃ​ខ្ពស់​ ​ចំពោះ​ថ្នាក់ដឹកនាំ​ ​ក្រសួង​ ​បុគ្គលិក​អប់រំ​គ្រប់​លំដាប់​ថ្នាក់ ដៃគូ​អភិវឌ្ឍន៍​ ​ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ​វិស័យ​ឯកជន ​សប្បុរសជន ​និង​សហគមន៍​ទាំងអស់​ ​ដែល​បាន​សហការ ​និង​ចូលរួម​គាំទ្រ​យ៉ាង​សកម្ម ​ដល់​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​ ​និង​សូម​លើកទឹកចិត្ត​ឱ្យ​មាន​ការ​បន្ត​ផ្តល់​នូវ​ការ​ឧបត្ថម្ភ​ ការ​គាំទ្រ​ ​និង​ការ​ចូលរួម​ត​ទៅ​មុខ​ទៀត ​ដើម្បី​ជា​ឧត្តម​ប្រយោជន៍​ដល់​កុមារ ​និង​យុវជន​កម្ពុជា​គ្រប់​រូប​។

គួរ​ជម្រាប​ជូន​ថា​ ​វេទិកា​សាធារណៈ​ស្តីពី​ ​“​ថវិកា​អប់រំ​ប្រចាំ​ឆ្នាំ​២០២៦​”​ ​គឺ​ជា​ឆ្នាំ​ទី​៣ ​និង​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដ៏​មាន​សារៈសំខាន់​មួយ ​ដែល​ផ្តល់​ឱកាស​ឱ្យ​ថ្នាក់ដឹកនាំ​ ដៃ​គូ​អភិវឌ្ឍ​ ​បុគ្គលិក​អប់រំ ​និង​សាធារណជន​បាន​ជ្រាប​អំពី​ វឌ្ឍនភាព ​និង​សមិទ្ធផល​នៃ​ការ​អនុវត្ត​កម្មវិធី​កំណែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​និង​កម្មវិធី​កំណែទម្រង់​អប់រំ​ដទៃទៀត ​ជាពិសេស​ការ​ប្រើប្រាស់​កញ្ចប់​ថវិកា​ប្រចាំ​ឆ្នាំ​ ​ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​ ​និង​ការ​សម្រេចបាន​សមិទ្ធផល​អប់រំ​ ​ទាំង​ផ្នែក​បរិមាណ​ ​ទាំង​ផ្នែក​គុណ​វិស័យ​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា