ការស្រាវជ្រាវបង្ហាញថា ការមាក់ងាយ បៀតបៀន (Bullying) ភាគច្រើនកើតឡើងនៅសាលារៀន, អ្នកជំនាញទាមទារ​ឱ្យ​មានការ​ចូលរួមទប់ស្កាត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការស្រាវជ្រាវបង្ហាញថា ការមាក់ងាយ បៀតបៀន (Bullying) ភាគច្រើនកើតឡើងនៅសាលារៀន, អ្នកជំនាញទាមទារ​ឱ្យ​មានការ​ចូលរួមទប់ស្កាត់

ការស្រាវជ្រាវបង្ហាញថា ការមាក់ងាយ បៀតបៀន (Bullying) ភាគច្រើនកើតឡើងនៅសាលារៀន, អ្នកជំនាញទាមទារ​ឱ្យ​មានការ​ចូលរួមទប់ស្កាត់

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវជាសកលមួយ​របស់ stopbullying.gov គេបានរកឃើញថា សកម្មភាពហិង្សា សម្លុត គំរាម ការមាក់ងាយ ការបៀតបៀន ឬហៅថា Bullying ភាគច្រើន​កើតមាន​នៅសាលារៀន ក្នុងអំឡុងពេល ឬក្រោយ​ម៉ោងសិក្សា ស្របទៅនឹង​របាយការណ៍​នេះដែរ សម្រាប់ប្រទេសកម្ពុជា លោក ហឿ សេធុល ដែលធ្វើការងារផ្នែកប្រឹក្សាផ្លូវចិត្ត ក៏​បានរកឃើញដែរថា សកម្មភាព Bullying នេះ គឺភាគច្រើន​នៅ​ឡើងនៅសាលារៀនដូចគ្នា។

Advertisement

តាមរយៈការសិក្សាស្រាវជ្រាវទាក់ទងនឹង «ការស្វែងយល់អំពីសុខមាលភាពផ្នែកផ្លូវចិត្តរបស់សិស្សកម្រិតមធ្យមសិក្សា» នៅសាលារៀនចំនួន ៤ ក្នុងទីក្រុងភ្នំពេញ លោក ហឿ សេធុល រកឃើញថា ត្បិតបរិយាកាសសាលារៀន ជាផ្នែកមួយក្នុងការបង្កើនការផ្ដល់ឱកាសឱ្យសិស្សមានទំនាក់ទំនងជាមួយមិត្តភក្ដិ និងមានទំនាក់ទំនងសង្គមច្រើន ប៉ុន្តែក៏​អាច​បង្កើត​ឱ្យមានបញ្ហាទាក់ទងទៅនឹង​ការមាក់ងាយ ការបំពានផ្សេងៗ (Bullying) ដែរ ដោយសារតែបរិយាកាសសេវាផ្ដល់ឱ្យមិនទាន់ល្អិតល្អន់ទាក់ទងនឹងផ្នែកសុខមាលភាពផ្នែកផ្លូវចិត្ត និងសុខមាលភាពផ្នែកសង្គមរបស់សិស្ស។

យ៉ាងណា ដើម្បីទប់ស្កាត់បញ្ហា ការមាក់ងាយ (Bulling) នៅតាមសាលារៀននេះ លោក ហឿ សេធុល លើកទឹកចិត្ត​ដល់សាលា​រៀនទាំងអស់គួរតែមាន ៖

ទី១. ​កិច្ចការពារកុមារ ៖ ជាគោលការណ៍មួយផ្ដល់ការការពារដល់កុមារ។ នៅក្នុងបរិវេណសាលា បើសិស្សទៅដល់កន្លែងណា គឺត្រូវមានគ្រូនៅទីនោះ មានន័យថា សិស្សមិនអាចទៅកន្លែងណាដែលផុតភ្នែកគ្រូនោះទេ។ ការពារទាក់ទងនឹងការប្រើពាក្យមាក់ងាយ និងការពារលើការបំពានផ្សេង។​ លើសពីនេះ បុគ្គលិក គ្រូបង្រៀន អាណាព្យាបាល ត្រូវរៀនអំពីសិទ្ធិកុមារ។ គ្រូទាំងអស់ សិស្សទាំងអស់ ត្រូវបញ្ជាក់ទាក់ទងនឹងឥរិយាមាយាទ ឬមួយបញ្ជាក់លិខិតថ្កោលទោស ដើម្បីដឹងថា អ្នកទាំងអស់នោះ មិនមានប្រវត្តិបំពានកុមារ ដើម្បីការពារកុមារពីការមាក់ងាយ និងការបំពានផ្សេងៗ ពីកុមារគ្នាឯង ឬពីគ្រូបង្រៀន ឬពីបរិយាកាសជុំវិញដែលមានការពាក់ព័ន្ធ។

ទី២. កម្មវិធីផ្ដោតលើសុខមាលភាពរបស់សិស្ស ៖ នៅពេលនិយាយពីសុខមាលភាព គឺរួមបញ្ជូលទាំងសុខមាលភាពផ្នែករាងកាយ និងសុខមាលភាពផ្នែកផ្លូវចិត្ត។ ដើម្បីបង្កើតឱ្យមានកម្មវិធីនេះ គឺត្រូវមានការចូលរួមពីសាលារៀន គណៈគ្រប់គ្រង អាណាព្យាបាល គ្រូពេទ្យ អ្នកឯកទេសផ្នែកប្រឹក្សាផ្លូវចិត្ត។

យោងតាមអង្គការ UNICEF ការគំរាមកំហែង ឬ Bully អាចកើតឡើងតាមរូបភាពជាច្រើនដូចជា ការវាយដំ រុញច្រាន ឬបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ, ការប្រមាថ បង្អាប់ ឬការប្រើរហស្សនាមមិនល្អ, ការរុញច្រានឱ្យនៅឯកោ ការផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីបង្ខូចឈ្មោះ, ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត (Cyberbullying) ដូចជា​ការផ្ញើសារគំរាម ឬបង្ហោះរូបភាពអាម៉ាស់តាមបណ្តាញសង្គមជាដើម។ ការ Bully នេះ នឹងបង្កផលប៉ះពាល់​ធ្ងន់ធ្ងរ​ និង​យូរអង្វែង​ដល់កុមារ ក៏​ដូចជា​យុវជន ដូចជា ប៉ះពាល់​សុខភាពផ្លូវចិត្ត, ធ្លាក់ចុះ​ការសិក្សា និងអាចឈានទៅរក​ការ​ប្រើប្រាស់សារធាតុញៀន ហើយ​ដោយឡែក​ការ​ Bully តាមអនឡាញ អាច​រីករាលដាល និង​បន្សល់ទុកដានជាអចិន្រ្តៃយ៍៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា