ឥណ្ឌូនេស៊ី​ដាក់​ចេញ​ «​វិធានការ​ ៤ ​ម៉ោង​» ​ដើម្បី​ទប់ស្កាត់​ការ​ពុល​អាហារ​នៅ​សាលារៀន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌូនេស៊ី​ដាក់​ចេញ​ «​វិធានការ​ ៤ ​ម៉ោង​» ​ដើម្បី​ទប់ស្កាត់​ការ​ពុល​អាហារ​នៅ​សាលារៀន​

ឥណ្ឌូនេស៊ី​ដាក់​ចេញ​ «​វិធានការ​ ៤ ​ម៉ោង​» ​ដើម្បី​ទប់ស្កាត់​ការ​ពុល​អាហារ​នៅ​សាលារៀន​

​ហ្សាការ​តា ​៖​ ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​ដាក់​ចេញ​ «​វិធានការ​ ៤ ​ម៉ោង​» ​ដោយ​តម្រូវឱ្យ​សិស្ស​ទទួលទាន​អាហារ​ដែល​ផ្តល់​តាម​កម្មវិធី​អាហារ​ឥត​គិត​ថ្លៃ​របស់​រដ្ឋាភិបាល​ ​ក្នុង​រយៈពេល​មិន​លើស​ពី​ ៤ ម៉ោង​ ​បន្ទាប់ពី​អាហារ​ត្រូវ​បាន​ចម្អិន ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ពុល​អាហារ។

​យោង​តាម​សារព័ត៌មាន​ ​Jakarta ​Globe ​វិធានការ​នេះ​ត្រូវ​បាន​ដាក់​ចេញ​ ​ខណៈ​កម្មវិធី​អាហារ​ឥត​គិត​ថ្លៃ​សម្រាប់​សិស្ស​របស់​ប្រធានាធិបតី​ ​Prabowo Subianto ​កំពុង​ប្រឈម​នឹង​ការ​រិះគន់​ជា​បន្តបន្ទាប់​ ​បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​អំពី​ករណី​សិស្ស​ជា​ច្រើន​នាក់​មាន​អាការៈ​សង្ស័យ​ពុល​អាហារ​នៅ​តាម​តំបន់​ផ្សេង​ៗ​ក្នុង​ប្រទេស។

​លោក​ Sudaryono ​ប្រធាន​ទី​ភ្នាក់ងារ​ជាតិ​អាហារូបត្ថម្ភ ​(​National ​Nutrition Agency​)​ ​បាន​ឱ្យ​ដឹង​តាមរយៈ​សារវីដេអូ​មួយ​ថា​ ​ទីភ្នាក់ងារ​នេះ​បាន​ចាប់ផ្តើម​ប្រើប្រាស់​ស្លាកសញ្ញា​បញ្ជាក់​ពេលវេលា​ដែល​អាហារ​ត្រូវ​ទទួលទាន។

​លោក​បាន​ជំរុញ​ឱ្យ​សិស្ស​ ​និង​គ្រូបង្រៀន​ពិនិត្យមើល​ពេលវេលា​ដែល​បង្ហាញ​នៅលើ​ស្លាក ​មុនពេល​ទទួលទាន​ ​ហើយ​មិន​ត្រូវ​បរិភោគ​អាហារ​ឡើយ​ ​ប្រសិនបើ​ហួស​រយៈពេល​កំណត់​ ៤ ​ម៉ោង។

​លោក​ Sudaryono ​ក៏​បាន​ណែនាំឱ្យ​សិស្ស​កុំ​យក​អាហារ​ពី​កម្មវិធី​នេះ​ទៅ​ផ្ទះ​ ​ដោយសារ​រដ្ឋាភិបាល​មិន​អាច​ធានា​បាន​ពី​គុណភាព​ និង​សុវត្ថិ​ភាព​របស់​អាហារ​ ​ប្រសិនបើ​វា​ត្រូវ​បាន​ទុក​ក្នុង​រយៈពេល​យូរ​។ ​លោក​ព្រមាន​ថា​ ការ​ទទួលទាន​អាហារ​ដែល​មាន​គុណភាព​ធ្លាក់ចុះ​ ​អាច​បង្កឱ្យ​មាន​ការ​ពុល​ទាំង​សិស្ស​ ​និង​សមាជិក​គ្រួសារ។​

​ក្នុង​សប្តាហ៍​ដំបូង​នៃ​ការ​កាន់​តំណែង​ ​លោក​ Sudaryono ​ក៏​បាន​លើកឡើង​ពី​ករណី​សង្ស័យ​ពុល​អាហារ​ថ្មី​មួយ​នៅ​តំបន់​ប៉ា​ពួ ​ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌូនេស៊ី​។ ​លោក​បាន​អះអាង​ថា​ ​បញ្ហា​មួយ​ដែល​អាច​បង្ក​ហានិភ័យ ​គឺ​ចន្លោះ​ពេល​យូរ​រវាង​ការ​ចម្អិន ​និង​ការ​ចែកចាយ​អាហារ។

​ក្នុង​ករណី​មួយ ​អាហារ​ត្រូវ​បាន​ចម្អិន​ប្រហែល​ម៉ោង​ ៧​យប់​ ​ប៉ុន្តែ​ទើប​ត្រូវ​បាន​បញ្ជូន​ទៅ​សាលារៀន​នៅ​ម៉ោង​ ១១​ព្រឹក​ថ្ងៃ​បន្ទាប់។

​សូម​ជម្រាប​ថា​ ​កម្មវិធី​អាហារ​ឥត​គិត​ថ្លៃ​របស់​ប្រធានាធិបតី​ ​Prabowo ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​កែលម្អ​អាហារូបត្ថម្ភ​របស់​កុមារ​ ​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​។​ ​ប៉ុន្តែ​ការ​កើតមាន​ករណី​សង្ស័យ​ពុល​អាហារ​ជា​បន្តបន្ទាប់​ ​បាន​ធ្វើឱ្យ​សុវត្ថិភាព​អាហារ​ ​និង​ប្រព័ន្ធ​ចែកចាយ ​ក្លាយ​ជា​បញ្ហា​សំខាន់​សម្រាប់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា