៣០ឆ្នាំនេះ និស្សិតកម្ពុជា ១ម៉ឺននាក់ទទួលបានអាហារូបករណ៍ទៅ​សិក្សានៅអូស្ត្រាលី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៣០ឆ្នាំនេះ និស្សិតកម្ពុជា ១ម៉ឺននាក់ទទួលបានអាហារូបករណ៍ទៅ​សិក្សានៅអូស្ត្រាលី

៣០ឆ្នាំនេះ និស្សិតកម្ពុជា ១ម៉ឺននាក់ទទួលបានអាហារូបករណ៍ទៅ​សិក្សានៅអូស្ត្រាលី

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្ដម Derek Yip បាន​ឱ្យដឹងថា ក្នុងរយៈពេល​៣០ឆ្នាំមកនេះ និស្សិតកម្ពុជាជាប់អាហារូបករណ៍ទៅសិក្សា​នៅអូស្ត្រាលីមានចំនួនសរុបប្រមាណ ១ម៉ឺននាក់ ដោយ​ពួកគេ​សិក្សា​ទៅលើជំនាញផ្សេងៗ។

Advertisement

ក្នុងពិធីអបអរសាទរការជួបជុំអតីតនិស្សិតរៀននៅអូស្ត្រាលី (Australian Alumni) កាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា អូស្ត្រាលី ពិតជាមានមោទនភាពចំពោះការរួមចំណែករបស់អតីតនិស្សិតអូស្ត្រាលី ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាលើគ្រប់វិស័យទាំងសាធារណៈ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។

ឯកឧត្ដម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា តាមរយៈកម្មវិធីអាហារូបករណ៍អូស្ត្រាលីនៅកម្ពុជាក្នុងរយៈពេល ៣០ឆ្នាំមកនេះ គឺជាសក្ខីភាពដ៏រឹងមាំមួយ នៃទំនាក់ទំនងប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

រដ្ឋមន្រ្តីក្រសួងអប់រំ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អលើគ្រប់វិស័យ ការបន្តគាំទ្រដល់វិស័យអប់រំ និងការផ្តល់អាហារូបករណ៍ដ៏មានតម្លៃដល់យុវជនកម្ពុជាជាង ៣ទសវត្សមកនេះ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យក្លាយជាកម្លាំងចលករដ៏មានសក្ដានុពល ដើម្បីចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានលើកទឹកចិត្តដល់អតីតនិស្សិតទាំងអស់ បន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចឱ្យអស់ពីលទ្ធភាព ដោយប្រើប្រាស់ចំណេះ និងជំនាញដែលបានរៀន ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងសូមបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំ។

គួរជំរាបជូនថា អាហារូបករណ៍អូស្រ្តាលី ដែលបាន​ផ្ដល់លើក​ដំបូងដល់និស្សិត​កម្ពុជា គឺ​នៅក្នុង​ឆ្នាំ​១៩៩៤៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា