សិង្ហបុរីរឹតបន្តឹងវិធានការលើសិស្ស bully អ្នកដទៃក្នុងសាលា អាចប្រឈមផ្អាកការសិក្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិង្ហបុរីរឹតបន្តឹងវិធានការលើសិស្ស bully អ្នកដទៃក្នុងសាលា អាចប្រឈមផ្អាកការសិក្សា

សិង្ហបុរីរឹតបន្តឹងវិធានការលើសិស្ស bully អ្នកដទៃក្នុងសាលា អាចប្រឈមផ្អាកការសិក្សា

សិង្ហបុរី — សិស្សដែលពាក់ព័ន្ធនឹងអំពើធ្វើបាប ឬគំរាមកំហែងអ្នកដទៃ (Bullying) នៅក្នុងសាលារៀន អាចប្រឈមនឹងវិធានការតឹងរ៉ឹងជាងមុន រួមមានការផ្អាកការសិក្សា ការកាត់បន្ថយពិន្ទុអាកប្បកិរិយា និងទណ្ឌកម្មផ្សេងៗ ក្រោមគោលការណ៍ថ្មីស្តីពីការគ្រប់គ្រងអាកប្បកិរិយាមិនសមរម្យរបស់សិស្ស ដែលត្រូវបានប្រកាសដោយក្រសួងអប់រំសិង្ហបុរី។

Advertisement

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ក្រសួងអប់រំសិង្ហបុរីបានដាក់ចេញគោលការណ៍ថ្មីសម្រាប់ដោះស្រាយករណីធ្វើបាប និងគំរាមកំហែងក្នុងសាលារៀន ដោយផ្តោតលើការអនុវត្តវិធានការដាច់ខាតចំពោះបទល្មើសធ្ងន់ធ្ងរ។

ក្រសួងអប់រំបានបញ្ជាក់ថា វិធានការទាំងនេះនឹងអនុវត្តរួមជាមួយវិធីសាស្ត្រស្តារនីតិសម្បទា ដូចជាការប្រឹក្សា និងការណែនាំផ្លូវចិត្ត ដើម្បីជួយកែប្រែឥរិយាបថសិស្ស។ ពិន្ទុអាកប្បកិរិយារបស់សិស្សនឹងត្រូវវាយតម្លៃរៀងរាល់ឆមាស ហើយអាចត្រូវបានយកទៅពិចារណានៅពេលដាក់ពាក្យចូលរៀនកម្មវិធីជាក់លាក់ណាមួយ ឬសាលាផ្សេងៗនាពេលអនាគត។

ក្នុងការកំណត់ថា តើករណីណាមួយមានភាពធ្ងន់ធ្ងរប៉ុណ្ណា សាលារៀននឹងពិចារណាលើកត្តាជាច្រើន រួមមានផលប៉ះពាល់នៃអាកប្បកិរិយា ចេតនារបស់អ្នកប្រព្រឹត្ត និងប្រវត្តិឥរិយាបថរបស់សិស្ស។ ករណីធ្ងន់ធ្ងរអាចរួមមានការវាយតប់ ការប្រើអំពើហិង្សា និងការធ្វើបាបម្តងហើយម្តងទៀតដោយមានបំណងបង្កគ្រោះថ្នាក់។

រដ្ឋមន្ត្រីក្រសួងអប់រំសិង្ហបុរី លោក Desmond Lee បានលើកឡើងថា បច្ចុប្បន្នសាលារៀននីមួយៗមានវិធីដោះស្រាយករណីខុសគ្នា ដូច្នេះក្របខ័ណ្ឌថ្មីនេះមានគោលបំណងបង្កើតស្តង់ដារដែលមានភាពស៊ីសង្វាក់គ្នានៅទូទាំងប្រព័ន្ធអប់រំ។

ក្រសួងអប់រំបានឱ្យដឹងថា ចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ សាលារៀនបានកត់ត្រាករណីធ្វើបាបជាមធ្យមចំនួន ៣ ករណីក្នុងចំណោមសិស្សបឋមសិក្សា ១,០០០ នាក់ និង ៨ ករណីក្នុងចំណោមសិស្សមធ្យមសិក្សា ១,០០០ នាក់។

តួលេខនេះខ្ពស់ជាងអំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដែលមានករណីជាមធ្យម ២ ករណីក្នុងសិស្សបឋមសិក្សា ១,០០០ នាក់ និង ៦ ករណីក្នុងសិស្សមធ្យមសិក្សា ១,០០០ នាក់ក្នុងមួយឆ្នាំ។

គោលការណ៍ថ្មីនេះមិនអនុវត្តតែចំពោះការធ្វើបាប និងគំរាមកំហែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្របដណ្តប់លើអាកប្បកិរិយាមិនសមរម្យផ្សេងៗ ដូចជាការលួច និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហើយគ្រោងអនុវត្តនៅគ្រប់សាលារៀនទាំងអស់ចាប់ពីដើមឆ្នាំ២០២៧៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា