ឯកឧត្តម​សន្តិ​បណ្ឌិត​ ​នេត ​សាវឿន ​ជំរុញ​ឱ្យ​យុវជន​ប្រើប្រាស់​បច្ចេកវិទ្យា​ ​និង​ភាព​ច្នៃប្រឌិត​ ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម​សន្តិ​បណ្ឌិត​ ​នេត ​សាវឿន ​ជំរុញ​ឱ្យ​យុវជន​ប្រើប្រាស់​បច្ចេកវិទ្យា​ ​និង​ភាព​ច្នៃប្រឌិត​ ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​

ឯកឧត្តម​សន្តិ​បណ្ឌិត​ ​នេត ​សាវឿន ​ជំរុញ​ឱ្យ​យុវជន​ប្រើប្រាស់​បច្ចេកវិទ្យា​ ​និង​ភាព​ច្នៃប្រឌិត​ ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​

​ក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ក្រោម​ប្រធានបទ​ «​រួមគ្នា​ឆ្លើយតប​គ្រឿងញៀន​ក្នុង​បរិបទ​ថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិត​» ​នា​ព្រឹក​ថ្ងៃទី​២៥​ ​ខែមិថុនា ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ ​ឯកឧត្តម​សន្តិ​បណ្ឌិត​ ​នេត ​សាវឿន ​ឧប​នាយក​រដ្ឋមន្រ្តី​ ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​បាន​មានប្រសាសន៍​ ​ដោយ​លើកទឹកចិត្ត​យុវជន​ សិស្សានុសិស្ស ​និង​ជន​រួម​ជាតិ​ទាំងអស់​ ​ចាប់ផ្ដើម​បំផុស​គំនិត​ច្នៃប្រឌិត​ថ្មី​ៗ​ ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។​

Advertisement

​ឯកឧត្តម​សន្តិ​បណ្ឌិត​ ​នេត ​សាវឿន ​មានប្រសាសន៍​ថា​ កន្លងមក​ ​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​បង្កើត​ ​App​ ​No​ ​Drunk​ ​ដើម្បីឱ្យ​ពលរដ្ឋ​រាយការណ៍​ជា​សំងាត់​ ​ដោយ​មាន​ក្រុម​ប្រចាំ​ការណ៍​ ​២៤​ម៉ោង​លើ​៧​ថ្ងៃ​ ​និង​មាន​មាតិកា ​អប់រំ​កម្សាន្ត​ជាច្រើន​។ ​ដូច្នេះ​ ​ថ្ងៃ​ខាងមុខ​ទៅ​ ​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​នឹង​ស្វាគមន៍​រាល់​គំនិត​ន​វានុវត្តន៍​ តាម​បែប​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​នានា ​ដែល​ប្អូន​ៗ​ក្មួយៗ​ចង់​បង្កើត​ ​ដើម្បី​បម្រើ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។ ​ឯកឧត្តម​បន្ត​ថា​ ​ទាំងអស់​នេះ​ ​គឺជា​ការ​ឆ្លុះបញ្ចាំង​ទៅនឹង​ខ្លឹមសារ ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ដើម្បី​ឆ្លើយតប​បញ្ហា​គ្រឿងញៀន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។​

​”​កន្លងមក​ ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ប្អូន​ៗ​ ​ក្មួយ​ៗ​ ​ដែល​បាន​ចូលរួម​ផលិត​មាតិកា​អប់រំ​នានា ​ដូចជា​ វីដេអូ​ខ្លី ​ការ​និពន្ធ​រឿង​ តែង​កំណាព្យ​ ​។ល​។ ​នេះ​គឺជា​ការ​ចូលរួម​ដ៏​សំខាន់​សម្រាប់​សង្គមជាតិ​យើង​”​

​ឯកឧត្តម​សន្តិ​បណ្ឌិត​ ​ឧប​នាយក​រដ្ឋមន្រ្តី​ ​បញ្ជាក់​ថា​ ​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​មិន​មែន​មាន​ន័យ​ថា​ ​ទាល់តែ​ចូលរួម​ចាប់​ជនល្មើស​ បង្រ្កាប​គ្រឿងញៀន​ ​ទើប​ហៅ​ថា​ ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នោះ​ទេ​។ ​ការ​ចូលរួម​អប់រំ ​ផ្សា​ព្វផ្សាយ​ ​បង្ការ​ ​ទប់ស្កាត់​ ​ក៏​ជា​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ផងដែរ​។ ​ឧទាហរណ៍​ ​សិល្បៈ​ករ ​សិល្បៈ​ការិនី​ ពេល​ឡើង​សម្តែង​ ​ឡើង​ប្រកួត​ ​បាន​និយាយ​សារ​អប់រំ ​ទៅកាន់​អ្នកគាំទ្រ​ខ្លួនឱ្យ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ ​នោះ​គឺជា​សកម្មភាព​មួយ​ ​ដែល​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។​

​ឯកឧត្តម​ ​ឧប​នាយក​រដ្ឋមន្រ្តី​ ​បន្ថែម​ថា​ ​ម្ចាស់​ផលិតកម្ម ​បាន​ដាក់​សារ​ដាស់តឿន​ពីផលប៉ះពាល់នៃ​គ្រឿងញៀន​នៅ​កន្លែង​អាជីវកម្ម​របស់​ខ្លួន​, ​ប្អូន​ៗ​ ​ក្មួយ​ៗសិស្សានុសិស្ស ​យុវជន​កាក​បាត​ក្រហម​ យុវជន​កាយ​ឫទ្ធិ ​ឈរ​លើក​បដា ​រំលឹក​ដាស់តឿន​ពី​បញ្ហា​គ្រឿងញៀន​ ​និង​សូម្បីតែ​សមាជិក​គ្រួសារ​មួយ​ ​បាន​ក្រើន​រំលឹក​កូនក្មួយ​ខ្លួន​ជាប្រចាំ​ និង​យកចិត្តទុកដាក់​កុំ​ឱ្យ​មាន​សមាជិក​របស់​ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​ ​ក៏​មាន​ន័យ​ថា​ ​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដូចគ្នា​ផងដែរ​។ ​

​ឯកឧត្តម​សន្តិ​បណ្ឌិត​ ​នេត ​សាវឿន ​ក៏​បាន​លើកទឹកចិត្ត​ដល់​យុវជន​ យុវនារី ​សិស្សានុសិស្ស​ និស្សិត​ ​ត្រូវ​បន្ត​ពង្រឹង​ការ​សិក្សា​ ​អភិវឌ្ឍ​ជំនាញ​សីលធម៌​ ​វិន័យ​ និង​សមត្ថភាព​ឌីជីថល​របស់​ខ្លួន​ ​ដើម្បី​ក្លាយជា​ធនធាន​មនុស្ស​ប្រកបដោយ​គុណ​វុឌ្ឍិសម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​ ​និង​ត្រូវ​ធ្វើជា​គំរូល្អ​ក្នុង​ការ​បដិសេធ​គ្រឿងញៀន​ ​បារី​អេឡិចត្រូនិច​ និង​អំពើអបាយ​មុខ​គ្រប់​ប្រភេទ​ ​ព្រមទាំង​ចូលរួម​ផ្សព្វផ្សាយ​សារ​អប់រំ​ដល់មិត្តភក្ដិ​ ក្នុង​ក្រុមគ្រួសារ​ និង​សហគមន៍​។

​យោង​តាម​របាយការណ៍​ឆ្នាំ​២០២៥​ ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​បាន​អនុវត្ត​វិធានការ​ច្បាប់​ ​ដោយ​បាន​បង្រ្កាប​បទល្មើស​គ្រឿងញៀន​សរុប​ ​១៨៣២​ករណី​ ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ ​៣១៩២​នាក់​ នារី​ ​២៨៥​នាក់​ ​ពាក់ព័ន្ធ​បទល្មើស​ដូចជា​ ​ជួញដូរ​និង​រក្សាទុក​គ្រឿងញៀន​, ​ដឹកជញ្ជូន​និង​រក្សាទុក​គ្រឿងញៀន​, ​ចាត់ចែង​សម្រួល​ឱ្យ​ប្រើប្រាស់​គ្រឿងញៀន​, ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿងញៀន​ ​និង​ករណី​ប្រើប្រាស់​គ្រឿងញៀន​ជាដើម​។ ​ចំពោះ​ ​ការ​អប់រំ ​កែប្រែ​ ​និង​ស្ដារ​នីតិសម្បទា ​តាមរយៈ​ការ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​ស្ដារ​នីតិសម្បទា​គ្រឿងញៀន​ ​និង​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​ សរុប​ចំនួន​ ​១៨៧៥​នាក់​ នារី​ ​១៤២​នាក់​។

​តាមរយៈ​របាយការណ៍​នេះ​ ​ឯកឧត្តម​ ​ព្រុំ​ ​សុខា ​ទេសរដ្ឋមន្រ្តី​ ​អនុ​ប្រធាន​ប្រចាំ​ការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​បាន​ឱ្យដឹង​ថា​ ​គ្រឿងញៀន​ឆ្លងកាត់​ប្រទេស​កម្ពុជា​ ​គឺ​មាន​តែ​ប្រមាណ​ ​១៥​ភាគរយ​ទៅ​២០​ភាគរយ​ប៉ុណ្ណោះ​ ត្រូវបាន​ប៉ុនប៉ង​ និង​ចរាចរ​ជួញដូរ​ក្នុង​ប្រទេស​ ​ចំណែកឯ​ ​៨០​ភាគ​រយទៅ​៨៥​ភាគរយ​ទៀត​ ​ត្រូវបាន​ចរាចរ​ក្នុង​គោលដៅ​បញ្ជូន​ទៅ​ប្រទេស​ទី​បី​។​

ឯកឧត្តម  ព្រុំ សុខា ទេសរដ្ឋមន្រ្តី អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

​ឯកឧត្តម​បន្ត​ថា​ ការណ៍​នេះ​ ​ជា​សក្ខីភាព​បង្ហាញ​ថា​ ​ទីផ្សារ​គ្រឿងញៀន​នៅ​កម្ពុជា​ ​ត្រូវបាន​កាត់បន្ថយ​ដោយ​ប្រជាពលរដ្ឋ​ ​ជាពិសេស​ យុវជន​ យុវនារី ​សិស្សានុសិស្ស ​ចាប់ផ្ដើម​មាន​ការ​យល់ដឹង​ជ្រាលជ្រៅ​អំពី​វិនាស​សកម្ម​នៃ​គ្រឿងញៀន​ ​ដោយ​ខ្លួន​មិន​មាន​ការ​ភ្លើតភ្លើន​ ​ចង់​សាក ​ចាញ់បោក ​ឬ​រង​ការ​ចាប់បង្ខំ​ណាមួយ​ឱ្យ​ខ្លួន​ធ្លាក់​ក្នុង​បន្លុង​នៃ​គ្រឿងញៀន​ឡើយ​។ ​ឯកឧត្តម​ថា​ ​នេះ​ជា​និន្នាការ​ដ៏​ល្អ​ប្រសើរ​មួយ​ ​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​ ​ជៀស​ផុត​ពី​គោលដៅ​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ ​និង​ជា​ទីតាំង​ប្រកបដោយ​សុខ​សុវត្ថិភាព​ ​ព្រមទាំង​សម្រាប់​ការ​រស់នៅ​ ​គោលដៅ​ទេសចរណ៍​ ​ទាក់ទាញ​ការ​ធ្វើ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា