ពីកុមារីរូបរាងតូចល្អិត ទុំ សំណាង ពុះពាររៀនរហូតជាប់បាក់ឌុប ប្តេជ្ញាបន្តរៀនច្បាប់ និងចង់ក្លាយជាមន្ត្រីរាជការ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពីកុមារីរូបរាងតូចល្អិត ទុំ សំណាង ពុះពាររៀនរហូតជាប់បាក់ឌុប ប្តេជ្ញាបន្តរៀនច្បាប់ និងចង់ក្លាយជាមន្ត្រីរាជការ

ពីកុមារីរូបរាងតូចល្អិត ទុំ សំណាង ពុះពាររៀនរហូតជាប់បាក់ឌុប ប្តេជ្ញាបន្តរៀនច្បាប់ និងចង់ក្លាយជាមន្ត្រីរាជការ

ទុំ សំណាង អាយុ២០ឆ្នាំ ជាក្មេងស្រីម្នាក់ដែលមានរូបរាងតូចល្អិត និងធ្លាប់មានអារម្មណ៍អន់ចិត្តចំពោះកម្ពស់របស់ខ្លួន បានពុះពារជម្នះការលំបាកក្នុងជីវិត និងការសិក្សា រហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦។ ជំហានបន្ទាប់របស់នាង គឺបន្តរៀនផ្នែកច្បាប់ និងស្វែងរកឱកាសក្លាយជាមន្ត្រីរាជការ ដើម្បីមានការងារធ្វើ និងជួយគ្រួសារ។

សំណាង រស់នៅឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប និងជាអតីតសិស្សវិទ្យាល័យតេជោ ហ៊ុន សែន អង្គរធំ។ នាងមានកម្ពស់ប្រមាណ ១,០៤ម៉ែត្រ និងជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូន៤នាក់ ក្នុងនោះប្រុស២នាក់ និងស្រី២នាក់។ ម្តាយប្រកបរបរកសិកម្ម ខណៈឪពុកជាជាងសំណង់។ ក្នុងចំណោមបងប្អូន សំណាង មានមាឌតូចល្អិតជាងគេ។

កាលពីនៅតូច សំណាង ធ្លាប់គិតចង់បោះបង់ការសិក្សា ដោយសារសាលារៀននៅឆ្ងាយ ហើយនាងក៏ធ្លាប់មានអារម្មណ៍អន់ចិត្តចំពោះរូបរាង និងកម្ពស់របស់ខ្លួន។ ប៉ុន្តែការគិតឡើងវិញ និងការលើកទឹកចិត្តពីគ្រួសារ បានជួយឱ្យនាងសម្រេចបន្តដំណើរលើផ្លូវសិក្សា។

សំណាង រៀបរាប់ថា កត្តាដែលជំរុញឱ្យនាងខំប្រឹងរៀន គឺក្តីស្រលាញ់គ្រួសារ និងបំណងចង់មានអនាគតដោយខ្លួនឯង ព្រមទាំងចង់អាចជួយសម្រាលបន្ទុកគ្រួសារដែលមានជីវភាពខ្វះខាត។

កត្តាដែលធ្វើឱ្យខ្ញុំខំប្រឹងរៀនរហូតដល់ប្រឡងថ្នាក់ទី១២ជាប់ គឺកត្តាគ្រួសារនិងអនាគតរបស់ខ្លួនឯង។ ខ្ញុំចង់ជួយគ្រួសារ និងចង់មានការងារធ្វើដោយខ្លួនឯង ព្រោះគ្រួសារខ្វះខាត

ពីការធ្លាប់អន់ចិត្តនឹងរូបរាង សំណាង បានផ្លាស់ប្តូររបៀបគិតរបស់ខ្លួន ដោយយល់ថា ចំណេះដឹងគឺជាអ្វីដែលអាចជួយឱ្យនាងមានឱកាសកសាងអនាគតបាន ទោះបីរូបរាងរបស់នាងខុសពីមនុស្សដទៃក៏ដោយ។

ពីមុនខ្ញុំធ្លាប់អន់ចិត្តនឹងរូបរាង និងកម្ពស់ដែរ តែឥឡូវខ្ញុំអត់គិតទៀតទេ។ ខ្ញុំធ្លាប់ចង់បោះបង់ការសិក្សាម្តង ពេលនៅតូច ដោយសារសាលាឆ្ងាយ។ តែពេលយូរៗទៅ ខ្ញុំគិតឡើងវិញថា បើរូបរាងខ្ញុំតូច ហើយធ្វើអ្វីអត់កើត ចឹងមានតែចំណេះវិជ្ជាទេដែលអាចជួយខ្ញុំបាន ទើបខ្ញុំខំប្រឹងរៀន

ការតស៊ូរបស់សំណាងបាននាំនាងមកដល់ការប្រឡងបាក់ឌុបឆ្នាំ២០២៦។ ទោះទទួលបាននិទ្ទេស E ក៏ដោយ សម្រាប់នាង ការប្រឡងជាប់គឺជាជំហានមួយដ៏សំខាន់ ព្រោះវាបង្ហាញថា ការខិតខំរៀនសូត្ររបស់នាងអាចឆ្លងកាត់ឧបសគ្គដែលធ្លាប់ធ្វើឱ្យនាងគិតចង់បោះបង់បាន។

បន្ទាប់ពីបញ្ចប់ថ្នាក់ទី១២ សំណាងកំពុងរៀបចំផែនការសម្រាប់ជំហានបន្ទាប់។ ដំបូងឡើយ នាងមានបំណងចង់រៀនផ្នែកច្នៃម៉ូត ប៉ុន្តែដោយសារមិនមានជម្រើសសិក្សាផ្នែកនេះដែលសមស្របសម្រាប់នាងនៅសៀមរាប នាងបានពិចារណាប្តូរទិសដៅទៅសិក្សាផ្នែកច្បាប់វិញ។

សំណាងមានបំណងបន្តការសិក្សាផ្នែកច្បាប់ ព្រោះនាងចង់ធ្វើការក្នុងវិស័យរដ្ឋបាល និងមានក្តីស្រមៃក្លាយជាមន្ត្រីរាជការមួយរូបនៅថ្ងៃអនាគត។

ក្តីស្រមៃនេះក៏ភ្ជាប់ជាមួយបញ្ហាជីវភាពគ្រួសារ ដែលជាឧបសគ្គសម្រាប់ការបន្តការសិក្សានៅសាកលវិទ្យាល័យ។ ដោយសារគ្រួសារមានជីវភាពខ្វះខាត សំណាង មានបំណងស្នើសុំអាហារូបករណ៍ ដើម្បីបន្តការសិក្សា និងកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារ។

សម្រាប់ សំណាង ការប្រឡងជាប់បាក់ឌុបមិនមែនជាចំណុចបញ្ចប់នៃដំណើរសិក្សារបស់នាងឡើយ ប៉ុន្តែជាជំហានថ្មីមួយទៅរកអនាគតដែលនាងចង់កសាងដោយខ្លួនឯង។

ពីក្មេងស្រីដែលធ្លាប់គិតថា រូបរាងតូចអាចក្លាយជាឧបសគ្គ សំណាង បានជ្រើសរើសយកការរៀនសូត្រ និងការតស៊ូជាកម្លាំង ដើម្បីបន្តដំណើរទៅមុខ។ ក្តីស្រមៃរបស់នាងនៅពេលនេះ គឺមានឱកាសបន្តរៀនច្បាប់ មានការងារធ្វើ និងអាចជួយគ្រួសារដែលបានផ្តល់កម្លាំងចិត្តឱ្យនាងមិនបោះបង់ការសិក្សា៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា