ពីកុមារីជនភៀសខ្លួន ក្លាយជាសមាជិកព្រឹទ្ធសភា រដ្ឋ Massachusetts ដំបូងគេនៅសហរដ្ឋអាមេរិកដែលមានដើមកំណើតខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពីកុមារីជនភៀសខ្លួន ក្លាយជាសមាជិកព្រឹទ្ធសភា រដ្ឋ Massachusetts ដំបូងគេនៅសហរដ្ឋអាមេរិកដែលមានដើមកំណើតខ្មែរ

ពីកុមារីជនភៀសខ្លួន ក្លាយជាសមាជិកព្រឹទ្ធសភា រដ្ឋ Massachusetts ដំបូងគេនៅសហរដ្ឋអាមេរិកដែលមានដើមកំណើតខ្មែរ

ពីកុមារីខ្មែរម្នាក់ដែលត្រូវភៀសខ្លួនចេញពីកម្ពុជាក្នុងវ័យត្រឹមតែ ១១ឆ្នាំ និងមកដល់សហរដ្ឋអាមេរិកដោយមិនចេះសូម្បីតែពាក្យអង់គ្លេសមួយម៉ាត់ ឥឡូវនេះ លោកស្រី Vanna Howard បានក្លាយជាសមាជិកព្រឹទ្ធសភារដ្ឋ Massachusetts និងជាសមាជិកព្រឹទ្ធសភារដ្ឋដែលមានដើមកំណើតខ្មែរដំបូងគេនៅសហរដ្ឋអាមេរិក។

ដំណើរជីវិតរបស់លោកស្រី Howard គឺជារឿងរ៉ាវដែលឆ្លុះបញ្ចាំងពីការតស៊ូ ការបាត់បង់ និងការចាប់ផ្តើមជីវិតថ្មីរបស់ជនភៀសខ្លួនខ្មែរ បន្ទាប់ពីសោកនាដកម្មនៃរបបខ្មែរក្រហម។

លោកស្រីបានរំលឹកថា កាលពីនៅកម្ពុជាក្នុងវ័យកុមារ លោកស្រីមិនដែលស្រមៃថា ថ្ងៃណាមួយខ្លួននឹងក្លាយជាមន្ត្រីជាប់ឆ្នោតឡើយ។

លោកស្រី Howard បានបាត់បង់ឪពុក បងប្អូនប្រុស ៣នាក់ និងជីដូនជីតា ក្នុងអំឡុងរបបខ្មែរក្រហម មុនពេលភៀសខ្លួនចេញពីកម្ពុជា។ លោកស្រីបានមកដល់សហរដ្ឋអាមេរិកក្នុងវ័យ ១១ឆ្នាំ បន្ទាប់ពីបានរស់នៅក្នុងជំរុំជនភៀសខ្លួននៅប្រទេសថៃអស់រយៈពេលជាង ២ឆ្នាំ។

ក្រោយមក លោកស្រី និងគ្រួសារបានតាំងទីលំនៅនៅសហរដ្ឋអាមេរិក ដោយដំបូងរស់នៅសង្កាត់ Brighton ក្នុងទីក្រុង Boston រដ្ឋ Massachusetts។ ការមកដល់អាមេរិកដោយមិនចេះភាសាអង់គ្លេស មិនបានរារាំងលោកស្រីពីការកសាងជីវិតថ្មីឡើយ។ លោកស្រីបានទទួលការគាំទ្រពីសហគមន៍ ហើយក្រោយមកបានចូលរួមបម្រើសហគមន៍ដែលបានជួយលើកស្ទួយជីវិតរបស់លោកស្រី។

មុនឈានចូលនយោបាយ លោកស្រី Howard បានធ្វើការជានាយកប្រចាំតំបន់ Greater Lowell របស់អតីតសមាជិកសភាអាមេរិក Niki Tsongas និងធ្លាប់បម្រើការងារនៅការិយាល័យរដ្ឋអាជ្ញាខោនធី Middlesex និង Suffolk ព្រមទាំងបានធ្វើការនៅ Lowell Community Health Center។

នៅឆ្នាំ២០២០ លោកស្រី Howard បានឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកសភារដ្ឋ Massachusetts តំណាងឱ្យមណ្ឌលទី១៧ Middlesex ហើយបានជាប់ឆ្នោត។ លោកស្រីបានក្លាយជាស្ត្រីដំបូងដែលមានដើមកំណើតខ្មែរ ដែលត្រូវបានជ្រើសរើសជាសមាជិកសភារដ្ឋនៅសហរដ្ឋអាមេរិក។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦ លោកស្រី Howard បានស្បថចូលកាន់តំណែងជាសមាជិកព្រឹទ្ធសភារដ្ឋ Massachusetts តំណាងឱ្យមណ្ឌលទី១ Middlesex។ តាមប្រភពផ្លូវការរបស់ព្រឹទ្ធសភារដ្ឋ Massachusetts លោកស្រីគឺជាសមាជិកព្រឹទ្ធសភារដ្ឋដែលមានដើមកំណើតខ្មែរដំបូងគេនៅសហរដ្ឋអាមេរិក។

ក្នុងសុន្ទរកថាបន្ទាប់ពីស្បថចូលកាន់តំណែង លោកស្រី Howard បានថ្លែងថា ថ្ងៃនោះជាថ្ងៃប្រវត្តិសាស្ត្រ ដោយលោកស្រីបានមកដល់សហរដ្ឋអាមេរិកក្នុងវ័យ ១១ឆ្នាំ ក្នុងនាមជាជនភៀសខ្លួន និងមិនចេះភាសាអង់គ្លេស។ លោកស្រីបាននិយាយថា កាលពីពេលនោះ លោកស្រីមិនអាចស្រមៃថា ខ្លួននឹងអាចចូលកាន់តំណែងជាមន្ត្រីជាប់ឆ្នោតបានឡើយ។ លោកស្រី​បាន​ថ្លែងថា ដំណើររបស់លោកស្រីមិនមែនជាដំណើរងាយស្រួលទេ ប៉ុន្តែសហគមន៍បានជួយលើកស្ទួយ គាំទ្រ និងបំផុសទឹកចិត្តលោកស្រីឱ្យត្រឡប់មកបម្រើសហគមន៍វិញ។


លោកស្រី Howard បានផ្ញើសារលើកទឹកចិត្តថា អ្វីៗអាចកើតឡើងបាន ប្រសិនបើមនុស្សម្នាក់ខិតខំប្រឹងប្រែង និងទទួលបានការគាំទ្រពីគ្រួសារ និងសហគមន៍។

ក្នុងតួនាទីជាសមាជិកព្រឹទ្ធសភារដ្ឋ លោកស្រីកំពុងផ្តោតលើបញ្ហាសំខាន់ៗ រួមមាន លំនៅឋាន សេវាថែទាំសុខភាព និងបញ្ហារបស់សហគមន៍ជនអន្តោប្រវេសន៍ ខណៈលោកស្រីបានចាត់ទុកការផ្តល់ត្រឡប់ទៅសហគមន៍ដែលបានជួយលើកស្ទួយជីវិតលោកស្រី ជាផ្នែកសំខាន់មួយនៃការបម្រើសាធារណៈ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា