ស្ថាបនិក Uot AI & STEM ៖ ការបង្រៀនកុមារឱ្យចេះសរសេរកូដតាំងពីក្មេង នឹងជួយពួកគេក្លាយជាអ្នកបង្កើតបច្ចេកវិទ្យាទៅថ្ងៃអនាគត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថាបនិក Uot AI & STEM ៖ ការបង្រៀនកុមារឱ្យចេះសរសេរកូដតាំងពីក្មេង នឹងជួយពួកគេក្លាយជាអ្នកបង្កើតបច្ចេកវិទ្យាទៅថ្ងៃអនាគត

ស្ថាបនិក Uot AI & STEM ៖ ការបង្រៀនកុមារឱ្យចេះសរសេរកូដតាំងពីក្មេង នឹងជួយពួកគេក្លាយជាអ្នកបង្កើតបច្ចេកវិទ្យាទៅថ្ងៃអនាគត

ដើម្បីប្រែក្លាយកម្ពុជាពីប្រទេស “អ្នកប្រើប្រាស់” ទៅជា “អ្នកផលិត” បច្ចេកវិទ្យា, ការបណ្តុះបណ្តាលកុមារឱ្យស៊ាំនឹងការសរសេរកូដរ៉ូបូត និងដ្រូន នឹងជួយ​ពួកគេ​ក្លាយ​ជាអ្នក​បង្កើតបច្ចេកវិទ្យា​ទៅថ្ងៃអនាគត។ ស្ថាបនិក Uot AI & STEM លើកឡើងថា ជំនាញនេះ មិនត្រឹមជួយកុមារកម្ពុជាឱ្យពួកគេក្លាយជាវិស្វករជំនាញនៅថ្ងៃអនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងសមត្ថភាព នៃការគិត វិភាគ និងការដោះស្រាយបញ្ហា ថែមទៀត។

Advertisement

លោក ពេជ សូវៀត ស្ថាបនិក Uot AI & STEM មានប្រសាសន៍ថា ដើម្បីឱ្យប្រទេសកម្ពុជាដើរទាន់បណ្ដាប្រទេសអភិវឌ្ឍមួយចំនួន ចាំបាច់ត្រូវបណ្ដុះក្មេងជំនាន់ក្រោយដែលមានអាយុពី ៦ទៅដល់១៥ឆ្នាំ ឱ្យពួកគេចេះប្រើប្រាស់បច្ចេកវិទ្យា ស៊ាំជាមួយបច្ចេកវិទ្យា ជាពិសេសចេះសរសេរកូដក្នុងរ៉ូបូត និងដ្រូន ទើបអាចឆ្លើយតបនឹងការក្លាយខ្លួនជាអ្នកផលិតបច្ចេកវិទ្យានៅរយៈពេល ៥ឆ្នាំទៅ ១០ឆ្នាំខាងមុខ។

“បច្ចុប្បន្ន យើងជាអ្នកប្រើប្រាស់មិនទាន់ក្លាយជាអ្នកផលិតទេ ដូច្នេះ យើងត្រូវបង្រៀនពួកគាត់ ផ្ដល់ឱកាសឱ្យពួកគាត់ប្រើប្រាស់សិន រហូតពួកគាត់ស៊ាំ គាត់ចេះ គាត់អាចធ្វើខ្លួនឯងបាន នោះទើបយើងក្លាយជាអ្នកបង្កើត”

ស្ថាបនិក Uot AI & STEM បញ្ជាក់ថា កុមារគួរតែឆាប់រៀនសរសេរកូដរ៉ូបូត និងដ្រូន តាំងពីវ័យក្មេង ដោយសារមានគុណសម្បត្តិចំនួន ៣ធំៗ រួមមាន ទី១. ការចាប់ផ្ដើមចេះសរសេរកូដតាមវ័យរបស់ខ្លួន ជាពិសេសអាយុពី៦ ដល់១៥ឆ្នាំ អាចសរសេរតាមកម្មវិធីងាយៗ ហើយអ្វីដែលត្រូវគិត គឺការវិភាគធ្វើយ៉ាងណាឱ្យរ៉ូបូតដើរតាមលក្ខខណ្ឌដែលចង់បាន, ទី២. កុមារបានស្គាល់ពីចំណុចពិសេសផ្សេងៗរបស់រ៉ូបូត គ្រឿងបង្គំ ប្រព័ន្ធភ្លើង និងចំណុចពិសេសៗផ្សេងៗទៀតដែលកុមារអាចស្វែងយល់បានជាមួយបច្ចេកវិទ្យាទំនើបសព្វថ្ងៃ និង ទី៣. កុមារអាចមានជំនាញពិសេសៗ ដូចជា ការគិតវិភាគ ការដោះស្រាយបញ្ហា ​ការចេះច្នៃប្រឌិត និងចេះធ្វើការងារជាក្រុម។

លោក ពេជ សូវៀត ស្ថាបនិក Uot AI & STEM

លោក ពេជ សូវៀត បន្ថែមថា លោកមានចក្ខុវិស័យ ចង់ឃើញមនុស្ស​ជំនាន់ក្រោយក្លាយជាអ្នកបង្កើតបច្ចេកវិទ្យា (Innovator Technology) គឺរ៉ូបូត និងដ្រូន ក៏ដូចជា ក្លាយជាវិស្វកររ៉ូបូត, វិស្វករបញ្ញាសិប្បនិម្មិត, វិស្វករមេកានិក, វិស្វករអេឡិចត្រូនិក, វិស្វករដ្រូន, អ្នកសរសេរកម្មវិធី/វិស្វករកម្មវិធី, អ្នកច្នៃប្រឌិត, សហគ្រិនឬស្ថាបនិក, អ្នកស្រាវជ្រាវ ឬអ្នកវិទ្យាសាស្រ្ត, អ្នកទំនាក់ទំនងបច្ចេកវិទ្យា ឬអ្នកអប់រំ ដែលផ្ដល់ឱកាសការងារឱ្យពួកគេ​ទទួលបានជោគជ័យក្នុងជីវិត ហើយក៏អាចរួមចំណែកជួយដល់ប្រទេសជាតិផងដែរ។

បើតាមលោក សូវៀត ការរៀនសរសេរកូដរ៉ូបូត ពិតជាជួយដល់កុមារក្នុងការរៀនមុខវិជ្ជាផ្សេងៗនៅសាលារៀនផងដែរ ដោយសារកុមារមិនត្រឹមតែចេះសរសេរកូដប៉ុណ្ណោះទេ ប៉ុន្តែចេះវាស់វែង ចេះដោះស្រាយបញ្ហា គណនាគណិតវិទ្យា ចេះគិតវិភាគ មានគំនិតច្នៃប្រឌិត និងមានភាពសប្បាយរីករាយ។

ថ្នាក់រៀនសរសេរកូដក្នុងរ៉ូបូត និងដ្រូន

កុមារា រ៉ាវីត ជាសិស្សថ្នាក់ទី៤ នៃសាលារៀនមីគីវ៉េ និងជាសិស្សកំពុងរៀនសរសេរកូដរ៉ូបូត និងដ្រូន នៅ Uot AI & STEM និយាយថា ខ្លួនបានមករៀនសរសេរកូដរ៉ូបូតរយៈពេលមួយខែ ធ្វើឱ្យរូបគេចេះសរសេរកូដ ស្គាល់ពីគ្រឿងបង្គំរបស់រ៉ូបូត និងប្រព័ន្ធភ្លើងផ្សេងៗ ហើយការរៀនសប្បាយរីករាយ។ រ៉ាវីត បន្តថា នៅថ្ងៃអនាគត រូបគេចង់ក្លាយអ្នកជំនាញខាងរ៉ូបូតនេះ។

ស្ថាបនិក Uot AI & STEM ក៏បានលើកទឹកចិត្តអាព្យាបាលសិស្ស និងប្អូនៗ ដែលមានពេលទំនេរ គួរជៀសជាងការលេងហ្គេម ឬលេងទូរស័ព្ទ ដោយអាណាព្យាបាលអាចនាំកូនមករៀនសរសេរកូដនៅក្នុងរ៉ូបូត និងដ្រូន ព្រោះនៅពេលពួកគាត់ចេះជំនាញសរសេរកូដ និងស្គាល់បច្ចេកវិទ្យា គឺនឹងជួយឱ្យគាត់ស្វែងរកទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់ខ្លួនលើផ្នែកបច្ចេកវិទ្យា រហូតក្លាយទៅជាអ្នកបង្កើតបច្ចេកវិទ្យានៅពេលអនាគត៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា