ស្ថាប័នឧត្តមសិក្សា និងស្រាវជ្រាវ៥ ចុះកិច្ចព្រមព្រៀងអន្តរជាតិ ដើម្បីពង្រឹងការសិក្សា និងស្រាវជ្រាវផ្នែកមនុស្សសាស្ត្រនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថាប័នឧត្តមសិក្សា និងស្រាវជ្រាវ៥ ចុះកិច្ចព្រមព្រៀងអន្តរជាតិ ដើម្បីពង្រឹងការសិក្សា និងស្រាវជ្រាវផ្នែកមនុស្សសាស្ត្រនៅកម្ពុជា

ស្ថាប័នឧត្តមសិក្សា និងស្រាវជ្រាវ៥ ចុះកិច្ចព្រមព្រៀងអន្តរជាតិ ដើម្បីពង្រឹងការសិក្សា និងស្រាវជ្រាវផ្នែកមនុស្សសាស្ត្រនៅកម្ពុជា

គ្រឹះស្ថានឧត្តមសិក្សា និងស្ថាប័នស្រាវជ្រាវពាក់ព័ន្ធចំនួន៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអន្តរជាតិ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ ការបណ្ដុះបណ្ដាល និងការអភិវឌ្ឍវិស័យមនុស្សសាស្ត្រនៅកម្ពុជា ក្រោមគម្រោង «Manusastra» ខណៈរដ្ឋមន្ត្រីអប់រំបានជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សាពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រែក្លាយអាទិភាពរួមទៅជាសកម្មភាពជាក់ស្តែង។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិអប់រំ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ វិទ្យាស្ថានជាតិភាសា និងអរិយធម៌បូព៌ាប្រទេស (INALCO) និងមជ្ឈមណ្ឌលស្រាវជ្រាវ SeDyL ក្នុងពិធីដែលមានការអញ្ជើញចូលរួមជាសាក្សីពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ឯកឧត្តម ហង់ជួន ណារ៉ុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សា និងការប្រែក្លាយអាទិភាពរួមទៅជាសកម្មភាពជាក់ស្តែង ដោយមានផែនការការងារ និងប្រព័ន្ធតាមដានច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត។

ឯកឧត្តមបានលើកឡើងថា លទ្ធផល និងអនុសាសន៍ដែលទទួលបានពីការពិគ្រោះយោបល់ថ្នាក់ជាតិផ្នែកឧត្តមសិក្សា និងការស្រាវជ្រាវ នឹងជួយគាំទ្រដល់កិច្ចសន្ទនារវាងគ្រឹះស្ថានឧត្តមសិក្សា និងអាជ្ញាធរសាធារណៈ ក្នុងការកំណត់ទិសដៅ និងសកម្មភាពបន្ត។

កិច្ចព្រមព្រៀងក្រោមគម្រោង «Manusastra» មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន ការបណ្ដុះបណ្ដាល និងលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ព្រមទាំងការពង្រឹងវិធីសាស្ត្រសិក្សាស្រាវជ្រាវក្នុងវិស័យមនុស្សសាស្ត្រ ការគាំទ្រកម្មវិធីសញ្ញាបត្រជាន់ខ្ពស់ផ្នែកភាសា អក្សរសាស្ត្រ និងអរិយធម៌បរទេស និងតំបន់ និងការលើកកម្ពស់ថាមវន្តនៃការស្រាវជ្រាវ តាមរយៈការបង្កើតក្រុមស្រាវជ្រាវចម្រុះអន្តរជាតិវ័យក្មេង។

តាមរយៈគម្រោងនេះ កិច្ចសហប្រតិបត្តិការនឹងផ្ដោតលើវិស័យសំខាន់ៗ ដូចជា ភាសាវិទ្យា អក្សរសាស្ត្រ ការសិក្សាសិលាចារឹក និងសាត្រាស្លឹករឹត ប្រវត្តិសាស្ត្រ បុរាណវិទ្យា ប្រវត្តិសិល្បៈ និងនរវិទ្យា ដើម្បីលើកកម្ពស់ការសិក្សាស្រាវជ្រាវ និងការអភិរក្សចំណេះដឹង ព្រមទាំងបេតិកភណ្ឌភាសា ប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជា។

ជាមួយគ្នានេះ កិច្ចព្រមព្រៀងក៏នឹងជំរុញការអភិវឌ្ឍសកម្មភាពស្រាវជ្រាវរួម ការផ្លាស់ប្ដូរអ្នកស្រាវជ្រាវ និងអ្នកជំនាញ ការបណ្ដុះបណ្ដាលនិស្សិត និងការពង្រឹងបណ្ដាញអ្នកស្រាវជ្រាវក្នុងវិស័យមនុស្សសាស្ត្រ។

គម្រោង «Manusastra» ទទួលបានការគាំទ្រ និងចូលរួមពីស្ថាប័នដៃគូអន្តរជាតិ រួមមាន ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) សាលាបារាំងចុងបូព៌ា (EFEO) និងវិទ្យាស្ថានស្រាវជ្រាវដើម្បីការអភិវឌ្ឍ (IRD) ដែលនឹងចូលរួមពង្រឹងបណ្ដាញសហប្រតិបត្តិការផ្នែកអប់រំ និងស្រាវជ្រាវរវាងកម្ពុជា និងអន្តរជាតិ។

ពិធីចុះហត្ថលេខានេះក៏ជាផ្នែកមួយនៃសកម្មភាពអមសំខាន់ៗ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា