អ្នកជំនាញថា យុវជនមួយចំនួននៅមិនទាន់យល់ដឹងស៊ីជម្រៅពីខ្លឹមសារ នៃពិធីបុណ្យចូលឆ្នាំខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញថា យុវជនមួយចំនួននៅមិនទាន់យល់ដឹងស៊ីជម្រៅពីខ្លឹមសារ នៃពិធីបុណ្យចូលឆ្នាំខ្មែរ

អ្នកជំនាញថា យុវជនមួយចំនួននៅមិនទាន់យល់ដឹងស៊ីជម្រៅពីខ្លឹមសារ នៃពិធីបុណ្យចូលឆ្នាំខ្មែរ

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺជាប្រពៃណីដ៏សំខាន់មួយរបស់ជាតិ ដែលមានអាយុកាលយូរលង់មកហើយ និងតែងតែប្រារព្ធធ្វើឡើងរៀងរាល់ខែមេសា។ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសតែងតែប្រកាន់ខ្ជាប់ និងថែរក្សាប្រពៃណីដ៏មានតម្លៃនេះ។ ក្នុងនោះ យុវជនខ្មែរនាពេលបច្ចុប្បន្នក៏បានចូលរួមក្នុងការថែរក្សា និងបន្តប្រពៃណីនេះឱ្យគង់វង្សផងដែរ។

Advertisement

យ៉ាងណាក៏ដោយ អ្នកជំនាញបានលើកឡើងថា យុវជនមួយចំនួននៅមិនទាន់យល់ដឹងស៊ីជម្រៅពីខ្លឹមសារ នៃការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរតាមក្បួនប្រពៃណីនៅឡើយទេ។ នេះបើយោងតាមការលើកឡើងរបស់លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិតបានប្រាប់ AMS ថា តាមការសង្កេតរបស់លោក យុវជនមួយចំនួនបានចូលរួមយ៉ាងសកម្មក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ និងសកម្មភាពសង្គមផ្សេងៗ ដើម្បីថែរក្សាប្រពៃណីខ្មែរ ប៉ុន្តែការយល់ដឹងអំពីអត្ថន័យ និងខ្លឹមសារពិតប្រាកដនៃពិធីបុណ្យនេះនៅមានកម្រិត។

លោក បញ្ជាក់ថា «យុវជនបច្ចុប្បន្នមួយចំនួន គាត់ចូលរួមសកម្មភាពនានាក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែខ្ញុំសង្កេតឃើញថា ការយល់ដឹងអំពីអត្ថន័យ និងរបៀបអនុវត្តតាមប្រពៃណីនៅមានកម្រិត។ ឧទាហរណ៍ដូចជា ការរៀបចំរណ្តាប់ផ្លែឈើសម្រាប់ទទួលទេវតា របៀបរៀបសែន ឬការលេងល្បែងប្រជាប្រិយតាមក្បួនប្រពៃណី មួយចំនួននៅមិនទាន់អនុវត្តបានត្រឹមត្រូវនៅឡើយ»។

លោកបណ្ឌិតបានបន្ថែមថា ដើម្បីយល់ដឹងកាន់តែច្បាស់ អំពីអត្ថន័យនៃពិធីបុណ្យចូលឆ្នាំខ្មែរ យុវជនគួរតែសិក្សាស្វែងយល់បន្ថែម តាមរយៈការអានសៀវភៅ និងសិក្សាពីប្រវត្តិប្រពៃណីខ្មែរ។

តែសម្រាប់ កញ្ញា ស៊ីម ចំរើន វ័យ២៦ឆ្នាំ មកពីខេត្តសៀមរាប និយាយថា យុវជនបច្ចុប្បន្នមានភាពសកម្មខ្លាំងក្នុងការចូលរួមអបអរពិធីបុណ្យចូលឆ្នាំខ្មែរ តាមរយៈកម្មវិធីសង្ក្រាន្តនានា ដែលរៀបចំឡើងតាមសាលារៀន សហគមន៍ និងតំបន់រស់នៅរបស់ពួកគេ។ កញ្ញាលើកឡើងថា «យុវជនសព្វថ្ងៃបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីចូលឆ្នាំខ្មែរ ដូចជា លេងល្បែងប្រជាប្រិយ បោសសំអាតផ្ទះ ទៅវត្តអារាម និងចូលរួមកម្មវិធីសង្ក្រាន្តនានា។ នេះបង្ហាញថា ពួកគេបានចូលរួមថែរក្សាប្រពៃណីនេះយ៉ាងសកម្ម»។

ចំណែកយុវជនម្នាក់ទៀត កញ្ញា សៅ សុជាតា អាយុ ១៨ឆ្នាំ មកពីរាជធានីភ្នំពេញ ក៏បានលើកឡើងស្រដៀងគ្នាថា យុវជនជាច្រើនបានចូលរួមថែរក្សាប្រពៃណីចូលឆ្នាំខ្មែរ និងជៀសវាងសកម្មភាពមិនសមរម្យ ដូចជាការរាំវាយគ្នាតាមធុងបាសជាដើម។ យុវជនរូបនេះនិយាយថា «ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពេលវេលាដែលក្រុមគ្រួសារបានជួបជុំគ្នា ហើយក៏ជាឱកាសបង្ហាញពីវប្បធម៌ និងប្រពៃណីរបស់ជាតិផងដែរ។ ប្រជាពលរដ្ឋគ្រប់វ័យ រួមទាំងយុវជន បានចូលរួមអនុវត្តប្រពៃណីនេះយ៉ាងខ្ជាប់ខ្ជួន»។

សូមជម្រាបថា ប្រវត្តិនៃពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវបានភ្ជាប់ជាមួយនឹងតំណាលទេវកថាមួយដែលពាក់ព័ន្ធនឹង សិរី ៣ ប្រការ។ តាមតំណាលរៀងរាល់ឆ្នាំថ្មី អង្គទេវីទាំង ៧ ដែលជាបុត្រីរបស់កបិលមហាព្រហ្ម ត្រូវផ្លាស់វេនគ្នាកាន់តំណែងជា «ទេវតាសង្ក្រាន្តឆ្នាំថ្មី» ដើម្បីគ្រប់គ្រង និងថែរក្សាភពមនុស្សលោក។

ក្នុងពិធីនេះ ទេវីដែលត្រូវកាន់តំណែងសង្ក្រាន្តឆ្នាំថ្មី ត្រូវដង្ហែព្រះសិរសាព្រះបិតា ប្រទក្សិណភ្នំព្រះសុមេរុរយៈពេល ៦០ នាទី មុននឹងយកទៅតម្កល់នៅទីកន្លែងដើមវិញ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋខ្មែរ ក៏តែងតុបតែងគេហដ្ឋាន និងព្យួរ «គោមផ្កាយ» ដើម្បីលម្អផ្ទះសម្បែង ដោយមានជំនឿថា វានឹងនាំមកនូវលាភសំណាង និងសិរីសួស្តីសម្រាប់ឆ្នាំថ្មី៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា