អ្នក​ជំនាញ​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​រើសអើង​លើ​កុមារ​មាន​តម្រូវការ​ពិសេស​ ​ដោយ​ផ្តល់​ឱកាស​រៀនសូត្រ​ដល់​ពួកគេ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នក​ជំនាញ​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​រើសអើង​លើ​កុមារ​មាន​តម្រូវការ​ពិសេស​ ​ដោយ​ផ្តល់​ឱកាស​រៀនសូត្រ​ដល់​ពួកគេ​

អ្នក​ជំនាញ​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​រើសអើង​លើ​កុមារ​មាន​តម្រូវការ​ពិសេស​ ​ដោយ​ផ្តល់​ឱកាស​រៀនសូត្រ​ដល់​ពួកគេ​

​បញ្ហា​ការ​មាក់ងាយ​ ​(​Bullying​)​ ​និង​ការ​រើសអើង​ចំពោះ​កុមារ​ដែល​មាន​តម្រូវការ​ពិសេស ​ជាពិសេស​កុមារ​មាន​បញ្ហា​អូទីស្សឹម ​នៅតែ​បន្ត​កើតមាន​ក្នុង​សង្គម ​ដែល​ទាមទារ​ឱ្យ​មាន​ការ​យកចិត្តទុកដាក់​ ​និង​ចូលរួម​ដោះស្រាយ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​បើក​ឱកាស​ឱ្យ​ពួកគេ​ទទួល​បាន​ការ​អប់រំ​ស្មើ​ភាព​គ្នា​នៅ​តាម​សាលារៀន​ទូទៅ​។ ​នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​ ​លោក​ ​ហឿ​ ​សេធុល ​អ្នក​ជំនាញប្រឹក្សា​ផ្លូវចិត្ត​ ​និង​ជា​នាយក​ប្រតិបត្តិ​នៃ​សាលា​អប់រំ​ពិសេស​ K​CPS។​

​លោក​ ​ហឿ​ ​សេធុល ​លើកឡើង​ថា​ ​ទោះ​បី​ជា​បច្ចុប្បន្ន​ការ​យល់ដឹង​អំពី​បញ្ហា​អូទីស្សឹម​មាន​ការ​កើនឡើង​ក្តី ​ប៉ុន្តែ​ការ​រើសអើង​នៅតែ​មាន​កម្រិត​ខ្ពស់​។ ​បញ្ហា​នេះ​បណ្តាល​មកពី​សាលារៀន​មួយចំនួន​ពុំ​ទាន់​មាន​សមត្ថភាព​ ​និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ជួយគាំទ្រ ​ដែល​ជា​ហេតុ​ធ្វើឱ្យ​កុមារ​ទាំងនោះ​ ​សូម្បីតែ​កុមារ​ដែល​មាន​បញ្ហា​អូទីស្សឹម​កម្រិត​ស្រាល ត្រូវ​បាត់បង់​ឱកាស​ចូលរួម​រៀន​សូត្រ ​និង​ធ្វើ​សមាហរណកម្ម​ជាមួយ​សង្គម​។ ការណ៍​នេះ​ ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​អនាគត​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បង្កើត​ជា​សម្ពាធ​ផ្លូវចិត្ត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កុមារ ​និង​ក្រុមគ្រួសារ​ទាំងមូល​ផងដែរ។

លោក ហឿ សេធុល អ្នកជំនាញប្រឹក្សាផ្លូវចិត្ត និងជានាយកប្រតិបត្តិនៃសាលាអប់រំពិសេស KCPS

​ដើម្បី​លុបបំបាត់​បញ្ហា​ប្រឈម​ទាំងនេះ​ ​លោក​ ​ហឿ​ ​សេធុល ​បាន​ស្នើឡើង​នូវ​ដំណោះស្រាយ​គន្លឹះ​ចំនួន​ ៣ ​ចំណុច​៖

ការ​យល់ដឹង​ ​និង​ការ​ទទួល​យក​របស់​ក្រុមគ្រួសារ​ ​៖ ​ឪពុក​ម្តាយ​ត្រូវ​ទទួល​យក​ការពិត​ពី​ស្ថានភាព​របស់​កូន​ ​ចៀសវាង​ការ​ដាក់​សម្ពាធ​ឱ្យ​កូន​រៀន​ដូច​កុមារ​ធម្មតា​ជ្រុល​ហួស​ហេតុ​ ​ឬ​បញ្ជូន​កូន​ទៅកាន់​មជ្ឈដ្ឋាន​ដែល​មិន​សមស្រប​នឹង​ការ​រីកលូតលាស់​របស់​ពួក​គេ។

​ការ​លើកកម្ពស់​ការ​យល់ដឹង​ក្នុង​សង្គម​៖​ ​ជំរុញ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឱ្យ​កាន់តែ​ទូលំទូលាយ ​ដើម្បី​កាត់បន្ថយ​ការ​មាក់ងាយ​ ​និង​ទស្សនៈ​រើស​អើង​មក​លើ​កុមារ​អូទី​ស្សឹម។

​គោលនយោបាយ​ ​និង​ការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល​ ៖ ​រៀបចំ​ផែន​ការ​ដាក់​បញ្ចូល​កុមារ​មាន​តម្រូវការ​ពិសេស​ទៅក្នុង​ប្រព័ន្ធ​អប់រំ​ទូទៅ ​ជំរុញ​សាលា​ឯកជន​ឱ្យ​ទទួល​យក​ពួកគេ ​ព្រមទាំង​បង្កើន​ការ​បណ្តុះបណ្តាល​ធនធាន​គ្រូ​ជំនាញ​អប់រំ​ពិសេស​ឱ្យ​បាន​កាន់តែ​ច្រើន។

​យោង​តាម​ទិន្នន័យ​ពី​អង្គការ​យូនី​សេហ្វ ​(​UNI​CEF​)​ ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​សិស្ស​មាន​ពិការភាព​ជាង​ ​៣​ម៉ឺន​នាក់​ ​កំពុង​ចុះ​ឈ្មោះ​ចូលរៀន​ក្នុង​ប្រព័ន្ធ​អប់រំ​ទូទៅ​ទូទាំង​ប្រទេស​ ​ខណៈ​ប្រមាណ​ ​១​.​២០០ ​នាក់​ទៀត​ ​កំពុង​សិក្សា​នៅ​តាម​សាលារៀន​ចំនួន​ ៦ ​ដែល​ផ្តល់​កម្មវិធី​អប់រំ​ពិសេស។

រូបភាព៖ ថ្នាក់រៀនបរិយាបន្ន UNICEF Cambodia/2026/Cristyn Lloyd

​ទោះជា​យ៉ាងណា​ ​របាយការណ៍​បាន​កត់សម្គាល់​ថា​ ​កុមារ​ជា​ច្រើន​នៅតែ​ប្រឈម​នឹង​ការ​បាត់បង់​ឱកាស​ចូលរៀន ​ដោយសារ​កត្តា​មាក់​ងាយ ការ​ខ្មាស​អៀន កង្វះ​ការ​យល់ដឹង​របស់​អាណាព្យាបាល​ ​ក៏ដូចជា​កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​ ​សម្ភារ​សិក្សា​ឯកទេស ​និង​សមត្ថភាព​របស់​គ្រូបង្រៀន​ក្នុង​ការ​សម្របសម្រួល​វិធីសាស្ត្រ​បង្រៀន។

​ឆ្លើយតប​នឹង​បញ្ហា​នេះ​ ​អង្គការ​ UNI​C​EF ​កំពុង​បន្ត​សហការ​ជាមួយ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​តាមរយៈ​មូលនិធិ​ភាព​ជា​ដៃគូ​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​វិស័យ​អប់រំ​ ​(​CDPF​) ​ដើម្បី​ពង្រឹង​វិសាលភាព​នៃ​ការ​អប់រំ​បរិយាបន្ន​។ ​ជា​លទ្ធផល​ចាប់​តាំងពី​ឆ្នាំ​ ​២០១៨​ ​មក​ ​គ្រូបង្រៀន​នៅ​តាម​សាលារៀន​ទូទៅ​ចំនួន​ ៥​.​០០០​ ​នាក់​ ​ទទួល​បាន​ការ​បណ្តុះបណ្តាល​ស្តីពី​ការ​អប់រំ​បរិយាបន្ន​ ​(​ក្នុង​នោះ​ ១​.​០០០ ​នាក់​ ​ទទួល​បាន​ការ​បណ្តុះបណ្តាល​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​)​។ ​លើស​ពី​នេះ​ ​គ្រូ​បង្រៀន​ចំនួន​ ១៤៦ ​នាក់​ ​បាន​បញ្ចប់​វគ្គ​សិក្សា​ជំនាញ​កម្រិត​សញ្ញាបត្រ​រយៈពេល​មួយ​ឆ្នាំ​ ​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​ ​លើ​ជំនាញ​កម្សោយ​គំហើញ​ ​កម្សោយ​ការ​ស្តាប់​ ​និង​ពិការភាព​សតិបញ្ញា​និង​អូទីស្សឹម ​ដើម្បី​ត្រៀមខ្លួន​ចុះ​ជួយ​គាំទ្រ​ដល់​សិស្សា​នុសិស្ស​នៅ​តាម​សាលារៀន​គោលដៅ​នានា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា