អ្នកជំនាញ ៖ កម្ពុជាមិនគួរបោះបង់មរតកភាសាបារាំង ដោយសារឥទ្ធិពលភាសាអង់គ្លេស និងភាសាចិននោះទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញ ៖ កម្ពុជាមិនគួរបោះបង់មរតកភាសាបារាំង ដោយសារឥទ្ធិពលភាសាអង់គ្លេស និងភាសាចិននោះទេ

អ្នកជំនាញ ៖ កម្ពុជាមិនគួរបោះបង់មរតកភាសាបារាំង ដោយសារឥទ្ធិពលភាសាអង់គ្លេស និងភាសាចិននោះទេ

អ្នកជំនាញផ្នែកភាសា និងប្រវត្តិសាស្ត្របានលើកឡើងថា កម្ពុជាមិនគួរបោះបង់មរតកភាសាបារាំង ដោយសារការកើនឡើងនៃឥទ្ធិពលភាសាអង់គ្លេស និងភាសាចិននោះទេ ព្រោះភាសាបារាំងនៅតែមានតម្លៃសំខាន់ក្នុងប្រវត្តិសាស្ត្រ ការអប់រំ ច្បាប់ រដ្ឋបាល និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

បណ្ឌិត មាឃ បូរ៉ា ប្រធានមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ និងភាសាវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជាបានបង្ហាញថា ភាសាបារាំងបានក្លាយជាភាសាបរទេសដ៏មានឥទ្ធិពលមួយក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់កម្ពុជា បន្ទាប់ពីការបង្កើតអាណាព្យាបាលបារាំងនៅឆ្នាំ១៨៦៣។ ក្នុងអំឡុងពេលនោះ ភាសាបារាំងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យរដ្ឋបាល ការអប់រំ ច្បាប់ និងការទូត ព្រមទាំងបានចូលរួមចំណែកក្នុងការកសាងស្ថាប័នសម័យទំនើបរបស់កម្ពុជា។

បណ្ឌិត មាឃ បូរ៉ា បានបញ្ជាក់ថា ទោះបីកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ និងឥទ្ធិពលភាសាបារាំងបានថយចុះជាបន្តបន្ទាប់ក៏ដោយ ក៏ភាសានេះនៅតែមានតម្លៃជាមរតកចំណេះដឹង ជាពិសេសតាមរយៈឯកសាររដ្ឋបាល ស្នាដៃស្រាវជ្រាវ បុរាណវិទ្យា និងឯកសារប្រវត្តិសាស្ត្រជាច្រើន ដែលត្រូវបានកត់ត្រា និងរក្សាទុកជាភាសាបារាំង។

ជាមួយគ្នានេះ ភាសាបារាំងក៏បានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការពង្រីកឱកាសសិក្សារបស់និស្សិតខ្មែរ តាមរយៈកិច្ចសហប្រតិបត្តិការអប់រំ ជំនួយបច្ចេកទេស និងភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំ ដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងនាយកដ្ឋានសិក្សាភាសាបារាំងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។

យ៉ាងណាក៏ដោយ ឥទ្ធិពលភាសាបារាំងនៅកម្ពុជាបានធ្លាក់ចុះដោយសារកត្តាប្រវត្តិសាស្ត្រ និងការផ្លាស់ប្តូរនៃបរិបទសេដ្ឋកិច្ចពិភពលោក។ ជាពិសេស ការបំផ្លិចបំផ្លាញប្រព័ន្ធអប់រំ និងសហគមន៍បញ្ញវន្តក្នុងរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បានធ្វើឱ្យមូលដ្ឋាននៃការអប់រំភាសាបារាំងនៅកម្ពុជាចុះខ្សោយយ៉ាងខ្លាំង។

បន្ថែមពីនេះ សាកលភាវូបនីយកម្មបានជំរុញឱ្យភាសាអង់គ្លេសក្លាយជាភាសាសំខាន់ក្នុងពាណិជ្ជកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ ខណៈភាសាចិនក៏កាន់តែមានតួនាទីសំខាន់ ដោយសារការកើនឡើងនៃពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងចិន។

ទោះជាយ៉ាងនេះក្តី បណ្ឌិត មាឃ បូរ៉ា បានលើកឡើងថា ការសិក្សាភាសាបរទេសមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រទេស ប៉ុន្តែមិនគួរធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណភាសា និងវប្បធម៌ជាតិឡើយ។ ភាសាបារាំងនៅតែមានសក្តានុពលក្នុងវិស័យអប់រំឯកទេស ច្បាប់ រដ្ឋបាល សុខាភិបាល ការទូត ការស្រាវជ្រាវប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការវប្បធម៌។

ជារួម ការរក្សា និងលើកកម្ពស់ការសិក្សាភាសាបារាំង មិនមែនជាការប្រកួតប្រជែងជាមួយភាសាអង់គ្លេស ឬភាសាចិននោះទេ ប៉ុន្តែជាការបន្តថែរក្សាមរតកប្រវត្តិសាស្ត្រ និងពង្រីកធនធានចំណេះដឹងរបស់កម្ពុជា ដើម្បីបង្កើនឱកាសអប់រំ និងសមត្ថភាពប្រកួតប្រជែងក្នុងក្របខណ្ឌអន្តរជាតិ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា