វិស័យអប់រំនៅអាស៊ីអាគ្នេយ៍កំពុងផ្តោតលើជំនាញសម្រាប់ពេលអនាគត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិស័យអប់រំនៅអាស៊ីអាគ្នេយ៍កំពុងផ្តោតលើជំនាញសម្រាប់ពេលអនាគត

វិស័យអប់រំនៅអាស៊ីអាគ្នេយ៍កំពុងផ្តោតលើជំនាញសម្រាប់ពេលអនាគត

វិស័យអប់រំនៅអាស៊ីអាគ្នេយ៍កំពុងផ្តោតលើការអភិវឌ្ឍជំនាញសម្រាប់ពេលអនាគត តាមរយៈការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងការពង្រឹងសមត្ថភាពគ្រូបង្រៀន ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃសង្គម សេដ្ឋកិច្ច និងទីផ្សារការងារ។

ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២៩ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលតំបន់ SEAMEO ប្រចាំប្រទេសវៀតណាម (SEAMEO RETRAC) ដែលរៀបចំឡើងនៅទីក្រុងហូជីមិញ នៅថ្ងៃទី២៨ និង២៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញអប់រំមកពីបណ្តាប្រទេសរួមមាន៖ ប្រ៊ុយណេដារូសាឡឹម កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ទីម័រខាងកើត ថៃ វៀតណាម លេខាធិការដ្ឋាននៃអង្គការរដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍ (SEAMEO) និងអ្នកសង្កេតការណ៍ផងដែរ។

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ ក៏មានការរៀបចំវេទិកាអប់រំឆ្នាំ២០២៦ ក្រោមប្រធានបទ «ការអប់រំដើម្បីត្រៀមខ្លួនសម្រាប់អនាគត៖ ការផ្តល់អំណាចដល់គ្រូបង្រៀន និងការជំរុញនវានុវត្តន៍លើជំនាញសម្រាប់អនាគត»។

អ្នកស្រី Le Thi Thuy Duong នាយិកាមជ្ឈមណ្ឌល SEAMEO RETRAC បានលើកឡើងថា វិស័យអប់រំកំពុងប្រឈមនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ខណៈបច្ចេកវិទ្យាថ្មីៗ បញ្ញាសិប្បនិម្មិត និងការផ្លាស់ប្តូរឌីជីថល កាន់តែមានឥទ្ធិពលលើសកម្មភាពអប់រំ។

អ្នកស្រីបានបញ្ជាក់ថា ក្នុងបរិបទនេះ SEAMEO RETRAC បន្តផ្តោតលើការអភិវឌ្ឍកម្មវិធីដែលសមស្រប បរិយាបន្ន និងមានភាពច្នៃប្រឌិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសសមាជិក។

ក្នុងវេទិកានេះតំណាងឱ្យប្រទេសកម្ពុជា លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីបរិបទកម្ពុជាតាមរយៈលទ្ធផល PISA ដោយបញ្ជាក់ថា កម្ពុជាបានឃើញការរីកចម្រើនជាបន្តបន្ទាប់ ចាប់តាំងពីចូលរួម PISA ក្នុងឆ្នាំ២០១៨។

លោកជំទាវបានឱ្យដឹងថា តាមលទ្ធផល PISA កម្ពុជាមានការកើនឡើង ២៦ពិន្ទុផ្នែកការអាន ៤១ពិន្ទុផ្នែកគណិតវិទ្យា និង៥២ពិន្ទុផ្នែកវិទ្យាសាស្ត្រ។ ទោះបីកម្ពុជានៅមិនទាន់ឈានដល់កម្រិតគោលដៅរបស់ OECD ក៏ដោយ លោកជំទាវបានចាត់ទុកការរីកចម្រើននេះថា ជាលទ្ធផលដែលបង្ហាញពីការរីកចម្រើននៃកំណែទម្រង់អប់រំរបស់កម្ពុជា។

លោកជំទាវបានសង្កត់ធ្ងន់ថា លទ្ធផល PISA អាចជួយបង្ហាញពីស្ថានភាព និងបញ្ហានានាក្នុងប្រព័ន្ធអប់រំ ប៉ុន្តែការត្រៀមខ្លួនសម្រាប់អនាគតរបស់ប្រជាពលរដ្ឋ ក៏ជាចំណុចសំខាន់ដែលប្រព័ន្ធអប់រំត្រូវបន្តផ្តោតលើ។ លោកជំទាវក៏បានចាត់ទុកគ្រូបង្រៀនថា ជាស្នូលសំខាន់នៃប្រព័ន្ធអប់រំ និងជាកត្តាចាំបាច់សម្រាប់ជំរុញការផ្លាស់ប្តូរវិស័យអប់រំ។

សម្រាប់ SEAMEO RETRAC ឆ្នាំ២០២៦ ក៏ជាខួប៣០ឆ្នាំនៃការបង្កើត និងការអភិវឌ្ឍរបស់មជ្ឈមណ្ឌល ដែលបានចូលរួមក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវ ការចែករំលែកចំណេះដឹង និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអប់រំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា