អ្នកជំនាញ​ខ្មែរ​ និង​អាល្លឺម៉ង់ ​រួមគ្នា​រក​ដំណោះស្រាយ​បញ្ហា​កម្ដៅ​ ​ដើម្បី​បង្កើន​ផាសុកភាព​ទីក្រុង​ភ្នំពេញ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញ​ខ្មែរ​ និង​អាល្លឺម៉ង់ ​រួមគ្នា​រក​ដំណោះស្រាយ​បញ្ហា​កម្ដៅ​ ​ដើម្បី​បង្កើន​ផាសុកភាព​ទីក្រុង​ភ្នំពេញ​

អ្នកជំនាញ​ខ្មែរ​ និង​អាល្លឺម៉ង់ ​រួមគ្នា​រក​ដំណោះស្រាយ​បញ្ហា​កម្ដៅ​ ​ដើម្បី​បង្កើន​ផាសុកភាព​ទីក្រុង​ភ្នំពេញ​

​ឆ្លើយតប​ទៅនឹង​ការ​កើនឡើង​កម្ដៅ​យ៉ាង​គំហុក​នៅក្នុង​តំបន់​ប្រជុំជន​ ​ពិសេស​នៅ​រាជធានី​ភ្នំពេញ​ ​ដេប៉ាតឺ​ម៉ង់​ភូមិ​វិទ្យា​ ​និង​រៀបចំ​ដែនដី​ ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​បាន​សហការ​ជាមួយ​អ្នកជំនាញ​ការ​មកពី​ប្រទេស​អាល្លឺម៉ង់ ​រួមគ្នា​សិក្សា​ស្រាវជ្រាវ​ និង​ស្វែងរក​ដំណោះស្រាយ​វិទ្យាសាស្ត្រ​ ​សំដៅ​កាត់បន្ថយ​កម្ដៅ​ ​និង​លើកកម្ពស់​ផាសុកភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ​។​

Advertisement

​ក្នុង​បាឋ​កថា​សាធារណៈ​មួយ​ស្ដីពី​ «​ការ​រចនា​អាកាសធាតុ​ទីក្រុង​ ​និង​ផាសុកភាព​បង្កឡើង​ដោយ​កម្ដៅ​» ​(​Urban​ ​Climatope​ ​Design​ ​and​ ​Thermal​ ​Comfort​) ​កាលពី​រសៀល​ថ្ងៃទី​៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​សាស្រ្តាចារ្យ​ជំនួយ​ ​សែ ​ប៊ុន​លេង​ ​ប្រធាន​ក្រុម​ស្រាវជ្រាវ​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​ទឹក​ នៃ​ដេប៉ាតឺ​ម៉ង់ ​ភូមិ​វិទ្យា​ ​និង​រៀបចំ​ដែនដី​ ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​មានប្រសាសន៍​ថា​ រយៈពេល​មួយ​ទស្សវត្ស​ចុងក្រោយ​នេះ​ ​មិន​ថា​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ រមែង​ទទួល​ឥទ្ធិពល​នៃ​បរិបទ​អាកាសធាតុ​សកល ​ប៉ុន្តែ​បញ្ហា​អាកាសធាតុ​សកល​នេះ​ ​មិន​មែន​ជា​រឿង​មួយ​ដាច់ខាត​ដែល​ធ្វើឱ្យ​មាន​កំណើន​កម្ដៅ​ក្នុង​ទីក្រុង​នោះ​ទេ​។​

សាស្រ្តាចារ្យជំនួយ សែ ប៊ុនលេង ប្រធានក្រុមក្រុមស្រាវជ្រាវការប្រែប្រួលអាកាសធាតុ និងទឹក នៃដេប៉ាតឺម៉ង់ ភូមិវិទ្យា និងរៀបចំដែនដី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

​សាស្រ្តាចារ្យ​ជំនួយ​ ​សែ ​ប៊ុន​លេង​ បន្ថែម​ថា​ ករណី​សំខាន់​មួយ​ដែល​មិន​ទាន់​បាន​សិក្សា​ ​គឺ​ទាក់ទង​នឹង​នគរូបនីយកម្ម ​ដោយ​មាន​ន័យ​ថា​ ​ការ​រីកចម្រើន​នៃ​ទីក្រុង​ ​ជាពិសេស​អគារ​។ ​តាម​ការ​អះអាង​របស់​លោក​សាស្រ្តាចារ្យ​ជំនួយ​ ​នៅ​ពេល​ដែល​មាន​អគារ​កាន់តែ​ច្រើន​ និង​កាន់តែ​ខ្ពស់​ ​វា​នឹង​ធ្វើឱ្យ​កម្ដៅ​កាន់តែ​កើនឡើង​, ​ហើយ​បញ្ហា​កម្ដៅ​ ​វា​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ទៅ​លើ​សុខភាព​មនុស្ស​ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ ​នៃ​ការ​រស់នៅ​។​

​ប្រធាន​ក្រុម​ស្រាវជ្រាវ​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​ទឹក​ នៃ​ដេប៉ាតឺ​ម៉ង់ ​ភូមិ​វិទ្យា​ ​និង​រៀបចំ​ដែនដី​ ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ រូប​នេះ​ ​បាន​ផ្តល់​យោបល់​ថា​ ​នៅក្នុង​លក្ខខណ្ឌ​ទប់ស្កាត់​កម្ដៅ​ ​គឺ​ត្រូវ​បង្កើន​នូវ​ខ្យល់​បក់​ ​ដោយ​មាន​ន័យ​ថា​ ​មាន​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់​ ​ដូច្នេះ​លោក​យល់​ថា​ ​អគារ​ក្នុង​ទីក្រុង​គួរ​កាត់បន្ថយ​ការ​ប្រើប្រាស់​សម្ភារៈ​សំណង់​ដែល​មាន​ផ្ទៃ​ខ្មៅ​ខ្លាំង​ ​ដែល​វា​នឹង​ជួយ​កាត់បន្ថយ​ការ​ស្រូប​កម្ដៅ​ខ្ពស់​ ​ហើយ​ជាមួយគ្នា​នេះ​ ​គួរ​បង្កើត​ឱ្យ​មាន​ម្លប់​ដើមឈើ​ឱ្យ​បាន​ច្រើន​ ​ដែល​វា​មាន​សារៈសំខាន់​ក្នុង​ការ​កាត់បន្ថយ​កម្ដៅ​ក្នុង​ទីក្រុង​ផងដែរ​។ ​លោក​សាស្រ្តាចារ្យ​ជំនួយ​ ​សែ ​ប៊ុន​លេង​ យល់​ថា​ ​គួរតែ​មាន​ផែនការ​មួយ​ក្នុង​ការ​បង្កើត​ឱ្យ​មាន​គម្រប​រុក្ខជាតិ​សម្រាប់​អ្នកធ្វើដំណើរ​ដោយ​ថ្មើរជើង​ក្នុង​ទីក្រុង​ ​ក៏​ដូចជា​បង្កើត​កន្លែង​សម្រាក​លំហែ​បៃតង​ ​ដែល​នឹង​ធ្វើឱ្យ​មាន​ផាសុខភាព​ផ្នែក​អារម្មណ៍​កាន់តែ​ប្រសើរ​។​

​«​ប្រសិនបើ​តំបន់​មួយចំនួន​មាន​ ​ផ្ទៃ​បៃតង ​ផ្ទៃ​ទឹក​ និង​ខ្យល់​បក់​ចេញ​ចូល​គ្រប់គ្រាន់​ ​នោះ​សុខ​មាលភាព​រស់​នៅ​របស់​មនុស្ស​នឹង​កាន់តែ​ប្រសើរ​»​

​ក្នុង​ឱកាស​នោះ​ ​លោក​សាស្ត្រាចារ្យ ​អ៊ុន ​លាង​ ​ព្រឹទ្ធ​បុរស​មហាវិទ្យាល័យ​សង្គមសាស្ត្រ​ ​និង​មនុស្សសាស្ត្រ​ ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រៀបចំ​វេទិកា​ចែករំលែក​ការ​ស្រាវជ្រាវ​រួមគ្នា​ជាមួយ​អ្នកជំនាញ​អាល្លឺម៉ង់ ​ពី​អាកាសធាតុ​ទីក្រុង​ភ្នំពេញ​ ​និង​ផាសុកភាព​បង្ក​ដោយ​កម្តៅ​នេះ​ ​ដោយ​ថា​ ​វា​បាន​អនុញ្ញាតឱ្យ​យើង​គិត​ឡើងវិញ​ថា​ ​តើ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត​អាកាសធាតុ​ទីក្រុង​ប្រែប្រួល​មាន​ទម្រង់​បែប​ណា​?​

លោក​សាស្ត្រាចារ្យ ​អ៊ុន ​លាង​ ​ព្រឹទ្ធ​បុរស​មហាវិទ្យាល័យ​សង្គមសាស្ត្រ​ ​និង​មនុស្សសាស្ត្រ​

​សាស្ត្រាចារ្យ​មានប្រសាសន៍​ថា​ ​”​យើង​អាច​មាន​លទ្ធភាព​គិត​ឡើងវិញ​ ​អំពី​លទ្ធភាព​ដែល​នៅ​ពីក្រោយ​ខ្នង​ ​រួមទាំង​អ្វី​ដែល​មើលឃើញ​ដូចគ្នា​ ​ហើយ​ផ្ដល់​អត្ថន័យ​សម្រាប់​ណែនាំ​សកម្មភាព​នា​ពេល​អនាគត​។ ​ក្នុង​ន័យ​នេះ​ ​ផ្នែក​តូច​មួយ​នៃ​សកម្មភាព​អនាគត ​គឺ​អាកាសធាតុ​“​។​

​កញ្ញា​ ​ផល្លា ​ណារិន ​និស្សិត​ឆ្នាំ​ទី​២​ ​ដេប៉ាតឺ​ម៉ង់​ភូមិ​វិទ្យា​ ​និង​រៀបចំ​ដែនដី​ ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​ដែល​បាន​ចូលរួម​ស្តាប់បាឋ​កថា​សាធារណៈ​នេះ​ ​លើកឡើង​ថា​ ​វេទិកា​ចែករំលែក​នេះ​ ​បាន​ជំរុញ​ឱ្យ​រូប​នាង​យល់ដឹង​កាន់តែ​ច្រើន​អំពី​ការ​រៀបចំ​ទីក្រុង​ ​ដើម្បី​កាត់បន្ថយ​ការ​កើន​កម្ដៅ​។ ​កញ្ញា​បន្ត​ថា​ ​ទិន្នន័យ​ដែល​ទទួលបាន​ពី​ការ​ស្រាវជ្រាវ​នេះ​ ​គឺ​មាន​ប្រយោជន៍​សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ចការ​ស្រាវជ្រាវ​របស់​នាង​យ៉ាង​ខ្លាំង​ ​ហើយ​កញ្ញា​សង្ឃឹម​ថា​ ​នឹង​មាន​ការ​រៀបចំ​វេទិកា​ចែករំលែក​បែប​នេះ​បន្ថែម​ទៀត​ ​ដើម្បី​និស្សិត​ទទួលបាន​ព័ត៌មាន​ ​និង​ចំណេះដឹង​កាន់តែ​ច្រើន​។

កិច្ចសហការស្រាវជ្រាវរវាងអ្នកជំនាញខ្មែរ និងអាល្លឺម៉ង់នេះ ធ្វើឡើងចំពេលដែលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិអាកាសធាតុយ៉ាងធ្ងន់ធ្ងរ។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) ចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២៦ បានបង្ហាញថា ផែនដីបានឡើងកម្ដៅកាន់តែលឿនខ្លាំងនៅឆ្នាំ២០២៥ និងផ្ទុកកម្ដៅក្នុងបរិមាណជាអតិបរមា ដែលអាចបង្កផលវិបាកដល់ពាន់ឆ្នាំខាងមុខ។ ទន្ទឹមគ្នានេះ ការប្រែប្រួលអាកាសធាតុ បាននិងកំពុងធ្វើឱ្យរលកកម្ដៅ (Heat waves) កើតឡើងកាន់តែញឹកញាប់ កាន់តែខ្លាំងក្លា និងមានរយៈពេលកាន់តែវែងជុំវិញសកលលោក ចាប់ពីតំបន់អាស៊ី និងអឺរ៉ុប រហូតដល់អាហ្វ្រិក និងអាមេរិកខាងជើង៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា