អ្នក​នាំពាក្យ​ ​៖​ ៣៣​ឆ្នាំ​មក​នេះ​ ​រដ្ឋធម្មនុញ្ញ​នៅតែ​ឈរ​រឹង​មាំ​ជា​ច្បាប់​កំពូល​របស់​កម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នក​នាំពាក្យ​ ​៖​ ៣៣​ឆ្នាំ​មក​នេះ​ ​រដ្ឋធម្មនុញ្ញ​នៅតែ​ឈរ​រឹង​មាំ​ជា​ច្បាប់​កំពូល​របស់​កម្ពុជា​

អ្នក​នាំពាក្យ​ ​៖​ ៣៣​ឆ្នាំ​មក​នេះ​ ​រដ្ឋធម្មនុញ្ញ​នៅតែ​ឈរ​រឹង​មាំ​ជា​ច្បាប់​កំពូល​របស់​កម្ពុជា​

​រយៈពេល​ ៣៣​ឆ្នាំ​មក​នេះ​ ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​នៅតែ​ឈរ​រឹង​មាំ​ជា​ច្បាប់​កំពូល​របស់​កម្ពុជា​ ​ដោយ​បាន​ក្លាយជា​មូលដ្ឋានគ្រឹះ​សម្រាប់​ក្របខ័ណ្ឌ​ច្បាប់​ ​ស្ថាប័ន​ជាតិ​ ​និង​ការ​អនុវត្ត​គោលការណ៍​ប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស​ ​និង​នីតិរដ្ឋ​។ ​នេះ​បើ​តាម​ការ​លើកឡើង​របស់​បណ្ឌិត​ ព្រហ្ម​ ​វិចិត្រ​អក្ខរា ​អ្នក​នាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​ ​ខណៈ​ថ្ងៃ​ទី​២៤​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​គឺជា​ខួប​ ៣៣​ឆ្នាំ​នៃ​ការ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​។

​បណ្ឌិត​ ព្រហ្ម ​វិចិត្រ​អក្ខរា ​បាន​ប្រាប់​ AMS ថា​ ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ​គឺជា​សមិទ្ធផល​កើត​ចេញ​ពី​ឆន្ទៈ​រួម​របស់​ប្រជា​រាស្ត្រ​ខ្មែរ​ តាមរយៈ​ការ​បោះឆ្នោត​ជា​សកល​ក្នុង​ឆ្នាំ​១៩៩៣ ​ហើយ​បាន​ក្លាយជា​មូលដ្ឋានគ្រឹះ​នៃ​ក្របខ័ណ្ឌ​ច្បាប់​ ​និង​ស្ថាប័ន​របស់​ប្រទេស​។

​បណ្ឌិត​ ព្រហ្ម​ ​វិចិត្រ​អក្ខរា ​អ្នក​នាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​ ​
លោក​បណ្ឌិត​ ព្រហ្ម​ ​វិចិត្រ​អក្ខរា ​អ្នក​នាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ

​លោក​បណ្ឌិត​បាន​លើកឡើង​ថា​ ​ក្នុង​រយៈពេល​ ៣៣​ឆ្នាំ​កន្លងមក​ ​រដ្ឋធម្មនុញ្ញ​បាន​កំណត់ និង​ធានា​នូវ​សិទ្ធិ ​និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ ​រួម​មាន​ សិទ្ធិ​ធ្វើដំណើរ ​សេរីភាព​ខាង​ជំនឿ​សាសនា​ សិទ្ធិ​បង្កើត​គណបក្ស​នយោបាយ​ ​សហជីព ​សមាគម ​និង​អង្គការ​ ​ព្រមទាំង​សិទ្ធិ​ជួប​ប្រជុំ​ ​ប្រមូលផ្តុំ​ ​បញ្ចេញ​មតិ​ បោះឆ្នោត ​និង​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ឱ្យ​ ស្រប​តាម​ច្បាប់​។

​តាម​ការ​លើកឡើង​របស់​អ្នក​នាំពាក្យ​ ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​ក្នុង​រយៈពេល​កន្លង​មក​ ​បាន​រួមចំណែក​ដល់​ការ​រក្សា​ស្ថិរ​ភាព​សង្គម ​និង​នយោបាយ​ ​ព្រមទាំង​បង្កើត​ក្របខ័ណ្ឌ​គតិយុត្ត​សម្រាប់​ការ​គ្រប់គ្រង​រដ្ឋ ​និង​ការ​អភិវឌ្ឍ​ប្រទេស​។

​លោក​បាន​បន្ត​ថា​ ​ទោះបី​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន​ ​ដូចជា​ ការ​ប្រែប្រួល​នៃ​ស្ថានការណ៍​អន្តរជាតិ​ ​និង​បញ្ហា​ឆ​បោក​តាម​អនឡាញ​ក៏​ដោយ​ ​លោក​យល់​ថា​ ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​នៅតែ​បន្ត​ធ្វើឡើង​តាម​ក្របខ័ណ្ឌ​ច្បាប់​ជាតិ​ ​និង​ការ​គោរព​ច្បាប់​អន្តរជាតិ​។

​ជំរុញ​យុវជន​សិក្សា​ ​និង​ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​រដ្ឋធម្មនុញ្ញ​

​ចំពោះ​ការ​ចូលរួម​របស់​យុវជន ​លោក​បណ្ឌិត​ ព្រហ្ម​ ​វិចិត្រ​អក្ខរា ​បាន​លើកឡើង​ថា​ ​ការ​សិក្សា​ ​និង​ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​រដ្ឋធម្មនុញ្ញ​មាន​សារៈសំខាន់​ ​ព្រោះ​យុវជន​ជា​កម្លាំង​ស្នូល ​និង​ជា​អ្នក​បន្ត​វេន​របស់​សង្គម​។

​លោក​បាន​បញ្ជាក់​ថា​ ការ​យល់ដឹង​អំពី​រដ្ឋធម្មនុញ្ញ​ជួយ​ឱ្យ​យុវជន​ស្គាល់​សិទ្ធិ ​និង​កាតព្វកិច្ច​របស់​ខ្លួន​ យល់​ពី​គោលការណ៍​គ្រឹះ​នៃ​រដ្ឋ ​គោរព​ច្បាប់​ ​និង​សិទ្ធិ​របស់​អ្នក​ដទៃ ​ព្រមទាំង​ចូលរួម​ក្នុង​សង្គម​ដោយ​សន្តិវិធី ​និង​មាន​ការ​ទទួលខុសត្រូវ​។

វិមានរដ្ឋធម្មនុញ្ញ
វិមានរដ្ឋធម្មនុញ្ញ 

​លោក​បាន​បន្ថែម​ថា​ ​យុវជន​អាច​ចូលរួម​ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​រដ្ឋធម្មនុញ្ញ​ទៅកាន់​មិត្តភក្តិ​ ​គ្រួសារ​ ​សាលារៀន​ ​និង​សហគមន៍​ ​ដើម្បី​ជួយ​បង្កើន​ការ​យល់ដឹង​របស់​ប្រជា​ពលរដ្ឋ​អំពី​ច្បាប់​កំពូល​របស់​ប្រទេស​ ​និង​លើកកម្ពស់​វប្បធម៌​គោរព​ច្បាប់​។

​ជា​រួម ​លោក​បណ្ឌិត​ ព្រហ្ម​ ​វិចិត្រ​អក្ខរា ​បាន​លើកឡើង​ថា​ ការ​បន្ត​សិក្សា​ ​គោរព ​និង​ការពារ​រដ្ឋធម្មនុញ្ញ​ ​គឺ​ជា​មូលដ្ឋាន​សម្រាប់​ពង្រឹង​នីតិរដ្ឋ ​និង​ការ​អភិវឌ្ឍ​ប្រទេស​ ​ព្រមទាំង​ជួយ​ឱ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​យល់ដឹង​អំពី​សិទ្ធិ ​និង​កាតព្វកិច្ច​របស់​ខ្លួន​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា