ចិន​ជំនួស​តារា​ល្បី​ៗ​ដោយ​អ្នក​វិទ្យាសាស្ត្រ​នៅលើ​ផ្ទាំង​ប៉ាណូ​សាធារណៈ​ ​លើកទឹកចិត្ត​យុវជន​យក​គំរូ​តាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន​ជំនួស​តារា​ល្បី​ៗ​ដោយ​អ្នក​វិទ្យាសាស្ត្រ​នៅលើ​ផ្ទាំង​ប៉ាណូ​សាធារណៈ​ ​លើកទឹកចិត្ត​យុវជន​យក​គំរូ​តាម

ចិន​ជំនួស​តារា​ល្បី​ៗ​ដោយ​អ្នក​វិទ្យាសាស្ត្រ​នៅលើ​ផ្ទាំង​ប៉ាណូ​សាធារណៈ​ ​លើកទឹកចិត្ត​យុវជន​យក​គំរូ​តាម

​ប្រទេស​ចិន​កំពុង​ផ្លាស់ប្តូរ​ទេសភាព​ផ្ទាំង​ប៉ាណូ​សាធារណៈ​នៅ​តាម​តំបន់​ដែល​មាន​មនុស្ស​ធ្វើដំណើរ​ច្រើន​ ​ដោយ​ជំនួស​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​បង្ហាញ​តារា​ភាពយន្ត ​និង​តារា​ចម្រៀង​ល្បី​ៗ​ ​មក​បង្ហាញ​រូប​អ្នក​វិទ្យាសាស្ត្រ​ ​សាស្ត្រាចារ្យ​ ​និង​អ្នក​ស្រាវជ្រាវ​ជួរ​មុខ​របស់​ប្រទេស​ ​ដើម្បី​លើកកម្ពស់​ការ​ចាប់​អារម្មណ៍​របស់​យុវជន​ចំពោះ​វិទ្យាសាស្ត្រ ​និង​ការ​ច្នៃប្រឌិត​។

យោង​តាម​សារព័ត៌មាន​ ​Global Times ​បាន​ឱ្យ​ដឹង​ថា​ ​ថ្មី​ៗ​នេះ​ផ្ទាំង​ប៉ាណូ​ធំ​ៗ​នៅ​តាម​ដង​ផ្លូវ​សំខាន់​ៗ​ អាកាសយានដ្ឋាន ​និង​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​ក្នុង​ទីក្រុង​ធំ​ៗ​របស់​ចិន​ ​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​បង្ហាញ​រឿងរ៉ាវ ​និង​សមិទ្ធផល​របស់​អ្នក​វិទ្យាសាស្ត្រ​ឆ្នើម​។

​ការ​តាំងបង្ហាញ​ទាំងនេះ​បង្ហាញ​មុខ​អ្នក​ស្រាវជ្រាវ​ រួម​ជាមួយ​ព័ត៌មាន​សង្ខេប​អំពី​ការងារ​ ការ​រកឃើញ​ ​និង​ស្នាដៃ​សំខាន់​ៗ​របស់​ពួកគេ​។

​អ្នក​វិទ្យាសាស្ត្រ​ដែល​ត្រូវ​បាន​បង្ហាញ​នៅលើ​ផ្ទាំង​ប៉ាណូ ​មាន​អ្នក​ធ្វើការ​ក្នុង​វិស័យ​ជា​ច្រើន រួម​មាន​បច្ចេកវិទ្យា​កសិកម្ម​ ការ​រុករក​អវកាស ការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ ​និង​បញ្ញា​សិប្បនិម្មិត​។

​នៅ​ទីក្រុង​ធំ​ៗ ​ដូចជា​ ប៉េកាំង​ ​និង​សៀង​ហៃ​ ការ​តាំង​បង្ហាញ​ត្រូវ​បាន​ដាក់​នៅ​តំបន់​ដែល​មាន​ចរាចរណ៍​មនុស្ស​ខ្ពស់ ​ដើម្បីឱ្យ​សាធារណជន​អាច​ស្វែងយល់​អំពី​ស្នាដៃ​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​យ៉ាង​ងាយស្រួល​។

​ការ​ផ្លាស់ប្តូរ​នេះ​ក៏​ត្រូវ​បាន​ស្វាគមន៍​ពី​ប្រជា​ពលរដ្ឋ​ ​អ្នក​អប់រំ ​និង​សិស្សា​នុសិស្ស​មួយចំនួន​នៅក្នុង​តំបន់​។ ​អ្នក​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ​យល់​ថា​ ​ការ​បង្ហាញ​អ្នក​វិទ្យាសាស្ត្រ​ជា​សាធារណៈ​អាច​ជួយ​ឱ្យ​កុមារ ​និង​យុវជន​ស្គាល់ ​និង​កោតសរសើរ​អ្នក​ដែល​ចូលរួមចំណែក​ក្នុង​ការ​រកឃើញ ​និង​ការ​ច្នៃប្រឌិត ​ជំនួស​ឱ្យ​ការ​ផ្តោត​តែ​ទៅលើ​តារាក្នុង​វិស័យ​កម្សាន្ត​។

​អង្គការ​វិទ្យាសាស្ត្រ​នានា​ក៏​បាន​លើកឡើង​ថា​ ​ការ​ផ្តល់​កិត្តិយស​ជា​សាធារណៈ​ដល់​អ្នក​ស្រាវជ្រាវ​មាន​សារៈសំខាន់​ ​ព្រោះ​អ្នក​វិទ្យាសាស្ត្រ​ដើរ​តួនាទី​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ ​និង​វឌ្ឍនភាព​របស់​ប្រទេស​។

​ប្រទេស​ចិន​បាន​ចាត់ទុក​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ជា​កម្លាំង​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ​រយៈពេល​វែង​។ ​ជាមួយគ្នា​នេះ​ អាជ្ញាធរ​មាន​គោលបំណង​ពង្រីក​ការ​ផ្សព្វផ្សាយ​អំពី​វិទ្យាសាស្ត្រ​ពី​ទីក្រុង​ធំ​ៗ​ទៅកាន់​ទីក្រុង​តូច​ៗ​ ​និង​បង្កើន​ការ​គាំទ្រ​ដល់​ការ​ស្រាវជ្រាវ​ ​និង​កម្មវិធី​សម្រាប់​យុវជន​។

ការ​លើកតម្កើង​អ្នក​វិទ្យាសាស្ត្រ​តាមរយៈ​ផ្ទាំង​ប៉ាណូ​សាធារណៈ​ ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​វិធី​មួយ​ក្នុង​ការ​បង្កើត​គំរូ​សង្គម​ថ្មី​ ​ដែល​ជំរុញ​ឱ្យ​យុវជន​ចាប់​អារម្មណ៍​លើ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ការ​ច្នៃប្រឌិត ​ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​ពួកគេ​ចូលរួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​នា​ពេល​អនាគត​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា