កាយរឹទ្ធិជាតិកម្ពុជា រកឃើញវិទ្យាល័យ ៣ ជាប់ជ័យលាភីគម្រោងឆ្នើម ឆ្នាំ២០២៦ ក្នុង «កម្មវិធីអ្នកនាំសារសន្តិភាព» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាយរឹទ្ធិជាតិកម្ពុជា រកឃើញវិទ្យាល័យ ៣ ជាប់ជ័យលាភីគម្រោងឆ្នើម ឆ្នាំ២០២៦ ក្នុង «កម្មវិធីអ្នកនាំសារសន្តិភាព»

កាយរឹទ្ធិជាតិកម្ពុជា រកឃើញវិទ្យាល័យ ៣ ជាប់ជ័យលាភីគម្រោងឆ្នើម ឆ្នាំ២០២៦ ក្នុង «កម្មវិធីអ្នកនាំសារសន្តិភាព»

បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល ៦ខែ​ ទីបំផុតគណៈកម្មការបានរកឃើញ វិទ្យាល័យចំនួន ៣ បានជាប់ជ័យលាភីក្នុងការប្រកួតគម្រោងឆ្នើម ឆ្នាំ២០២៦ នៃកម្មវិធីអ្នកនាំសារសន្តិភាព (អ.ស.ស.)។ ពិធីប្រកាស​ពីជ័យលាភីនេះ បានធ្វើ​ឡើង​កាលពីចុងសប្តាហ៍​កន្លងទៅនេះ នៅមជ្ឈមណ្ឌលម៉ានី KAMPUS​។

វិទ្យាល័យទាំង៣ ដែលត្រូវបានវាយតម្លៃ និងប្រគល់ជូនបណ្ណសញ្ញាកង “ទូតសន្តិភាព” និងកន្សែងអ្នកនាំសារសន្តិភាព គម្រោងឆ្នើមឆ្នាំ២០២៦ រួមមាន  ១-កងឯកភាពវិទ្យាល័យ សម្តេច ជា ស៊ីម អំពិល ខេត្តស្វាយរៀង សរសេរគម្រោង “ការកសាងវប្បធម៌សន្តិភាពនៅក្នុងសាលារៀន”, ២-កងឯកភាពវិទ្យាល័យ រមាសហែក ខេត្តស្វាយរៀង សរសេរគម្រោង “ដាំពន្លកសីលធម៌ បណ្ដុះអំពើល្អ” និង ៣-កងឯកភាពវិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្តាល សរសេរគំនិតផ្តួចផ្តើមគម្រោង “សេរីភាពនៃបេះដូងសន្តិភាព”។

ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីអ្នកនាំសារសន្តិភាព (អ.ស.ស.) រៀបចំឡើងដើម្បីជំរុញលើកទឹកចិត្ត និងបំផុសគំនិតផ្តួចផ្តើមសន្តិភាពដល់កាយរឹទ្ធិ ឱ្យរៀបចំគម្រោងសកម្មភាពនៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍។ គំនិតផ្តួចផ្តើម អ.ស.ស. ត្រូវបានបង្កើតឡើង ដើម្បីសម្រេចតាមផែនការយុទ្ធសាស្រ្តរបស់កាយរឹទិ្ធជាតិកម្ពុជា ការិយាល័យកាយរឹទ្ធិប្រចាំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអង្គការពិភពលោកនៃចលនាកាយរឹទ្ធិ។ លើសពីនេះ គំនិតផ្តួចផ្តើម អ.ស.ស. លើកទឹកចិត្តដល់សមាជិកកាយរឹទិ្ធជាតិកម្ពុជា ទាំងអស់ចូលរួមការងារស្ម័គ្រចិត្តនៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ ព្រមទាំងជួយគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ។

ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទិ្ធជាតិកម្ពុជា

អនុប្រធានកាយរឹទិ្ធជាតិកម្ពុជា បានផ្តល់អនុសាសន៍ដល់ប្រតិភូកាយរឹទ្ធិជំទង់ទាំងអស់ នៅពេលនិយាយអំពីសន្តិភាព គឺត្រូវគិតថា សន្តិភាព គឺជាការងារប្រទេសជាតិ ឬពិភពលោក។ សន្តិភាពពិតប្រាកដ គឺផ្តើមចេញពីខ្លួនយើងម្នាក់ៗ។ ក្មួយៗ ត្រូវរៀបចំខ្លួនឱ្យក្លាយជា “អ្នកនាំសារសន្តិភាព” គឺចាប់ផ្តើមពីខ្លួនយើង ដែលត្រូវគិតពីផលប្រយោជន៍សាលារៀន និងសហគមន៍។

ឯកឧត្តម សេរី ជំនះ បន្ថែមថា កាយរឹទ្ធិល្អ ឬកាយរឹទ្ធិឆ្នើម មិនត្រឹមតែគ្រាន់ជាការនិយាយតែប៉ុណ្ណោះទេ គឺត្រូវផ្តើមចេញសកម្មភាព និងការធ្វើអំពើល្អ ស្របតាមគោលការណ៍គ្រឹះនៃចលនាកាយរឹទ្ធិ។ ទន្ទឹមគ្នានេះ ក្មួយៗកាយរឹទ្ធិ គឺជាកែវភ្នែករបស់សាលារៀន និងសង្គមជាតិ។

រដ្ឋលេខាធិការ ក្រសួអប់រំ បញ្ជាក់ថា គម្រោងល្អ ឬគម្រោងឆ្នើម មិនចាំបាច់មានថវិកាច្រើន មានមនុស្សចូលរួមច្រើន ឬមានវិសាលភាពធំជាងគម្រោងដទៃនោះទេ។ គម្រោងល្អ គឺជាគម្រោងដែលដោះស្រាយបញ្ហាពិតប្រាកដ ហើយឆ្លើយតបតាមតម្រូវការពិតប្រាកដ និងបង្កើតឱ្យមានការផ្លាស់ប្តូរពិតប្រាកដនៅក្នុងសង្គម។ លើសពីនេះ គម្រោងរបស់យុវជន ត្រូវតែជាយុវជនមានភាពជាម្ចាស់លើការរៀបចំគម្រោងនោះ។ លើសពីនេះ លោកគ្រូ អ្នកគ្រូ ក៏អាចផ្តល់មតិយោបល់បន្ថែម និងការគាំទ្រធនធានផ្សេងៗ។ គម្រោងទាំងនោះ យុវជនខ្លួនឯង ជាអ្នកអនុវត្តផ្ទាល់ ដើម្បីមានសមត្ថភាពដោះស្រាយបញ្ហា ធ្វើការងារជាក្រុម និងបង្ហាញភាពជាអ្នកដឹកនាំ។

ឯកឧត្តម សេរី ជំនះ បន្ថែមទៀតថា កម្មវិធីអ្នកនាំសារសន្តិភាព គឺការសិក្សាបែបអនុវត្តគម្រោង ដែលឆ្លើយតបទៅនឹងសសរស្តម្ភទាំង៤ នៃការអប់រំ នៃអង្គការយូណេស្កូ។ ឯកឧត្តមបន្តថា គម្រោងល្អ មិនត្រូវបញ្ចប់ត្រឹមថ្ងៃប្រកាសលទ្ធផលនៃការប្រកួតនោះទេ។ ដូច្នេះក្មួយៗ ត្រូវគិតនិងត្រូវបន្តការអនុវត្តគម្រោងនេះនៅក្នុងសាលារៀន ដោយត្រូវកំណត់អ្នកទទួលខុសត្រូវលើគម្រោងនេះបន្ត។

សូមជម្រាបជូនថា សម្រាប់ការប្រកួតគម្រោងឆ្នើមឆ្នាំ២០២៦ កម្មវិធីអ្នកនាំសារសន្តិភាព នេះ មានកាយរឹទិ្ធជំទង់ ៥ល្បាតចូលរួម ដូចជា ១- កងឯកភាពវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ខេត្តកណ្តាល សរសេរគម្រោង “សាលារៀនជាទីជម្រកទីពីរ គ្មានហិង្សាគ្មានការរើងអើង”, ២- កងឯកភាពវិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្តាល សរសេរគំនិតផ្តួចផ្តើមគម្រោង “សេរីភាពនៃបេះដូងសន្តិភាព”៣- កងឯកភាពវិទ្យាល័យ ជា ស៊ីម សាមគ្គី រាជធានីភ្នំពេញ សរសេរគម្រោង “សន្តិភាពក្នុងសាលារៀនក្នុងយុគសម័យឌីជីថល”, ៤- កងឯកភាពវិទ្យាល័យ សម្តេច ជា ស៊ីម អំពិល ខេត្តស្វាយរៀង សរសេរគម្រោង “ការកសាងវប្បធម៌សន្តិភាពនៅក្នុងសាលារៀន” និង៥- កងឯកភាពវិទ្យាល័យ រមាសហែក ខេត្តស្វាយរៀង សរសេរគម្រោង “ដាំពន្លកសីលធម៌ បណ្ដុះអំពើល្អ”។

ក្នុងរយៈពេល ៦ខែនៃការប្រកួត ក្រុមទាំងអស់ត្រូវអនុវត្តសកម្មភាព ៤ដំណាក់កាល ដែលមានសកម្មភាព ដូចជា ការបណ្តុះបណ្តាល ការអភិវឌ្ឍសមត្ថភាព ការចុះសិក្សាស្រាវជ្រាវ និងប្រកួតគម្រោងឆ្នើមប្រចាំឆ្នាំ ដើម្បីទទួលបាននូវបណ្ណសញ្ញា និងកន្សែងអ្នកនាំសារសន្តិភាព។ ចុងបញ្ចប់កម្មវិធី គម្រោងឆ្នើមទាំងអស់ ត្រូវបង្ហោះនៅលើគេហទំព័រផ្លូវការរបស់អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ និងកាយរឹទិ្ធជាតិកម្ពុជា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា