កម្ពុជារំពឹងទទួលបានប្រយោជន៍ជាច្រើនពីកិច្ចប្រជុំវិទ្យាសាស្ត្រ​ហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក (CSFAP) កម្រិតតំបន់ និងអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជារំពឹងទទួលបានប្រយោជន៍ជាច្រើនពីកិច្ចប្រជុំវិទ្យាសាស្ត្រ​ហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក (CSFAP) កម្រិតតំបន់ និងអន្តរជាតិ

កម្ពុជារំពឹងទទួលបានប្រយោជន៍ជាច្រើនពីកិច្ចប្រជុំវិទ្យាសាស្ត្រ​ហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក (CSFAP) កម្រិតតំបន់ និងអន្តរជាតិ

កម្ពុជារំពឹងទទួលបានផលប្រយោជន៍ជាច្រើនទាំងផ្នែកវិទ្យាសាស្ត្រ ការស្រាវជ្រាវ កិច្ចសហប្រតិបត្តិការអន្តរជាតិ ពីការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី វេទិកាវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក (CSFAP) លើកទី១ ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងរាជធានីភ្នំពេញ។

លោក អ៊ឹម ក្រាវង្ស តំណាងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំនៅកម្ពុជាបានផ្តល់បទសំភាសន៍ដល់ AMS ថា ការរៀបចំកម្មវិធីនេះ គឺជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពីសក្តានុពលរបស់កម្ពុជាលើវិស័យឧត្តមសិក្សា និងការស្រាវជ្រាវ ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យកម្ពុជា ជាមួយស្ថាប័នអប់រំ និងដៃគូអន្តរជាតិ។

លោកបានបញ្ជាក់ថា កម្មវិធីរយៈពេល៣ថ្ងៃនេះ ត្រូវបានរៀបចំជាបីដំណាក់កាលសំខាន់ៗ ដោយ​នៅថ្ងៃទី១០ ខែវិច្ឆិកា ជាថ្ងៃបើកកម្មវិធី និងការជួបជុំដើម្បីពិភាក្សាអំពីស្ថានភាពឧត្តមសិក្សា និងការស្រាវជ្រាវនៅកម្ពុជា។

នៅថ្ងៃទី១១ ខែវិច្ឆិកា នឹងមានកិច្ចប្រជុំថ្នាក់ដឹកនាំ និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសមាជិក AUF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិភាក្សា និងរៀបចំទិសដៅយុទ្ធសាស្ត្រសម្រាប់បេសកកម្មរយៈពេល៤ឆ្នាំ គឺពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៩។ ចំណែកថ្ងៃទី១២ ខែវិច្ឆិកា នឹងមានសន្និសីទអន្តរជាតិ ដោយមានការចូលរួមពីអ្នកស្រាវជ្រាវ អ្នកជំនាញ និងដៃគូសហប្រតិបត្តិការមកពីប្រទេសជាច្រើន។

លោក អ៊ឹម ក្រាវង្ស បានឱ្យដឹងថា សន្និសីទអន្តរជាតិនេះនឹងផ្តោតលើប្រធានបទសំខាន់ៗចំនួន៤ រួមមាន៖ អភិបាលកិច្ចសាកលវិទ្យាល័យ ការស្រាវជ្រាវវិទ្យាសាស្ត្រ ការកសាងបណ្តាញ និងភាពជាដៃគូរវាងសាកលវិទ្យាល័យ និងការធ្វើអន្តរជាតូបនីយកម្មនៃសាកលវិទ្យាល័យ។ លទ្ធផលនៃកិច្ចពិភាក្សានឹងត្រូវប្រមូលចងក្រងជារបាយការណ៍ ដើម្បីជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការពេលអនាគត។

ជាមួយគ្នានេះ លោកបានលើកឡើងថា ការរៀបចំកម្មវិធីនេះនឹងផ្តល់ឱកាសឱ្យសាកលវិទ្យាល័យកម្ពុជាបង្ហាញពីសមត្ថភាព សមិទ្ធផល និងទិសដៅអភិវឌ្ឍន៍របស់ខ្លួនទៅកាន់សហគមន៍អន្តរជាតិ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះអាចជួយទាក់ទាញសាកលវិទ្យាល័យ និងដៃគូបរទេសឱ្យចាប់អារម្មណ៍លើការសហការជាមួយកម្ពុជា តាមរយៈការផ្លាស់ប្តូរនិស្សិត អ្នកស្រាវជ្រាវ អ្នកជំនាញ និងការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា។

លោកបានបន្ថែមថា កម្មវិធីនេះមានអ្នកចូលរួមជាង២០០នាក់ មកពីតំបន់ និងទ្វីបផ្សេងៗជុំវិញពិភពលោក ដែលនឹងក្លាយជាឱកាសសម្រាប់ការចែករំលែកបទពិសោធន៍ ចំណេះដឹង និងសមិទ្ធផលនៃការស្រាវជ្រាវ ព្រមទាំងជួយឱ្យអ្នកចូលរួមអន្តរជាតិបានស្វែងយល់កាន់តែច្បាស់អំពីសមត្ថភាពរបស់កម្ពុជា។

លោកបានចាត់ទុកអ្នកចូលរួមអន្តរជាតិទាំងនេះថា ជាអ្នកផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោក តាមរយៈបទពិសោធន៍ផ្ទាល់របស់ពួកគេអំពីសង្គម វប្បធម៌ បរិយាកាសសន្តិភាព និងការរីកចម្រើនរបស់ប្រទេសកម្ពុជា។

សូមជម្រាបថា ការធ្វើជាម្ចាស់ផ្ទះរៀបចំ CSFAP លើកទី១ មិនត្រឹមតែជាការបង្កើនឱកាសផ្លាស់ប្តូរចំណេះដឹង និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាមួយសម្រាប់ផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជា និងបង្កើនការយល់ដឹងរបស់សហគមន៍អន្តរជាតិអំពីប្រទេសកម្ពុជា ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍលើវិស័យអប់រំ ស្រាវជ្រាវ និងទេសចរណ៍ផងដែរ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា